ត្រឹមត្រីមាសទី២ សមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការជាងពីរពាន់នាក់
ភ្នំពេញ៖ នាយកដ្ឋានស្តារនីតិសម្បទានៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានបង្ហាញរបាយការណ៍ថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៣នេះ សមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការសរុបជាងពីរពាន់នាក់ ក្នុងនោះស្ដ្រីមានជាងមួយពាន់នាក់ ខណៈដែលចំនួនសមាជិកទាំងនោះ កំពុងទទួលបានការគាំពារពី ប.ស.ស.ផងដែរ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា គិតចាប់ពីខែមេសា រហូតដល់ខែមិថុនា ឆ្នាំ២០២៣ សមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការចំនួន២ ៥៨៥នាក់។ ក្នុងនោះមានជនពិការជាសមាជិក ប.ស.ស. ចំនួន ២ ៥៦១នាក់ បម្រើការងារក្នុងវិស័យឯកជន និងចំនួន ២៤នាក់ បម្រើការងារក្នុងវិស័យសាធារណៈ កំពុងទទួលបានការគាំពារពី ប.ស.ស.។
ទាក់ទងនឹងរបាយការណ៍នេះ លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានប្រាប់ឱ្យដឹងថា មានតែ ប.ស.ស ទេ ដែលដឹងព័ត៌មានជាក់លាក់ពីចំនួនសមាជិករបស់ខ្លួនឯង ដែលរងគ្រោះថ្នាក់រហូតដល់ធ្លាក់ខ្លួនពិការ ពីព្រោះ ប.ស.ស ជាស្ថាប័នដែលផ្ដល់ការគាំពារ និងឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិក។
ក្រៅពីនេះទៀត លោក មឿន តុលា ក៏សន្មតដែរថា មូលហេតុដែលមានចំនួនសមាជិក ប.ស.ស ដែលរងគ្រោះថ្នាក់រហូតដល់ពិការ គឺភាគច្រើនកើតឡើងទៅលើកម្មករកម្មការិនី ដែលបម្រើការងារក្នុងវិស័យរោងចក្រកាត់ដេរ ដោយសារតែពួកគាត់តែងតែធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ ឬពីកន្លែងធ្វើការត្រឡប់មកផ្ទះវិញ។
លោកបានប្រាប់ថា៖ «ការប្រើប្រាស់យាន្តជំនិះរបស់ពួកគាត់ ឬក៏រថយន្តសម្រាប់ដឹកកម្មករ មិនទាន់គោរពតាមស្ដង់ដារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនោះទេ ដែលជាហេតុធ្វើឱ្យមានចំនួនគ្រោះថ្នាក់ចរាចរណ៍ចេះបន្តកើតមានជាបន្តបន្ទាប់ទៅលើកម្មករ»។
លោក មឿន តុលា បន្តថា៖ «សម្រាប់ខ្ញុំ របាយការណ៍នេះ វាជាចំនួនតួលេខច្រើន ដែលសបញ្ជាក់ថាអត្រានៃគ្រោះថ្នាក់ចរាចរណ៍ហ្នឹង មនុស្សធ្លាក់ខ្លួនពិការភាព ឬក៏ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែខ្ពស់ដដែល ហើយរដ្ឋក៏គួររកវិធីសាស្ត្រណាដើម្បីកាត់បន្ថយការគ្រោះថ្នាក់រហូតដល់ពិការភាពដែរ ជាពិសេសគឺពង្រឹងការអនុវត្តច្បាប់ចរាចរណ៍»។
ប្រសិនបើកាត់បន្ថយអត្រាសមាជិក ប.ស.ស ដែលរងគ្រោះថ្នាក់រហូតដល់ធ្លាក់ខ្លួនពិការនេះបាន នោះវានឹងផ្តល់នូវផលចំណេញច្រើនសម្រាប់រាជរដ្ឋាភិបាលដោយមិនចាំបាច់ក្នុងចំណាយថវិការដ្ឋ និងជាពិសេសជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ នេះបើតាមការបន្ថែមពីលោក មឿន តុលា។
សូមរម្លឹកដែរថា កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅនេះ បេឡាជាតិរបបសន្តិសង្គម បានចុះធ្វើការអប់រំ និងផ្តល់លំហែទាំសុខភាពផ្លូវចិត្តដល់សមាជិក ប.ស.ស ដែលរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការ ក្នុងទឹកដីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីធ្វើឱ្យសមាជិកដែលជាជនពិការទាំងនោះមានក្ដីសង្ឃឹមឡើងវិញ នៅក្នុងជីវិតពិការភាពរបស់ខ្លួន។
តាមរយៈប.ស.ស. លោកស្រី រ័ត្ន រ៉ានីន អនុប្រធាននាយកដ្ឋានស្តារនីតិសម្បទា នៃប.ស.ស. បានលើកឡើងថា សុខភាពផ្លូវចិត្ត គឺជាសភាពមួយនៃសុខុមាលភាពរបស់មនុស្សយើង ហើយវាកាន់តែសំខាន់បំផុតសម្រាប់ជនពិការ ដែលក្នុងនោះបុគ្គលម្នាក់ៗ ក៏អាចដឹងពីសុខភាពផ្លូវចិត្តរបស់ខ្លួនបានតាមរយៈសកម្មភាពបំពេញការងារប្រចាំថ្ងៃ ការដោះស្រាយបញ្ហាស្ត្រេសធម្មតាក្នុងជីវិត ក៏ដូចជាការចូលរួមការងារសហគមន៍ជាដើម។
លោកស្រីថា ការដែលធ្វើឱ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្ត វាគឺជាចលករដ៏សំខាន់ក្នុងការជម្រុញឱ្យមានសុខភាពរាងកាយល្អប្រសើរ ព្រមទាំងជួយបង្កើននូវកំលាំងស្មារតីរបស់មនុស្សយើងផងដែរ។
លោកស្រី រ័ត្ន រ៉ានីន បញ្ជាក់ថា ៖ «ការអប់រំ និងផ្តល់លំហែទាំសុខភាពផ្លូវចិត្តដល់បងប្អូនជនពិការ ជាផ្នែកមួយដ៏សំខាន់ និងចាំបាច់បំផុត ដើម្បីឱ្យពួកគាត់ទទួលបានការយល់ដឹងកាន់ច្បាស់ពីខ្លួនឯង ដែលអាចជួយឱ្យពួកគាត់វិលត្រឡប់ចូលក្នុងសង្គមជាធម្មតា និងមានក្ដីសង្ឃឹមឡើងវិញនៅក្នុងជីវិតពិការភាពរបស់ខ្លួន»៕
ដោយ៖ជា សុខនី

