វេទិកាសន្តិភាពកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងរួមគ្នាបោះឆ្នោតក្នុងសំឡេងតែមួយគឺ «បោះឆ្នោតដើម្បីសន្តិភាព»

វេទិកាសន្តិភាពកម្ពុជា ដែលមានបេសកកម្មផ្សព្វផ្សាយអំពីប្រវត្តិកសាងសន្តិភាព គុណតម្លៃនៃសន្តិភាព និងកាតព្វកិច្ចការពារសន្តិភាព ហើយដែលកំពុងបន្តរៀបចំវេទិកាសាធារណៈក្រោមប្រធានបទ«បោះឆ្នោត ដើម្បីសន្តិភាព» សូមធ្វើការអំពាវនាវដល់៖
១-ប្រជាពលរដ្ឋខ្មែរទាំង២ភេទ និងយុវជនខ្មែរទាំងអស់ដែលមានអាយុគ្រប់១៨ឆ្នាំ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ… ទាំងអស់គ្នា សូមចេញទៅបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឱ្យបានគ្រប់ៗគ្នា កុំបីខកខាន។
២-បងប្អូន ប្រជាពលរដ្ឋខ្មែរ និងយុវជនគ្រប់អាយុ១៨ឆ្នាំទាំងអស់ សូមអញ្ជើញចេញទៅបោះឆ្នោតក្នុង សំឡេងតែមួយគឺ «បោះឆ្នោតដើម្បីសន្តិភាព» ដោយប្រើសន្លឹកឆ្នោតរបស់បងប្អូន ឱ្យមានតម្លៃជាសន្លឹកឆ្នោត «ការពារសន្តិភាព»។
៣-ការបោះឆ្នោតជាសិទ្ធិរបស់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសប្រជាធិបតេយ្យដែលបងប្អូន ត្រូវអនុវត្តសិទ្ធិនេះរៀងរាល់៥ឆ្នាំម្តងៗ… ដូចនេះដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិយើង សូមបងប្អូន កុំចាញ់បោក ចាញ់កល ពួកក្រុមនយោបាយបំពុលសង្គម កុំឱ្យគេអូសទាញបងប្អូន ឱ្យខកខានអនុវត្តនូវសិទ្ធិបោះ ឆ្នោត ដែលជាសិទ្ធិដ៏មានសារៈសំខាន់នេះឱ្យសោះ។

វេទិកាសន្តិភាពកម្ពុជា តាមរយៈវេទិកាសាធារណៈដែលផ្សព្វផ្សាយអំពីប្រធានបទ «បោះឆ្នោតដើម្បីសន្តិភាព» និងសកម្មភាពបេសកកម្មរបស់ខ្លួន យើងសង្ឃឹមថា បងប្អូន ប្រជាពលរដ្ឋខ្មែរ និង យុវជនខ្មែរដែលមានអាយុគ្រប់១៨ឆ្នាំ នឹងអញ្ជើញចេញទៅបោះឆ្នោតគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិជាពលរដ្ឋរបស់ខ្លួន នៅក្នុងសង្គមប្រជាធិបតេយ្យ ដោយមិនមានការអាក់ខានឡើយ…៕

ads banner