WB ព្យាករណ៍ថា សេដ្ឋកិច្ចរបស់ថៃកើនដល់៣.៩% ក្នុងឆ្នាំ២០២៣

បាងកក៖ ធនាគារពិភពលោក (WB) បង្កើនការព្យាករសេដ្ឋកិច្ចរបស់ថៃ ប្រចាំឆ្នាំ២០២៣ ដល់ ៣.៩ភាគរយ។ ធនាគារពិភពលោក World Bank បានឱ្យដឹងនៅសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានព្យាករថានឹងកើនឡើង ៣.៩ភាគរយនៅឆ្នាំនេះ ដែលខ្ពស់ជាងអត្រា ៣.៦ភាគរយ ដែលបានព្យាករកន្លងមកដោយសារកំណើនប្រើប្រាស់ឯកជន និងការងើបឡើងវិញនៃវិស័យទេសចរណ៍។ 

សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង ២.៦ភាគរយក្នុងឆ្នាំ២០២២ នៅពេលដែលវិស័យទេសចរណ៍របស់ខ្លួនចាប់ផ្តើមងើបឡើងវិញ ក្រោយពេលដែលវិធានការទប់ស្កាត់ ការធ្វើដំណើរទាក់ទងនឹងជំងឺរាតត្បាតត្រូវបានបន្ធូរបន្ថយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយដោយធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចថៃត្រូវបានរំពឹងថានឹងកើនឡើង ៣.៦ភាគរយនៅឆ្នាំ២០២៤ និង ៣.៤ភាគរយនៅឆ្នាំ២០២៥ ដោយវិស័យទេសចរណ៍ និងការប្រើប្រាស់ឯកជន នៅតែជាកត្តាចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ច ខណៈដែលតម្រូវការខាងក្រៅធ្លាក់ចុះ។

ការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរ ជាពិសេសពីប្រទេសចិន បានពង្រឹងចក្ខុវិស័យទេសចរណ៍របស់ប្រទេសថៃ។ ធនាគារពិភពលោកបានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរ ត្រូវបានព្យាករថានឹងកើនឡើងដល់ ២៨,៥លាននាក់ដែលលើសពីការរំពឹងទុកនៅឆ្នាំនេះ ពោលគឺស្មើនឹង ៨៤ភាគរយនៃកម្រិតមុនកើតមានជំងឺរាតត្បាតនៅឆ្នាំ២០១៩៕ ប្រភពពី World Bank  ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner