កងកម្លាំងមួកខៀវកម្ពុជាចំនួន៣៥នាក់ត្រៀមទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង
ភ្នំពេញ៖ យោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា កងកម្លាំងមួកខៀវកម្ពុជាចំនួន៣៥នាក់ ដែលធ្លាប់មានបទពិសោធន៍បំពេញបេសកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទទួលបានការបណ្តុះបណ្តាលផ្នែកច្បាប់និងបច្ចេកទេសបង្ក្រាបបទល្មើសផ្សេងៗដើម្បីត្រៀមប្តូរវេនទៅបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូងខាងមុខនេះ។
ដើម្បីបញ្ជូនកងរាជអាវុធហត្ថកម្ពុជាទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេស កម្ពុជានិងអ្នកជំនាញមកពីប្រទេសបារាំង បានសហការរៀបចំវគ្គហ្វឹកហ្វឺនរយៈពេលមួយខែ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ដែលមានយោធាចារ្យបារាំងជាអ្នកបណ្តុះបណ្តាល នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងកម្មវិធីបិទវគ្គហ្វឹកហ្វឺនជំនាញអាវុធហត្ថសម្រាប់ប្រតិបត្តិការអង្គការសហប្រជាជាតិកាលពីថ្ងៃទី៣០ ខែមិថុនា ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លើកឡើងថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានលក្ខណៈសមស្រប និងមានសារៈសំខាន់ណាស់ ក្នុងទិសដៅកសាង ពង្រឹងសមត្ថភាពដល់កម្លាំងមួកខៀវលើជំនាញអាវុត្ថហត្ថ ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តតួនាទីជាអ្នកអនុវត្តច្បាប់ នគរបាលយុត្តិធម៌ បង្ក្រាបបទល្មើសផ្សេងៗ ដែលអង្គការសហប្រជាតិប្រគល់ឱ្យ។
ឯកឧត្តមគូសបញ្ជាក់ថា លទ្ធផលនៃវគ្គហ្វឹកហ្វឺននេះបានឆ្លុះបញ្ចាំងពីសេចក្តីព្យាយាមសិក្សារៀនសូត្រ ក្រេបជញ្ជក់យកនូវរាល់ខ្លឹមសារមេរៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងតំបន់បេសកកម្ម។
តាមរយៈមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោកស្រី ណេអូមី ពីនតា លេខាទី១អមស្ថានទូតបារាំងប្រចាំកម្ពុជាបានលើកឡើងថា វគ្គសិក្សា «កងរាជអាវុធហត្ថ» នេះ ប្រទេសបារាំងបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងសម្ភារ សម្រាប់រៀបចំវគ្គសិក្សា។
លោកស្រីបានឱ្យដឹងថា ៖ «មេរៀនបានផ្តោតលើបទប្បញ្ញត្តិច្បាប់ផ្សេងៗ បច្ចេកទេសអន្តរាគមន៍ ជំនាញមន្រ្តីនគបាលយុត្តិធម៌ ភាពចាំបាច់នៃការការពារសន្តិសុខ ទាំងក្នុងលក្ខខណ្ឌយុទ្ធវិធី និងសកម្មភាពរបស់មន្រី្តប៉ូលិស នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ»។
ប្រភពដដែល បានឱ្យដឹងថា វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចូលរួមសរុបចំនួន៣៥នាក់ ក្នុងនោះមាននារីចំនួន១៨នាក់ មកពីបណ្តាឯកភាពនានានៃកងយោធពលខេមរភូមិន្ទ។
សិក្ខាកាមទាំងអស់ត្រូវបានជ្រើសរើសសម្រិតសម្រាំង ពិសេសត្រូវមានចំណេះដឹងផ្នែកភាសាបារាំង និងអង់គ្លេស ព្រមទាំងមានបទពិសោធន៍ធ្លាប់បានចេញបំពេញបេសកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប ដើម្បីត្រៀមធ្វើការប្តូរវេននាពេលខាងមុខ។
សូមជម្រាបថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ចុងឆ្នាំ ២០២២ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ៨ ៤៧៥ នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩។ ប្រទេសទាំងនោះរួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី
ម៉ាលី អាហ្វ្រិកកណ្តាល សាយប្រឺស និងយេមែន ជាដើម៕
ដោយ៖សុខរក្សា


