ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃទី៣ខែកក្កដាដើម្បីពិនិត្យលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
ភ្នំពេញ៖ លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរងទទួលបន្ទុកសេវាច្បាប់ និងបច្ចេកទេសនៃក្រុមប្រឹក្សាធម្មនុញ្ញ បានប្រាប់ឱ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពិនិត្យ លើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតកិច្ចប្រជុំនេះនឹងមានការចូលរួមពីសមាជិកចំនួនប្រាំបួនរូបដែលដឹកនាំដោយ ឯកឧត្តម អ៊ឹម ឈុនលឹម ជាប្រធាន។
លោកបានប្រាប់ឱ្យដឹងដូចនេះនៅថ្ងៃទី២ ខែកក្កដា បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី៣០ ខែមិថុនា បានហៅតំណាងរាជរដ្ឋាភិបាល មកបំភ្លឺលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញបានទទួលសំណើរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
លោក ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងដែរថា ការអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺនេះ គឺយោងតាមបទប្បញ្ញត្តិនៃមាត្រា២១ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលចែងពីសំណូមពរក្នុងករណីចាំបាច់ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិក្នុងការស្នើសុំការបំភ្លឺ ឬការផ្ដល់ឯកសារពីក្រសួង ស្ថាប័នពាក់ព័ន្ធ។
លោកមានប្រសាសន៍ថា ៖ «ការអញ្ជើញតំណាងរាជរដ្ឋាភិបាលមកបំភ្លឺកាលពីថ្ងៃទី៣០ខែមិថុនាកន្លងមកនេះ ជានីតិវិធីដែលក្រុមប្រឹក្សាធម្មនុញ្ញបានកត់ត្រា និងយកទៅពិនិត្យ ពិភាក្សានៅថ្ងៃប្រជុំពេញអង្គ ហើយខ្ញុំអត់ទាន់មានចម្លើយជូនទេ ដោយចាំថ្ងៃស្អែក។ អីចឹង! រាល់ការបញ្ជាក់បន្ថែមពីតំណាងរាជរដ្ឋាភិបាល នឹងយកមកពិនិត្យ នៅថ្ងៃប្រជុំពេញអង្គនៅថ្ងៃស្អែកនេះ»។
បើតាម លោក ព្រហ្ម វិចិត្រអក្ខរា យោងតាមច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសមាជិកទាំង៩រូប នឹងត្រូវពិនិត្យគ្រប់ទិដ្ឋភាពច្បាប់ និងការបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាល បញ្ចូលគ្នា និងឯកសារពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងពេលសម័យប្រជុំពេញអង្គរបស់ខ្លួន ទើបសម្រេចបែបណាមួយ។
សូមបញ្ជាក់ដែរថា ជំនួបនេះបានធ្វឡើងនាសាលសន្និសីទនៃទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានការចូលរួមពី លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ, តំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃមកបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា ការអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺនេះ គឺយោងតាមបទប្បញ្ញត្តិនៃមាត្រា២១ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលចែងអំពីសំណូមពរក្នុងករណីចាំបាច់ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិក្នុងការស្នើសុំការបំភ្លឺ ឬការផ្ដល់ឯកសារពីក្រសួង ស្ថាប័នពាក់ព័ន្ធ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២៩ ខែមិថុនា ព្រឹទ្ធសភាកម្ពុជា បានអនុម័តទាំងស្រុង លើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ខណៈវិសោធនកម្មច្បាប់បោះឆ្នោតនេះ ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
គោលបំណងនៃការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានធ្វើឡើងដើម្បីកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» សំដៅលើការលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់ ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈ ការបោះឆ្នោតតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
បើតាមខ្លឹមសារសេចក្តីព្រាងច្បាប់នេះមាត្រា២៣ថ្មីបានចែងថា ៖ «ពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ត្រូវមានសញ្ជាតិជាខ្មែរពីកំណើត មានអាយុ២៥ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានលំនៅឋានក្នុងប្រទេសកម្ពុជា មានការតែងតាំងពីគណបក្សនយោបាយ ហើយអ្វីដែលចាំបាច់ទៀតនោះ គឺត្រូវអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសកលចំនួនពីរលើកចុងក្រោយ»។
រីឯមាត្រា១៤២ថ្មី បានចែងអំពីការផាកពិន័យចំនួន៥លានរៀលទៅ២០លានរៀល ចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឱ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។ សម្រាប់មាត្រានេះ បុគ្គលដែលបានប្រព្រឹត្តសកម្មភាពបែបនោះនឹងត្រូវ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតឬដកសិទ្ធិមិនឲ្យពលរដ្ឋបោះឆ្នោតឱ្យយ៉ាងតិចប្រាំឆ្នាំ។
ចំណែកឯមាត្រា១៤៣ថ្មី វិញ គឺ ចែងអំពីការលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយនិងត្រូវផាកពិន័យពី១០លានទៅ៣០លានរៀល ចំពោះសកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោតដូចមានចែងក្នុងមាត្រា ១៤២ថ្មី។ ម្យ៉ាងវិញទៀត គណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះ ក៏នឹងត្រូវដកសិទ្ធិចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួនប្រាំឆ្នាំយ៉ាងតិចដូចគ្នា៕
ដោយ៖គឹម យុត្ថារ៉ូ

