ទុរេនសំឡូត ប្រមូលផលបានប្រហែល​ជាង ៣ ០០០តោនហើយ គិតត្រឹមដើមខែកក្កដា

បាត់ដំបង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបង បានឱ្យដឹងថា ការប្រមូលផលទុរេនក្នុងឆ្នាំនេះដោយគិតត្រឹមដើមខែ​កក្កដា ទុរេនសំឡូត ប្រមូលផលបានប្រមាណជាង ៣ ០០០តោន ស្មើនឹងប្រមាណ៦០ភាគរយហើយ នៃផ្ទៃដីដាំទុរេនស​រុប៤១៧ ហិកតានៅទូទាំងស្រុកសំឡូត។

លោក ហេង សិទ្ធិ មន្រ្តីជំនាញ​នៃមន្ទីរកសិកម្ម ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែកក្កដា​ ថា ការប្រមូលផលទុ​រេ​នសំឡូតនៅឆ្នាំនេះ មិនសូវខុសពីឆ្នាំមុននោះទេទាំងផ្ទៃដីដាំដុះបរិមាណផល ដោយការប្រមូលទុនរេនជារៀងរាល់ឆ្នាំ មា​នបរិមាណជាង៥០០០តោន ។

ចំពោះតម្លៃវិញ លោក ហេង សិទ្ធិ បានបញ្ជាក់ថា តម្លៃទុរេនចន្លោះ ១៣ ០០០ រៀលទៅ ១៥ ០០០ រៀល សម្រាប់ទុរេនដឹកចេញពី​ចម្ការទៅតាមប្រភេទទុរេននីមួយ ហើយនៅខេត្តបាត់ដំបង មានតែស្រុកសំឡូតមួយប៉ុណ្ណោះ ដែលមានការដាំដុះ​ទុរេន ដោយបច្ចុប្បន្នផ្ទៃដីដាំដុះទុរេនមានចំនួន ៥៤៦ ហិកតា ខណៈដែលផ្ទៃដីប្រមូលមានចំនួន៤១៧ហិកតា ដោយក្នុ​ងមួយហិកតាអាចប្រមូលបានជាង១២តោន។

លោកមានប្រសាសន៍ថា ៖ «ជាទូទៅការប្រមូលផលទុរេនសំឡូត អាចនឹងបញ្ចប់នៅចុងខែកក្កដានេះ។ ការប្រែប្រួលនៃ​អា​កាសធាតុ មិនមានផលប៉ះពាល់ខ្លាំងដល់ទុរេនទេ ព្រោះដំណាំទុរេនមិនដូចស្រូវនោះទេ។ សម្រាប់ពូជទុរេនវិញ ពពួកទុរេនពូជម៉ាន់ថងទឹកគោថ្លៃជាងគេ តែមិនសូវសម្បូរនោះទេ។ នៅដើមឆ្នាំនេះ ទុរេនមិនទាន់សម្បូរនៅឡើយទេ ទាល់ចុងខែ៦ ឬដើមខែ៧ ទើបសម្បូរច្រើន»។

លោក ណៃ ច​ន ប្រធាន​បណ្តុំ​អាជីវកម្ម​ទុរេន​សំឡូត ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងដូចគ្នាដែរថា ទិន្នផលទុរេន របស់ស​មា​ជិកនៃបណ្តុំអាជីវកម្ម​ទុរេន​សំឡូត នាឆ្នាំនេះ មិនសូវខុសពីឆ្នាំមុនប៉ុន្មាននោះទេ ដោយនៅក្នុង​ឃុំ​សំឡូត​នេះ មាន​ស​មាជិ​ក​ជា​ម្ចាស់​ចំការ​ចំនួន​ជិត២០ចម្ការ ហើយ​ការប្រមូល​ផល​ក្នុង​មួយឆ្នាំ ចន្លោះ៣០០ទៅ៤០០តោន។ មកទល់ពេលស​មាជិកទាំងអស់ប្រមូលផលបានប្រហែលជាង៥០ភាគរយហើយ។

លោកបានបន្ថែមថា ទីផ្សារសំខាន់របស់ទុរេនសំឡូត គឺរាជធានីភ្នំពេញ ក្រៅពីនេះចែកចាយក្នុងខេត្តបាត់ដំបង និងមានខ្លះស​ម្រាប់អ្នកទេសចរ ដែលបានទៅទិញដល់ចម្ការ ក្នុងឃុំសំឡូតផ្ទាល់តែម្តង។

ចំពោះរឿងទីផ្សារនេះដែរ លោក ណៃ ចន បានប្រាប់ថា កន្លងទៅ បណ្តុំ​អាជីវកម្ម​ទុរេន​សំឡូតបានជួបជាមួយក្រុមហ៊ុនមួ​យចំនួន ដែលមានដូចជាក្រុមហ៊ុនថៃ ចិន និងខ្មែរ ដោយក្រុមហ៊ុនទាំងនោះ មានបំណងចង់នាំចូលទុរេនរបស់ស្រុកសំឡូត​ទាំងមូល ទៅលក់នៅទីផ្សារក្រៅប្រទេស ប៉ុន្តែនៅមានឧបសគ្គខ្លះដោយ​បរិមាណផ្គត់ផ្គង់ ដោយភាគីចិន​បារម្ភខ្លាចខាងស្រុកសំឡូតផ្គត់ផ្គង់ មិនបានតាមកិច្ចសន្យា។

លោកបានបញ្ជាក់ថា ៖ «បណ្តុំអាជីវកម្មទុរេនសំឡូត តែងតែពិភាក្សាគ្នាជាមួយសមាជិកជាច្រើនដង​ទាក់ទងនឹងការនាំ​ចេញទុរេនទៅប្រទេសចិននេះ ដោយកន្លងទៅខាងចិន តែសួរយើងថា តើយើងអាចផ្គត់ផ្គង់ទុរេនឱ្យគេក្នុងមួយឆ្នាំបានប៉ុ​ន្មាន គេតម្រូវឱ្យយើងផ្តល់ទិន្នន័យលម្អិតឱ្យគេ»។

លោក ណៃ ចន បានបន្ថែមថា ខាងក្រុមហ៊ុននាំចេញ មានការពេញចិត្តណាស់ ចំពោះរសជាតិ និងគុណភាពនៃទុរេន រ​បស់ខាងបណ្តុំអាជីវកម្មទុរេនសំឡុត ប៉ុន្តែខាងសមាជិកភាគច្រើនមានការព្រួយបារម្ភពីការចុះកិច្ចសន្យាហើយ មិនអា​ចផ្គត់ផ្គង់ឱ្យគេបានតាមកិច្ចសន្យា។ ម្យ៉ាងវិញចំពោះបរិមាណផ្គត់ផ្គង់ និងភូតគាមអនាម័យ ភាគីចិនទាមទារឱ្យធ្វើឱ្យបានល្អប្រសើរជាងនេះ ដែលនេះវាទាមទារឱ្យមានការចំណាយដើមទុនច្រើន ៕

ដោយ៖វណ្ណ សុជាតា

ads banner