ក្រសួងសុខាភិបាល នឹងផ្អាកចាក់វ៉ាក់សាំងកូវីដ១៩ រយៈពេលបីថ្ងៃ ក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិ
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងពីការឈប់សម្រាកនូវការចាក់វ៉ាក់សាំងកូវីដ១៩ចំនួនបីថ្ងៃ ក្នុងកំលុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
តាមរយៈសេចក្តីជូនដំណឹងនេះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា រយៈពេលបីថ្ងៃក្នុងកំលុងពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ការចាក់វ៉ាក់សាំងកូវីដ១៩នឹងត្រូវផ្អាក ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ដើម្បីជាការបង្កលក្ខណៈងាយស្រួល ក៏ដូចជាទុកពេលឱ្យមន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋបានត្រៀមខ្លួន ហើយមានពេលទៅចូលរួមបោះឆ្នោតឱ្យបានច្រើនកុះករនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។
លោកជំទាវបានបញ្ជាក់ថា ៖ «ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នឹងត្រូវដំណើរការប្រក្រតីឡើងវិញនៅថ្ងៃទី២៥ ខែកក្កដា ដែលមានក្រុមការងារត្រៀមរួចរាល់ ក្នុងការធានាដើម្បីឱ្យប្រជាពលរដ្ឋអាចចាក់វ៉ាក់ស៊ាំងបានឡើងវិញធម្មតានៅថ្ងៃនោះ»។
ជុំវិញការចាក់វ៉ាក់សាំងកូវីដ១៩នេះដែរ លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែកក្កដាថា ក្នុងនាមជាខេត្តជាប់ព្រំដែន ចំពោះការផ្អាកចាក់វ៉ាក់សាំងកូវីដ១៩ រយៈពេលបីថ្ងៃ ក្នុងអំឡុងការបោះឆ្នោតនេះ មិនមានផលប៉ះពាល់អ្វីឡើយសម្រាប់ប្រជាពលរដ្ឋទូទាំងខេត្ត ខណៈភាគច្រើនពលរដ្ឋទទួលបានវ៉ាក់សាំងកូវីដ១៩ទាំងដូសមូលដ្ឋាន និងដូសជំរុញផងដែរ។
លោកបញ្ជាក់ថា ដូច្នេះ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ បានទទួលវ៉ាក់សាំងទាំងដូសមូល ដ្ឋាន និងដូសជំរុញបានគ្រប់ៗគ្នាទាំងអស់ អ៊ីចឹងវាមិនមានការព្រួយបារម្ភនោះទេ ចំពោះការផ្អាករយៈពេល៣ថ្ងៃហ្នឹង ដែលយើងកំពុងរៀបចំការបោះឆ្នោតជាតិ។
ដោយឡែកលោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ ក៏បានឱ្យដឹងដែរថា អាជ្ញាធរខេត្ត បានអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ក៏បានទទួលវ៉ាក់សាំងកូវីដ១៩ គ្រប់ដូសទាំងអស់ហើយដែរ ដូចនេះ ទោះបីជាក្រសួងបានផ្អាកការចាក់វ៉ាក់សាំង ក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិក៏ដោយមិនមានជាបញ្ហានោះដែរ។
លោក ឡុង ឌីម៉ង ថ្លែងថា ៖ «អ៊ីចឹង! វាមិនមានជាផលរំខានអ្វីឡើយសម្រាប់ប្រជាពលរដ្ឋ ទោះបីជាក្រសួងផ្អាករយៈពេល ៣ថ្ងៃ ក្នុងការចាក់វ៉ាក់សាំងក៏ដោយ ពីព្រោះស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋក្នុងខេត្តយើង ក៏មិនអាចមានករណីផ្ទុះឡើងនូវជំងឺកូវីដ១៩នោះដែរ»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ លទ្ធផលការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មានចំនួន ៩៥,៦២ភាគរយ៕
ដោយ៖ជា សុខនី


