ប៉ូលិសអង់គ្លេសត្រូវបានផ្ដល់សិទ្ធិអំណាចបន្ថែមដើម្បីបង្ក្រាបការបាតុកម្មតវ៉ា

ឡុងដ៍៖ គិតត្រឹមថ្ងៃ​ទី២ ខែកក្កដា ក្រុមប៉ូលិសអង់គ្លេសបានទទួលការពង្រីកសិទ្ធិអំណាចរបស់ពួកគេកាន់តែទូ​លំ​ទូលាយ ដែលក្នុងនោះរួមមាន ការអនុវត្តវិធានការផ្សេងៗ ដើម្បីដោះស្រាយបញ្ហាជាមួយក្រុមសកម្មជ​នណាដែលធ្វើការរំខានដល់ចរាចរណ៍ និងគម្រោងសាងសង់ធំៗតាមរយៈការធ្វើបាតុកម្មតវ៉ា។​

គួរដឹងដែរថា អាជ្ញាធរអង់គ្លេសតែងតែបានថ្កោលទោសម្តងហើយម្តងទៀតទៅលើក្រុមអ្នកបាតុកម្មតវ៉ាដើម្បីបរិស្ថាន ក្នុងនោះរួមមានក្រុមបាតុករតវ៉ាឱ្យបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ឬហៅថាក្រុម Just Stop Oil និងក្រុមបាតុករប្រឆាំងបម្រែបម្រួលអាកាសធាតុ ឬហៅថាក្រុម Extinction Rebellion។​

ក្រុមបរិស្ថានទាំងពីរនេះ តែងតែស្វែងរកការលើកកម្ពស់ការយល់ដឹងពីភាពចាំបាច់នៃការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយពួកគេបានរៀបចំការបាតុកម្មតវ៉ាទ្រង់ទ្រាយធំជាច្រើនលើកច្រើ​ន​សារនៅមហាវិថី និងផ្លូវដែលមមាញឹកខ្លាំង។ ការតវ៉ារបស់ពួកគេក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តែងតែបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវ។​

ចាប់​ពី​ថ្ងៃ​អាទិត្យទៅ ក្រុមប៉ូលិស​នឹង​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ផ្លាស់​ប្តូរ​ទីតាំង​ការបាតុ​កម្ម​តវ៉ាបាន។ អ្នក​រិះគន់​មួយ​ចំនួន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ច្បាប់​ដែល​បានបង្កើតថ្មី​នេះអាច​បង្ក​ហានិភ័យ​ ប៉ះពាល់ដល់សិទ្ធិ​តវ៉ារបស់បាតុករ។ ប៉ុន្តែ ក្រុមមន្ត្រីអង់គ្លេសបានអះអាងថា វិធានការទាំងនេះមានគោលបំណងជៀសវាងការរំខានដែលបណ្តាលមកពីមនុស្សមួយចំនួនតូចដែលគិតតែពីខ្លួនឯង។​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី ស៊ូឡា ប្រេវ៉ឺម៉ាន (Suella Braverman) បានលើកឡើងថា ៖ «សាធារណជនមានការធុញទ្រាន់នឹងជីវិតរបស់ពួកគេដែលត្រូវបានរំខានដោយក្រុមបាតុករដែ​ល​គិតតែពីខ្លួនឯង។ ភាពច្របូកច្របល់ដែលយើងបានឃើញនៅតាមដងផ្លូវគឺជារឿងដែលមិនអាចទ​ទួលយកបានទេ»។​

យោងតាមអាជ្ញាធរអង់គ្លេស ក្រោមច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈថ្មី បុគ្គលដែលចូលរួមក្នុងការជីក​រូងក្រោមដី ដើម្បីរារាំងការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ អាចត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធ​នា​គា​ររហូតដល់ ៣ ឆ្នាំ។ ដូចគ្នានេះដែរ អ្នកដែលត្រូវបានរកឃើញថាមានពិរុទ្ធពីបទរារាំងគម្រោងដឹកជ​ញ្ជូ​នដ៏សំខាន់ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអតិបរមាប្រាំមួយខែ។​

គួររំឭកថា កាលពីឆ្នាំមុន បាតុកររាប់រយនាក់ត្រូវបានចាប់ខ្លួននៅអង់គ្លេសពីបទបិទផ្លូវ និងស្ពានសំខាន់ៗ ដោយសារតែសកម្មជន​​ទាំងអស់នោះ បាន​តវ៉ា​ដោយ​អង្គុយ​កណ្តាល​ផ្លូវ ឬកៀកក្បែរនឹង​ផ្លូវ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ក្នុង​ការ​ផ្លាស់ទី។ ដោយឡែក អាជ្ញាធរអង់គ្លេសក៏បានឱ្យដឹងដែរថា រដ្ឋាភិបាលត្រូវចំណាយច្រើនណាស់ក្នុងការដោះស្រាយបញ្ហាបាតុកម្មតវ៉ា។ ជាក់ស្ដែង ពួកគេត្រូវបង្វែរមុខងាររបស់មន្ត្រីរាប់ពាន់នាក់ឯណោះ ដើម្បីទៅជួយសម្របសម្រួលការតវ៉ា៕​

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ Channel NewsAsia UK police have new expanded powers to crack down on protests

ads banner