ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧៖ គោលបំណងបង្កើតផ្នែកសម្ភព ដើម្បីកាត់ផ្តាច់ការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន

អត្ថបទដោយ៖
CPA

សៀមរាប៖ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជានិងមូលនិធិគន្ធបុប្ផាស្វីសបានសម្រេចពង្រីកបន្ថែមទៀត​បន្ទប់ស​ម្រាលកូននៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប ខណៈបច្ចុប្បន្នស្រ្តីមានផ្ទៃពោះមកពីបណ្តាខេត្តនានា​ប​ន្ត​មកទទួលសេវាសម្រាលកូនដោយឥតគិថ្លៃចន្លោះពី ៥០ទៅ ៧០ នាក់ ក្នុងមួយថ្ងៃ។

ថ្លែង​ក្នុង​កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិលើកទី៤២ ប្រចាំខែមិថុនា ឆ្នាំ២០២៣ ស្តីពី «ការផ្តល់សេវាសុខភា​ពមាតា ទារក និងកុមារ និងស្ត្រីឆ្លងទន្លេ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងការជួយគាំទ្រពីកាកបាទក្រ​ហមកម្ពុជា» លោក យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ សង្កេតឃើញថា បច្ចុប្បន្ន ប្រជាជនមានការ​យ​ល់ដឹងច្រើនពីការថែទាំងសុខភាពមាតា និងទារក។

លោក​បន្តថា ក្នុងនោះឃើញថា ស្រ្តីមុនពេលសម្រាលកូន ​បានទៅជួបគ្រូពេទ្យឯកទេសផ្នែកសម្ភពបាន ៦ទៅ​​៨ ដង ដើម្បីពិនិត្យមើលសុខភាពម្តាយ និងទារក្នុងផ្ទៃ ដើម្បីដឹងថាត្រូវលេបថ្នាំអ្វីខ្លះ ​​និងចាក់ថ្នាំការពារតេតាណូសជាដើម។

ពាក់ព័ន្ធការបើកផ្នែកសម្ភពនៅមន្ទីរពេទ្យ​ជ័យវរ្ម័នទី៧វិញលោក យ៉ៃ ចន្ទនា មានឱ្យដឹងដែរ​ថា ការបើកនេះ​គឺ​ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងមេរោគអេដស៍ពីម្តាយទៅកូនប្រកបដោយបច្ចេកទេសនៃការថែទាំ​ និងស​ម្រាលកូនត្រឹមត្រូវ។

លោកថ្លែងថា ៖ «ក្នុងនោះការឱ្យទឹកដោះគោទៅកូនបៅ ដើម្បីទប់ស្កាត់ការឆ្លង រហូតដល់បច្ចុប្បន្ន ពុំមានករណីឆ្លងមេរោគអេដស៍ពីម្តាយទៅកូនទេ ដោយសារយើងធ្វើស្របតាមកម្មវិធីជាតិ ក្នុងការព្យាបាលមេរោ​គអេដស៍ម្តាយមុនពេលសម្រាលកូន»។

ទន្ទឹមនេះ ដោយសង្កេតឃើញនូវ​កំណើនស្រ្តីមានផ្ទៃពោះមកទទួលសេវាពិនិត្យ និងសម្រាលដោយឥតគិតថ្លៃ​ ខាងមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស សម្រចពង្រីកគ្រែបន្ថែមទៀត។

លោកបាន​លើកឡើងថា ៖ «ជារៀងរាល់ថ្ងៃផ្នែកសម្ភព មានស្រ្តីមកពិនិត្យផ្ទៃពោះយ៉ាងតិច ៣០០ ទៅ​៥​០០នាក់ ហើយសម្រាលកូនជាមធ្យម ៥០ ទៅ៧០នាក់ ថ្ងៃខ្លះសម្រាលកូនដល់ ១០០នាក់ រហូតដល់ ២​៤​ម៉ោងក៏មាន»។​

លោកបន្តថា ស្រ្តីដែលមកសម្រាលកូននៅមន្ទីរពេទ្យនេះ មកពីជុំវិញខេត្តសៀមរាប ខេត្តកំពង់ធំ បន្ទាយមា​នជ័យ និងខេត្តព្រះវិហារ​ ជាពិសេសស្រ្តីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែម លើសឈាម បេះដូង ពកក និងជំងឺហូរឈាម ដែលមានហានិភ័យខ្ពស់ ហើយក៏មានស្រី្តខ្លះបញ្ជូនមកពីគ្លីនិកឯកជន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកមួយចំនួនដែលជាករណីស្មុគស្មាញផងដែរ​។

បើតាមប្រធានមន្ទីរពេទ្យ រាល់ស្រ្តីដែលសម្រាលកូនហើយអាចស្នាក់នៅមន្ទីរពេទ្យបានតែ ២៤ម៉ោង ក្រោ​យពិនិត្យសុខភាពឃើញថាល្អ ដោយសារទីតាំងចង្អៀត លើកលែងតែករណីសម្រាលកូនដោយការវះកាត់ដែលត្រូវស្នាក់នៅបន្តរយៈពេលមួយសប្តាហ៍ ឬពីរសប្តាហ៍។

ពាក់ព័ន្ធការចូលរួមបង្ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនវិញ លោកឱ្យដឹងថា ស្រី្តមានផ្ទៃពោះដែល ផ្ទុកមេ​រោគអេដស៍ នៅក្នុងឆ្នាំ ២០២០ មានផ្ទុកមេរោគអេដស៍មានចំនួន ៧៥នាក់ នៅក្នុងចំណោមស្រ្តី ២៣ ៧៧៥ នាក់ ដែលបានសម្រាលកូន ស្មើ ០,៣១​ ភាគរយ។

ឆ្នាំ ២០២១ មាន ៥៨ នាក់ ក្នុងចំណោមស្រ្តីមកសម្រាលកូន ១៧៩២៦ នាក់ ស្មើ ០,៣២ ភាគរយ និងឆ្នាំ២០២២ មានចំនួន ៥៧នាក់ ដែល​សម្រាលកូនបាន ១៨ ០៦៦ នាក់ ស្មើ ០,៣០ភាគរយ ។ ចំណែករយៈពេល ៦ខែ ក្នុងឆ្នាំ ២០២៣ មានស្តី្រសម្រាលកូនបាន​ចំនួន ១០ ០៦២ នាក់ ក្នុងនោះស្រ្តីផ្ទុកមេរោគអេដស៍មានចំនួន​ ៣១នាក់។

​ដោយឡែក លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុ​ណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកគ្រប់ផ្នែកនៃមន្ទីរពេទ្យកុមារអង្គរដែលបានខិ​តខំបំពេញការងារតាមជំនាញរៀងៗខ្លួន ដើម្បីផ្តល់សេវាសុខាភិបាលដល់កុមារ រាប់ម៉ឺននាក់។

តាមរយៈកាកបាទក្រហមកម្ពុជា លោកជំទាវថ្លែងថា ៖ «​នេះជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបា​ល ក្នុងការលើកកម្ពស់សុខភាពទារក កុមារ និងយុវវ័យ ដែលជាទំពាំងស្នងឬស្សី»។

សូមរម្លឹកដែរ​ថា ដើម្បីធ្វើការផ្សព្វផ្សាយកាន់តែទូលំទូលាយស្តីពី មេរោគអេដស៍ និងជំងឺអេដស៍ រួមទាំងការលើកកម្ពស់សុខភាព មាតា ទារក និងកុមារ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមក​ម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំ​ងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានសម្រេចបង្កើតឱ្យមាន «កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ» ដែលចាក់ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ចាប់តាំងពី ឆ្នាំ២០១៩មក៕

ដោយ៖សុខ រក្សា

ads banner