ឯកឧត្តម សុខ សូកាន បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និង ពិធីបើក យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃសៅរ៍ទី១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ចំនួនប្រមាណ ១៥០០នាក់ ដើម្បីចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងពិធីបើក យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ កាល ទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តតាកែវ។
ពិធីនេះត្រូវបានប្រារព្ធរៀបចំនៅបរិវេណសួនវប្បធម៌សម្តេចវិបុលបញ្ញា សុខ អាន គិរីវង់ ស្ថិតនៅក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងស្ថិតក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាល គណបក្ស និងជាប្រធានក្រុមការងារ គណ បក្ស ចុះ មូល ដ្ឋាន ខេត្តតាកែវ។
ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ ដែលជាបេក្ខជនពេញសិទ្ធិនិងបេក្ខជនបម្រុង ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំង ឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រធាន សហប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ស្រុកក្រុង និងគ្រប់ឃុំសង្កាត់ និងព្រះសង្ឃ ព្រមទាំងសមាជិកសមាជិកាគណបក្សមកពីភូមិឃុំក្នុងស្រុកទាំង៤(ស្រុកគិរីវង់ ស្រុកទ្រាំង ស្រុកកោះអណ្តែត និងស្រុកបូរីជលសារ) សរុបអ្នកចូលរួមទាំងអស់មានប្រមាណចំនួន ២៧០០នាក់។
បន្ទាប់ពីអង្គពិធីទាំងមូលបានទស្សនានិងស្តាប់ការផ្សាយបន្តផ្ទាល់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានប្រកាសបើកនិងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌល ខេត្តតាកែវ ចំណែកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន នៃស្រុកទាំង៤ ក៏បានបន្តដឹកនាំក្បួនឃោសនារបស់ខ្លួនចុះទៅមូលដ្ឋានស្រុករៀងៗខ្លួន។
ឯកឧត្តម សុខ សូកាន បាន បន្ត ដឹកនាំ ក្បួន យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាស្រុកគីរីវង់ ដែលមានការចូលរួមពីសំណាក់ពីក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ ព្រមទាំងសមាជិក សមាជិកាគណបក្សស្រុកនិងគណបក្សឃុំទាំង១២ ដើម្បីឃោសនា រក សំឡេង ឆ្នោត ទៅ តាម មូលដ្ឋាន ភូមិ ឃុំ នៅ ស្រុក គិរីវង់ តាម តម្រាយ ផ្លូវដែលបានកំណត់។ គួររំលឹកផងដែរថា នៅតាមស្នាក់ការបក្សឃុំ-ភូមិទូទាំងស្រុកគិរីវង់ក៏មានការស្តាប់សេចក្តីថ្លែងសាររបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងរៀបចំក្បួនបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ក្រុមការងារគណបក្សនៅតាមមូលដ្ឋានឃុំទាំង១២នៃស្រុកគិរីវង់ ដែលក្នុងនោះមានអ្នកចូលរួមដង្ហែក្បួនសរុបប្រមាណជាង ៥០០០នាក់។ បើទោះបីជាភ្លៀងធ្លាក់ខ្លាំងយ៉ាងណា ក៏ការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់នៅតែបន្តយ៉ាងគគ្រឹកគគ្រេងនិងស្ថិត ក្រោម បរិយាកាស សប្បាយរីករាយ ដោយទ ទួលការស្វាគមន៍អបអរសាទរយ៉ាងកក់ក្ដៅ និងការចូលរួមយ៉ាងសស្រាក់សស្រាំ ពីសំណាក់ប្រជាជននៅគ្រប់ភូមិនិងតាមខ្នងផ្ទះយ៉ាងច្រើនកុះករ ដែលបង្ហាញពីទឹកចិត្តស្រលាញ់ ការគាំទ្រយ៉ាងធំធេងរបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល ២១ថ្ងៃនេះ នៅខេត្តតាកែវបានចាត់តាំងក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ចំនួន ៤ លើក ក្នុងនោះ៖
- លើកទី១ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលមានស្រុកចំនួន ៤ គឺស្រុកកោះអណ្តែត ស្រុកបូរីជលសារ ស្រុកទ្រាំង និងស្រុកគិរីវង់
- លើកទី២ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ មានស្រុកចំនួន ២ ចូលរួម គឺស្រុកត្រាំកក់ និងក្រុងដូនកែវ
- លើកទី៣ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មានស្រុកចំនួន ២ ចូលរួម គឺស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី
- លើកទី៤ គឺជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ មានស្រុកចំនួន ២ ចូលរួម គឺស្រុកសំរោង និងស្រុកបាទី ៕
ប្រភព ៖ ក្រុមការងារគណបក្សប្រជាជនចុះខេត្តតាកែវ