Youtuber វ័យក្មេងចែករំលែកបទពិសោធជោគជ័យក្នុងការបង្កើតមាតិកា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកបង្កើតមាតិកា ឬ គេនិយមហៅថាជា Youtuber ជាអាជីពមួយកំពុងមានប្រជាប្រិយភាព ពិសេសសម្រាប់យុវជនជំនាន់ក្រោយដែលមានគំនិតថ្មីៗក្នុងការផលិតវីដេអូដែលមានភាពទាក់ទាញ មានអ្នក​​ស្គាល់ច្រើន និងអាចរកចំណូលបានគួរសមថែមទៀតផង​។

ក្នុងនោះ អ្នកបង្កើតមាតិកាផ្ដោតលើការសម្រាយរឿងម្នាក់ដែលកំពុងមានប្រជាប្រិយភាព បានចែករំលែកបទពិសោធជោគជ័យក្នុងអាជីពនេះ ទោះបី​រូបគេ​ត្រូវរៀននៅសាកវិទ្យាល័យដល់ទៅពីរជំនាញក៏ដោយ។ ​

លោក ថុន គីមហេង ឬគេស្គាល់ជាទូទៅថា Oppa Heng ជាអ្នកផលិតវីដេអូសម្រាយរឿងម្នាក់ ដែល​មានស្រុកកំណើតនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។យុវជននេះ ក៏ជានិ​ស្សិត​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ​និងជានិស្សិតនៃដេប៉ា​តឺម៉ង់ភាសាបរទេសផងដែរ។ ​

សម្រាប់ការបែងចែកពេលវេលាយុវជនវ័យ ២២ឆ្នាំរូបនេះ រៀបរាប់ដែរថា នៅពេលចាប់ផ្ដើមផលិតដំបូង លោកពុំសូវផ្ដោតខ្លាំងទៅលើការផលិតវីដេអូប៉ុន្មានទេ ដោយសារជាវ័យត្រូវសិក្សាថែមទាំងរៀនពីរជំនាញថែ​មទៀត ប៉ុន្តែ​ការ​បន្តផលិតយូរៗ​ ធ្វើ​ឱ្យ​លោក​ដឹងថា អាជីពនេះជាអាជីពដែលលោក​ស្រឡាញ់មិនអាចខ្វះ​បាន ទើបលោកព្យាយាមរំលែកពេលវេលាកាន់តែច្រើនមកផ្ដោតលើការផលិតវីដេអូវិញ។ ​

លោក ថុន គីមហេង បញ្ជាក់ថា ​៖ «ខ្ញុំបានផ្ដោតលើការផលិតមាតិកាជាការសិក្សាដោយសារយើងទៅរៀនរាល់ថ្ងៃ គឺសាលាមានជំនាញជាច្រើនដើម្បីឱ្យរៀន និងស្វែងរកជំនាញខ្លួនឯង ហើយខ្ញុំក៏អាចរកឃើញហើ​យទើបខ្ញុំផ្ដល់សារៈសំខាន់ទៅលើការផលិតមាតិកាច្រើនជាង ពោលគឺធ្វើអ្វីដែលខ្លួនខ្ញុំស្រឡាញ់ជារឿងច​ ម្បង»។

បច្ចុប្បន្នយុវជន គីមហេង មាន ឆេណែល(channel) យូធូបចំនួនបួនផ្សេងៗគ្នាដែល channel ដើមមានអ្នក subscribe ដល់ទៅជាង ៧០ ម៉ឺននាក់ និងអាចរកចំណូលបានច្រើន ទាំង​ពីក្រុមហ៊ុនយូធូបផង​ និងអ្នកដែ​លទាក់ទងផ្សាយពាណិជ្ជកម្ម​ពីផលិតផល ឬសេវាកម្មផ្សេងទៀតផង។ ​​

នៅពេលចាប់ផ្ដើមដំបូងគេពុំបានគិតពីរឿងលុយជាធំនោះទេ ដោយសារពេលនោះជាពេ​លដែលគេបិទការរកចំណូលពីប្រព័ន្ធយូធូបដែលធ្វើឱ្យអ្នកបង្កើតមាតិកាជាច្រើនបានបោះបង់ តែ គីម​ហេង បែរជាខិតខំរកអ្វីថ្មីៗ បន្ថែមទៀតដោយសារជាអាជីពដែលខ្លួនស្រឡាញ់។​

លោកបានប្រាប់ថា ៖ «នៅពេលដែលចូលទៅមើលព័ត៌មាន​ពីវីដេអូដែលខ្ញុំផលិត ខ្ញុំមិនបានមើលពីចំនួនលុ​យដែលវីដេអូនោះរកបាននោះទេ តែខ្ញុំមើលពីចំនួនអ្នកមើល អ្នកចូលចិត្ត ហើយមានមតិយោបល់អ្វីខ្លះនិ​យាយអ្វីពីវីដេអូខ្ញុំ»។ ​

គួរបញ្ជាក់ដែរថា លោក ថុន គីមហេង ឬ​Oppa Heng បានចាប់ផ្ដើមផលិតមាតិកាលើប្រព័ន្ធយូធូបតាំងពីឆ្នាំ ២០១៨ តែមានគេទទួលស្គាល់ និងចាប់ផ្ដើមសម្រាយរឿងនៅខែមីនា ឆ្នាំ២០២១។ លោកបញ្ជាក់ពីមូ​លហេតុផងដែរថា ៖ «​ខ្ញុំធ្វើវីដេអូសម្រាយរឿង ​ដោយសារបងៗអ្នកមើលរឿងនាពេលបច្ចុប្បន្នពុំមានពេលវេលាច្រើនក្នុងការតាមដានសាច់រឿងដល់ទៅ ១-២ម៉ោងនោះទេ ទើបខ្ញុំផលិតជាវីដេអូសម្រាយរឿងខ្លីត្រឹម ៣០នាទី វិញដោយការ​បន្ថែមនូវពាក្យពេចន៍កំប្លែង ធ្វើយ៉ាងណាឱ្យអ្នកស្ដាប់ និងទស្សនាទទួលបាននូវអា​រម្មណ៍មួយថ្មីប្លែកខុសពីការមើលរឿងពេញ»។ ​

លោកបន្ថែមថា មិនត្រឹមតែចំណេញពេលនោះទេ វីដេអូសម្រាយរឿងក៏អាចជួយសម្រួលដល់អ្នកដែលមិនសូវចេះភាសា ក៏អាចមើល និងយល់ពីសាច់រឿងដែលពួកគាត់ចង់មើលបាន។ ណាមួយ លោកក៏មើលឃើ​ញពីសក្ដានុពលនៃការផលិតមាតិកា ពិសេសលើបណ្ដាញយូធូប ដែលដើមឡើយយើងចាប់ផ្ដើមធ្វើ vlog ធ្វើ reaction និងថតជាវីដេអូលេងហ្គេមជាដើម ហើយក៏ផ្លាស់ប្ដូរមកផលិតសម្រាយរឿង និងមានអ្នកស្គា​ល់រហូតដល់បច្ចុប្បន្ននេះ​។​

មនុស្សម្នាចាប់ផ្ដើមស្គាល់ Oppa Heng បន្ទាប់ពីការផលិតប្រមាណ១០ វីដេអូ ដែលគេបានមើលឃើញពីកា​រខិតខំប្រឹងប្រែងផលិត គេចូលចិត្ត និងគាំទ្រ ដែលជាពេលមួយធ្វើឱ្យអ្នកបង្កើតមាតិការូបនេះមានអា​រម្មណ៍ថា លែងឯកាទៀតហើយ ពោលគឺមានអ្នកមើលវីដេអូរបស់លោក​ច្រើន​។​

ទន្ទឹមគ្នានេះដែរ ការងារអ្វីក៏មានបញ្ហាប្រឈមផងដែរ តួយ៉ាង Youtuber ​បានជួបផលលំបាកផងដែរ​ គឺទាក់ទងនឹងប​ច្ចេកទេសកាត់ត ដោយសារវីដេអូសម្រាយរឿង ​ត្រូវយកវីដេអូរឿងរបស់គេមកកាត់ និងបញ្ចូលសំឡេងយ៉ាងណាឱ្យត្រូវតាមគោលការណ៍របស់យូធូបទើបគេអនុញ្ញាតឱ្យផ្សព្វផ្សាយបាន។ ​

លោក ថុន គីមហេង បន្ថែមទៀតថា ៖ «យើងត្រូវយល់ដឹងពីគោលការណ៍ផ្សេងៗ និងរបៀបយកវីដេអូម​កប្រើ​ដែលទាមទារឱ្យយើងរៀនសូត្រ និងអនុវត្តជារឿយៗ។​ ណាមួយ យើងត្រូវមានភាពច្នៃប្រឌិតខ្ពស់ក្នុងការបកប្រែរឿងបរទេស ក៏ដូចជារៀបពាក្យពេចន៍ធ្វើយ៉ាងណាឱ្យអ្នកស្ដាប់អាចងាយស្រួលយល់ និងត្រូវជាមួយនឹងន័យដើមរបស់រឿង ហើយដំបូងៗក៏ពុំមានអ្នកមើលច្រើនដែរ តែចេះតែព្យាយាមដោយសារស្រ​ឡាញ់អាជីពនេះ»។​

ដោយឡែកពេលផលិតដំបូង អ្នកដែលចូលមើលវីដេអូដែលបានផុសហើយនោះគឺរូបលោកខ្លួនឯង បន្ទាប់មកអ្នកដែលបាន subscribeដំបូងគេបងស្រីរបស់លោក ហើយបន្តបន្ទាប់​ទើបមានមិត្តភក្ដិដែលជាអ្នក​ជួយគាំទ្រលោក​ជារឿយៗ។

ចំណែកអ្នកដែលជំរុញទឹកចិត្តយុវជនរូបនេះគឺអ្នកនៅជុំវិញខ្លួន ដូចជាក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកទស្សនា​ទាំងអស់ដែលតែងតែគាំទ្រ និងស្រឡាញ់ចូលចិត្ត ដោយសារតែការផលិតវីដេអូ ​ត្រូវការជាចំបាច់នូវអ្ន​កមើល និងជួយចែករំលែកបន្តដែលធ្វើឱ្យវីដេអូនោះកាន់តែល្បីល្បាញ។  ​

អ្នកផលិតមាតិកាបែបសម្រាយរឿងរូបនេះ ក៏បាន​ផ្តាំផ្ញើ​ដល់អ្នកដែលស្រឡាញ់អាជីពនេះដែរថា បើសិនជាអ្នកស្រឡាញ់អ្វីមួយអ្នកគួរតែចាប់ផ្ដើមធ្វើវា ទោះបីអ្នកមិនទាន់ប្រាកដ១០០ភាគរយក៏ដោយ ព្រោះវាសុទ្ធសឹងតែជាមេរៀនដែលបង្រៀនពីអ្វីដែលអ្នកចង់ធ្វើពិតប្រាកដ។​

មួយវិញទៀត អ្នកផលិតក៏ត្រូវតែត្រៀមចិត្តផងដែរ ដោយសារការចាប់ផ្ដើមពីចំណុចដំបូងគឺត្រូវឆ្លងកាត់នូវភា​ពឯកា គ្មានអ្នកគាំទ្រ និងជួបកត្តាប្រឈមផ្សេងៗទៀតទើបរកអ្វីដែលជាខ្លួនឯងបាន តែយ៉ាងណា Youtuber រូបនេះក៏លើកទឹកចិត្ត និងរីករាយក្នុងការចែករំលែកបទពិសោធដល់អ្នកដែលចាប់អារម្មណ៍លើវិស័យមួយនេះផងដែរ៕  

 ​ដោយ៖នី ស្រីពៅ

ads banner