ក្រុមយុវជនខ្មែរជោគជ័យលើ «ឧបករណ៍វាស់ទឹកភ្លៀង» ចង់កែប្រែឧបករណ៍ខ្លួនឱ្យទៅជាផលិតផលឧស្សាហកម្ម

អត្ថបទដោយ៖
CPA

​ភ្នំពេញ៖ នៅក្នុងការប្រកួត Mekong River Commission ឬ​ MRC Competition ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេ​​កវិទ្យាកម្ពុជាបានបង្កើតឧបករណ៍វាស់ទឹកភ្លៀងដែលមានឈ្មោះថា «Spinning Bucket Rain Gauge»ដើម្បីចូលរួមប្រកួតប្រជែងដោយគំនិតនិងវិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។

នៅក្នុង​កម្មវិធីប្រកួតប្រជែងនេះ​ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬTechno ទទួលបានជយលាភី​លេខ១លើប្រភេទវិញ្ញាសាការបង្កើតឧបករណ៍វាស់ទឹកភ្លៀង ដែលការប្រកួតនេះបានប្រព្រឹត្តទៅនៅប្រ​ទេ​សឡាវក្នុងកម្មវិធីសន្និសីទអន្តរជាតិនិងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ(4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

កន្លងផុតទៅជាងបីខែសមាជិកម្នាក់នៃក្រុមមួយនេះចង់ឃើញឧបករណ៍របស់គេ​ក្លាយជា ផលិតផលឧ​ស្សាហកម្ម ដើម្បីប្រើប្រាស់ជាប្រយោជន៍ជាតិបាន។ យុវជន ជា ផេង​អ៊ូ អ្នកតំណាង និងជាសមាជិកម្នាក់នៃក្រុមផលិតនេះ បានឱ្យដឹងថា ទាក់ទងនឹងការផលិត​ គឺក្រុមរបស់លោក​ រង់ចាំខាងក្រុមហ៊ុន ឬស្ថាប័នមកសហការជាមួយផ្ទាល់។

លោក​បានឱ្យដឹងថា លោក​នៅ​តែ​គិត​ពី​សុឆន្ទៈ​របស់​ MRC ដោយ​សារ​គេ​បង្កើត​កម្ម​វិធី​នេះ​អស់​ច្រើ​ន​​​ រួម​ទាំង​មាន​ការ​ចូល​រួម​ពី​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ ដែល​លោក​គិត​ថា​ក្នុង​ការ​ចូល​រួម​កម្មវិធី​នេះ​គឺគេ​​នឹង​មិន​ទុកក្រុម​លោក​​ចោល​ទេ​ ម្យ៉ាងក្រុម​របស់​លោក​​ជា​ម្ចាស់​ជយ​លាភី ​តែគ្រាន់តែមិនទាន់ដឹងពេលវេលាច្បាស់ ហើយ​ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​បរទេស​ពីរដែល​គេ​បាន​ចូល​មក​ត្រួត​ពិនិត្យ​ឧបករណ៍​របស់​លោកផងដែរ​​។

លោក ជា ផេង​អ៊ូ បានរៀបរាប់ឱ្យដឹង​ថា ៖ «ខ្ញុំគិតថា ជាជាងការរង់ចាំម្ចាស់ជំនួយ ទៅថ្ងៃខាងមុខ ឬមិនយូ​រមិនឆាប់ទេ ខាងក្រសួង ខាងរដ្ឋាភិបាលគាត់នឹងរកក្រុមហ៊ុនក្នុងស្រុក ដើម្បីសិក្សាពីអាកាសធាតុនេះកា​ន់តែសុក្រិតជាងមុន។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណឹង ខ្ញុំគិតថា នឹងមានក្រុមហ៊ុនឯកជន ឬក៏ក្រសួងគា​ត់ នឹងខ្នះខ្នែងក្នុងការបង្កើតឧបករណ៍នេះទៅជាផលិតផលឧស្សហកម្ម ជាជាងយើងធ្វើជោគជ័យហើ​យ តែមិនមានក្រុមហ៊ុនណាដែលសហការដើម្បីបង្កើតជាផលិតផលដើម្បីប្រើប្រាស់បាន»។

យុវជនរូបនេះបានពន្យល់ថា ពី​មុន​ការវាស់​ទឹក​ភ្លៀង​​គឺមាន​វិធីសាស្ត្រ​វាស់​ច្រើនយ៉ាង។ចំណែកឯ​ឧ​បករណ៍​វាស់​កម្ពស់​ទឹក​ភ្លៀង ​គឺ​បង្កើត​មក​ក្នុង​គោលបំណង​ដូចជា​​ព្យាករណ៍​អាកាសធាតុ បញ្ចៀស​ទឹក​ជំនន់ និ​ង​ហេដ្ឋារចនាសម្ព័ន្ធ រំដោះ​ទឹក​។

ក្រោយទទួលបានជោគជ័យនៅក្នុងការប្រកួតប្រជែងនៅ​ប្រទេសឡាវ យុវជនខាងលើក៏បានឱ្យដឹងថា ក្រ​សួងធនធានទឹកក៏បានផ្ដល់សញ្ញាវិជ្ជមានទៅក្រុមខ្លួនផងដែរ ដោយអនុញ្ញាតឱ្យទៅទស្សនាស្ថានីយហើ​យថ្ងៃខាងមុខ ឬឆាប់ៗខ្លួននឹងយកឱកាសមួយនេះដើម្បី​ចុះទៅ។

លោក ជា ផេង​អ៊ូ និយាយថា ៖ « ឯកឧត្តមខាងធនធានទឹកក៏បានសួរ និងផ្ដល់យោបល់ល្អៗដ​ល់ពួកខ្ញុំដែរ ដូចជាបញ្ហាដែលគាត់ជួបប្រទះនូវការវាស់កម្ពស់ទឹកភ្លៀងនៅស្ថានីយវានៅមានបញ្ហាជួបប្រទះ ហើយគាត់ក៏បានយល់ដឹងពី​បច្ចេកវិទ្យាដែលយើងបានចែករំលែកទៅកាន់គាត់ៗ យល់ថាវាល្អ  និ​ងចង់ឃើញយើងផលិត ឆាប់ៗ»។

លោក ជា ផេង​អ៊ូ បានឱ្យដឹងទៀតថា កាលយើងជាប់ជ័យលាភីហ្នឹង យើងក៏មានការរៀបចំស្តង់នៅវៀងចន្ទន៍ ប្រទេសឡាវ គេដាក់ស្តង់រយៈពេលបីថ្ងៃ ដើម្បីឱ្យក្រុមហ៊ុនឯកជន ជាមួយនឹងក្រសួងពាក់ព័ន្ធនានាមកសាកសួរ និងផ្ដោះផ្ដងយោបល់ពាក់ព័ន្ធនឹងបញ្ហាដែលគាត់ជួបប្រទះ ជាមួយនឹងដំណោះស្រាយ»។

ទាក់ទិនទៅនឹងបច្ឆេកទេសនៃឧបករណ៍វិញយុវជន ជា ផេង​អ៊ូ បានរៀបរាប់ឱ្យដឹងត្រួសៗថា ជាទូទៅការបង្កើតគំនិតថ្មីវាពិបាកដែរ សម្រាប់ប្រទេសគេក៏ដូចគ្នាដែរ ដោយ​ត្រូវ​ធ្វើម៉េចឱ្យការវ៉ាស់ស្ទង់មានភាពសុក្រិ​ត ប៉ុ​ន្តែ​ដំ​ណោះស្រាយធំក៏គេនៅមិនទាន់ដោះស្រាយបានដូចគ្នា ដូចជាប្រើយូរទៅ តំណរទឹកដែលនៅជា​ប់គាំ​ង​ក្នុងការជះទឹកចេញហ្នឹងវានៅជាប់ ហើយបើសិនជានៅកន្លែងណាដែលមានអាកាសធាតុពិបាកខ្លាំង គេប្រើដូចជារ៉ាដាវិញ។ ប៉ុន្តែឧបករណ៍នោះមានតម្លៃថ្លៃ មិនអាចដាក់តាមស្ថានីយ ឬក៏ដាក់ទូទាំងប្រទេសដើម្បីសិក្សាកម្ពស់ទឹកភ្លៀងនោះទេ។ ​

លោក ផេង​អ៊ូ បញ្ជាក់ថា ​ឧបករណ៍របស់ក្រុម​លោក​អាចជាដំណោះស្រាយសម្រាប់គ្រប់កាលៈទេសៈទាំង អស់ មិនថាអាកាសធាតុអាក្រក់ប៉ុណ្ណានោះទេ។

ជាមួយគ្នានេះ លោក ជា ផេង​អ៊ូ បានថ្លែងឱ្យដឹងទៀតថា ឧបករណ៍​វាស់​ទឹក​ភ្លៀង​នេះ​កើត​ចេញ ពី​ការ​ស​ហ​ការ​រវាង​ ដេប៉ាតឺម៉ង់​អគ្គិសនី និង​ដេប៉ាតឺម៉ង់​ធារាសាស្ត្រ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិចណូ)។ ការ​ផលិ​​ត​ឡើង​នេះ ​​ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Mekong River Commission ឬ MRC នៅ​ប្រទេស​ឡាវ​ក្នុង​ឆ្នាំ​​ ២០២៣​នេះ។

លោក ជា ផេង​អ៊ូ និយាយថា ៖ «ពួក​យើង​បាន​ចំណាយ​ពេល​ធ្វើ​រយៈ​ពេល​ ៣ខែ ដែល​មាន​សមាជិក​ចំនួន ៤នាក់​ ព្រម​ទាំង​មាន​ការ​ដឹកនាំ​ពី​សាស្ត្រាចារ្យ​។ ក្នុង​ការ​ប្រកួត​នេះ​ដែរ យើង​ទទួល​បាន​ជ័យ​លាភី​លេខ១ ក្នុង​ចំណោម​ប្រទេស​ចំនួន​ដែល​មាន​​កម្ពុជា ឡាវ ថៃ និង​វៀតណាម»៕

ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ

ads banner