ដំរី Sak Surin ត្រូវបានបញ្ជូនទៅដល់ប្រទេសថៃហើយ
បាងកក៖ សត្វដំរីថៃមួយក្បាល ដែលផ្តល់អំណោយដល់ស្រីលង្កា កាលពីពីរទសវត្សរ៍មុនបានត្រលប់មកប្រទេសកំណើតវិញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានជម្លោះការទូតជុំវិញការធ្វើបាបសត្វនោះ។
អាជ្ញាធរថៃបានប្រគល់អំណោយដំរី Muthu Raja អាយុ ២៩ ឆ្នាំ ដែលត្រូវបានគេស្គាល់ថា នៅស្រុកកំណើតរបស់ខ្លួន ថា Sak Surin ទៅប្រទេសស្រីលង្កា ក្នុងឆ្នាំ ២០០១។ ប៉ុន្តែពួកគេបានទាមទារដំរីនេះមកវិញ កាលពីឆ្នាំមុន បន្ទាប់ពីមានការចោទប្រកាន់ថា សត្វដំរីមួយក្បាលនេះត្រូវបានធ្វើទារុណកម្ម និងមិនយកចិត្តទុកដាក់ខណៈពេលដែលរក្សាទុក នៅព្រះវិហារសាសនាមួយកន្លែង។
ដំរីដែលមានទម្ងន់ ៤០០០ គីឡូក្រាមមួយក្បាលនេះ បានទៅដល់ប្រទេសថៃ នៅម៉ោងជាង២រសៀល ដោយត្រូវបានដឹកជញ្ជូននៅខាងក្នុងប្រអប់ដែកដ៏ធំ ដែលបានសាងសង់ ជាពិសេសនៅលើយន្តហោះដឹកទំនិញ Ilyushin Il-76 ។
លោក Varawut Silpa-archa រដ្ឋមន្ត្រីក្រសួងបរិស្ថានថៃ បាននិយាយនៅព្រលានយន្តហោះថា៖ «វាបានមកដល់ខេត្តឈៀងម៉ៃយ៉ាងល្អឥតខ្ចោះ វាបានធ្វើដំណើរ ប្រាំម៉ោង ហើយមិនមានអ្វីខុសនោះទេ ស្ថានភាពរបស់វាគឺធម្មតា»។
លោកបានបន្ថែមថា “ប្រសិនបើអ្វីៗដំណើរការល្អ យើងនឹងផ្លាស់ទីវា” ដោយសំដៅលើផែនការដាក់ឱ្យនៅដាច់ដោយឡែកពីសត្វដំរី នៅឯតំបន់អភិរក្សធម្មជាតិក្បែរនោះ។
លោក Varawut ត្រូវបានគេមើលឃើញថា បានបញ្ចុកទឹកដល់សត្វដំរី បន្ទាប់ពីប្រអប់តុបតែងរបស់ Sak Surin ត្រូវបានដកចេញពីយន្តហោះ។
ដំរីមួយក្បាលនេះអាចត្រូវបានគេមើលឃើញនៅពេលដែលមន្រ្តីបើកទ្វារខាងក្រោយរបស់ទ្រុងមួយភ្លែត ហើយវាត្រូវបានបាញ់ថ្នាំ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត