កម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូ ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញ

ភ្នំពេញ៖ កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីបន្តវឌ្ឍនភាព វិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរទៅកាន់បរទេស ហើយក៏សូមស្នើដល់ដៃគូនានាជួយផ្សព្វផ្សាយពីវឌ្ឍនភាព ពីលក្ខខណ្ឌការងារសមរម្យនៅកម្ពុជា ដើម្បីរួមចំណែកជំរុញកំណើននៃការបញ្ជាទិញ និងការនាំចេញ។

ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក វីល្លៀម ខន់គ្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ ។

មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ ACILS មានបេសកកម្មផ្ដោតសំខាន់ទៅលើការរស់នៅសមរម្យរបស់កម្មករនិយោជិត អនុវត្តសិទ្ធិការងារជាមូលដ្ឋាន និងសម្រឹតសម្រាំងលក្ខខណ្ឌការងារ និងគោលនយោបាយសាធារណៈដែលមានឥទ្ធិពលទៅលើនិយោជិត។ ACILS ជាអង្គការឯករាជ្យមួយមិនចំណុះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកនោះឡើយ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានលើកឡើងពីវឌ្ឍនភាពវិស័យការងារ ការលើកកម្ពស់សុខភាព និងសុវត្ថិភាពកម្មករនិយោជិត និងការជំរុញការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារបរទេស ពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុប។

ភាគីទាំងពីរបានកត់សម្គាល់ថា កម្ពុជាជាប្រទេសមួយដែលផ្ដល់សច្ចាប័នច្រើនជាងគេសម្រាប់អនុសញ្ញារបស់អង្គការ ILO ហើយមានតែប្រទេសកម្ពុជាទេដែលមាននាយករដ្ឋមន្ត្រីចុះជួបជាមួយកម្មករ/កម្មការិនីផ្ទាល់ និងបានដោះស្រាយបញ្ហាយ៉ាងច្រើនជូនពួកគាត់ ។

ដោយមើលឃើញពីវឌ្ឍនភាពបែបនេះហើយ ទើប លោក វីល្លៀម ខន់គ្លីន មានបំណងស្នើសុំបន្តអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយហេតុថា អនុស្សរណៈដែលកំពុងសហការអនុវត្តបច្ចុប្បន្ននេះនឹងត្រូវផុតសុពលភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះហើយ។

លោក វីល្លៀម ខន់គ្លីន បញ្ជាក់ទៀតថា ប្រសិនបើអនុស្សរណៈយោគយល់គ្នាថ្មីត្រូវបានបន្តមែននោះ លោកក៏ចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត សុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិត ប្រាក់ឈ្នួលអប្បរមា របបសន្តិសុខសង្គម កិច្ចគាំពារមាតុភាព ការលុបបំបាត់អំពើហិង្សា និងការបៀតបៀនផ្លូវភេទនៅកន្លែងការងារ និងការប្រែប្រួលអាកាសធាតុ ជាដើម៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner