រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ គោលដៅសំខាន់របស់រដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅឱ្យក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍន៍ឱ្យរីកចម្រើនកាន់តែខ្លាំងលើវិស័យកសិកម្ម កសិ-ឱស្សាហកម្ម និងការចិញ្ចឹមសត្វជាដើម
ខេត្តព្រះវិហារ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនវិនិយោគដំណាំកសិ-ឧស្សាហកម្ម មេហ្គាហ្វាមខេមបូឌៀ លើដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ជាង ៨ពាន់ហិកតា ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងបុគ្គលិក-កម្មករ ដោយបានគូសបញ្ជាក់ថា គោលដៅសំខាន់របស់រដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍន៍ឱ្យរីកចម្រើនកាន់តែខ្លាំងលើវិស័យកសិកម្ម កសិ-ឱស្សាហកម្ម និងការចិញ្ចឹមសត្វជាដើម ឱ្យក្លាយជាកន្លែងផលិតដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការនាំចេញក្រៅប្រទេសទៀតផងដែរ។
ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ថា ដោយផ្អែកលើទស្សនទាននេះ ក្រសួង និងភាគីពាក់ព័ន្ធកំពុងជំរុញឱ្យមានការអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចទៅតាមផែនការកំណត់របស់រដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានការពារដីវិនិយោគរបស់ក្រុមហ៊ុន ដែលជាដីរបស់រដ្ឋ ប្រឈមនឹងការចូលទន្រ្ទាមកាន់កាប់ដោយខុសច្បាប់ ។
ឯកឧត្តមបានសម្ដែងការចាប់អារម្មណ៍ខ្ពស់ ចំពោះការដាំសណ្តែកសៀង ។ សណ្ដែកសៀងដែលកំពុងមានទីផ្សារខ្ពស់ និងអាចជួយបង្កើនគុណភាពដីសម្រាប់ ការដាំដំណាំផ្សេងទៀត ដូចជាពោតជាដើម។ សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន មេហ្គាហ្វាមខេមបូឌៀ កំពុងវិនិយោគលើដំណាំពោត សណ្តែកសៀង និងដំឡូងមី ដើម្បីកែច្នៃមុននឹងធ្វើការនាំចេញ៕
ប្រភព៖ក្រសួងកសិកម្ម



