ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបង្កើតយុទ្ធនាការ «អំណានក្នុងសន្តិភាព ៩០០០ ក្បាល» ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យតេជោ
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបង្កើតយុទ្ធនាការ «អំណានក្នុងសន្តិភាព៩ ០០០ ក្បាល»ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យតេជោសន្តិភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយពុទ្ធិកបានអំពាវនាវឱ្យមានការរួមគ្នាបរិច្ចាគសៀវភៅអានម្នាក់មួយក្បាល ដាក់បណ្ណាល័យដើម្បីសាងជាតិ ឱ្យខ្លាំង និងរុងរឿង។
ការបង្កើតយុទ្ធនាការនេះ គឺក្នុងគោលដើម្បីបំផុសគំនិតសមណនិស្សិត និស្សិតឱ្យស្រឡាញ់ការសិក្សារៀនសូត្រ ស្រឡាញ់គតិបណ្ឌិត និងពិសេសឱ្យចេះគាំទ្រស្នាដៃនិពន្ធ និងការគោរពស្រឡាញ់គ្នា ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិ សាសនា និងព្រះមហាក្សត្រ។
ទាក់ទងនឹងការបង្កើតយុទ្ធនាការនេះ លោក ឈត ប៊ុនថន មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២ ខែកក្កដា បានបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះយុទ្ធនាការអំណាននេះទោះបីក្នុងរូបភាពណាមួយក៏ដោយ ព្រោះវាបានផ្តល់ប្រយោជន៍ និងចំណេះដឹងដល់សិស្ស និស្សិតទូទៅ ។
លោកបានប្រាប់ឱ្យដឹងថា ៖ «យុទ្ធនការនេះ គឺជាចំណុចចាប់ផ្តើមដ៏ល្អបំផុត ដោយសារតែមនុស្សមួយចំនួន នាពេលបច្ចុប្បន្ននេះ មិនសូវចាប់អារម្មណ៍លើការអានសៀវភៅនោះទេ ពួកគេចូលចិត្តអានតែខ្លឹមសារខ្លី ដែលគេបង្ហោះនៅតាមបណ្តាញសង្គម ដូចជាហ្វេសប៊ុកជាដើម»។
ទោះជាយ៉ាងណាលោក លោក ឈត ប៊ុនថន បានលើកឡើងដែរថា ការអានសារខ្លីៗ មិនមែនមានន័យថា អត់ប្រយោជន៍នោះទេ ប៉ុន្តែអ្នកអានមិនបានយល់ខ្លឹមសារទាំងមូលដូចអាននៅក្នុងសៀវភៅនោះទេ ខណៈនៅក្នុងសៀវភៅ គេសរសេរមានខ្លឹមសារពេញលេញ និងមានចំណេះដឹងច្រើន។
លោកថ្លែងថា ៖ «សម្រាប់ខ្ញុំ យុទ្ធនាការនេះ វាផ្តល់សារៈប្រយោជន៍ដល់អ្នកអានទូទៅ ហើយមានចំណេះដឹងច្រើន ដែលយើងអាចយកមកដោះស្រាយបញ្ហាសង្គមបាន»។
ដោយ៖គឹម យុត្ថារ៉ូ

