អ្នកការទូតកំពូលចិន ជំរុញកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង

ប៉េកាំង៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣​ អ្នកការទូតជាន់ខ្ពស់របស់ចិន លោក វ៉ាង យី (Wang Yi) បានលើកឡើងថា ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងគួរធ្វើការរួបរួមគ្នា និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់នឹងការបង្ខិតបង្ខំ ឬការត្រួតត្រាណាមួយពីប្រទេសក្រៅតំបន់។ ការលើកឡើងបែបនេះត្រូវបានគេមើលឃើញថា លោក​ វ៉ាង ចង់សំដៅទៅកាន់សហរដ្ឋអាមេរិក។​

ការ​លើក​ឡើង​បែបនេះផងដែរ​ ធ្វើ​ឡើង​ចំ​ពេល​ដែល​ភាព​តានតឹងកំពុងកើនឡើង​កាន់​តែ​ខ្លាំង ខណៈដែលសហរដ្ឋ​អាមេរិកកំពុងស្វះស្វែងរកការបង្កើត​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​ជប៉ុន និង​កូរ៉េ​ខាង​ត្បូងដើម្បី​រុញ​ច្រាន​​ឥទ្ធិពល​របស់ប្រទេសចិនដែលកំពុងកើនឡើងខ្លាំងក្នុង​តំបន់​។​

ការថ្លែងពីកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានកិច្ចសហប្រតិបត្តិការឡើងវិញរវាងប្រទេសចិន កូរ៉េខាងត្បូ​ង និងជប៉ុនរបស់លោក វ៉ាង បានធ្វើឡើងនៅក្នុងវេទិកាមួយដែលរៀបចំដោយលេខាធិការដ្ឋានកិច្ចស​ហប្រតិបត្តិការត្រីភាគីរវាងប្រទេសទាំងបី។ គួរបញ្ជាក់ផងដែរថា លេខាធិការដ្ឋាននេះត្រូវបានបង្កើតឡើ​ងតាមរយៈកិច្ចព្រមព្រៀងរវាងទីក្រុងប៉េកាំង សេអ៊ូល និងតូក្យូ។​

យោងតាមក្រសួងការបរទេសចិនបានឱ្យដឹងថា អ្នកការទូតជាន់ខ្ពស់របស់ចិនរូបនេះ បានអំពាវនាវឱ្យភាគីទាំងអស់ ពង្រឹងស្មារតីស្វ័យភាពជាយុទ្ធសាស្ត្រ រក្សាការរួបរួមសាមគ្គី និងស្ថិរភាពក្នុងតំបន់ ដើម្បីទប់ទល់នឹងការវិលត្រឡប់មកវិញនូវផ្នត់គំនិតសង្រ្គាមត្រជាក់ និងដើម្បីរួចផុតពីការបង្ខិតបង្ខំ ឬការគំរាមកំហែង ឬការត្រួតត្រាពីប្រទេសខាងក្រៅ។

ថ្វីបើលោក វ៉ាង មិនបានថ្លែងឡើងចំៗថាជាសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែលោកបានប្រើប្រាស់ឃ្លាថា «ប្រទេសធំៗមួយចំនួននៅក្រៅតំបន់» បានព្យាយាមធ្វើឱ្យបែកបាក់ការរួបរួមគ្នារវាងប្រទេសក្នុងតំបន់ និងបានស្វែងរកផលប្រយោជន៍ភូមិសាស្រ្តរៀងៗខ្លួន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួ​ង​ការបរទេសចិន។​

លោក វ៉ាង បានបន្ថែមថា ៖ «ប្រសិនបើនិន្នាការនេះត្រូវបានអនុញ្ញាតឱ្យបន្តវិវត្តទៅមុខទៀតនោះ វានឹ​ងមិនត្រឹមតែជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់ដំណើរការរលូននៃកិច្ចសហប្រតិបត្តិការត្រីភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពតានតឹង និងការប្រឈមមុខដាក់គ្នានៅក្នុងតំបន់ទៀតផង»។​

លោក វ៉ាង ក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ហើយលោកប្រឆាំងដាច់ខាតចំពោះពាក្យសម្ដី ឬទង្វើណាដែលអាចធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម។​

ក្នុងអំឡុងពេលវេទិកាដែលបានធ្វើឡើងនៅទីក្រុង ឈីងតាវ (Qingdao) លោក វ៉ាង បានបញ្ជាក់សារជាថ្មីលើតម្រូវការក្នុងការពន្លឿនការពិភាក្សាអំពីតំបន់ពាណិជ្ជកម្មសេរី និងជំរុញពាណិជ្ជកម្មឱ្យកាន់តែមានភាពងាយស្រួល និងរលូន ជាពិសេសក្នុងចំណោមប្រទេសជិតខាងរបស់ចិន។​

យ៉ាងណាក៏ដោយ លោក វ៉ាង ក៏បានរំលឹកឡើងវិញនូវគោលជំហរប្រឆាំងរបស់ទីក្រុងប៉េកាំង ចំពោះផែនការរបស់ប្រទេសជប៉ុន ដែលគ្រោងនឹងបញ្ចេញទឹកទៅក្នុងសមុទ្រពីរោងចក្រនុយក្លេអ៊ែរនៅតំបន់ ហ្វ៊ូគូស៊ីម៉ា (Fukushima) របស់ក្រុមហ៊ុន Tokyo Electric Power Co ព្រោះវាអាចមានផលប៉ះពាល់អវិជ្ជមានលើប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងសុវត្ថិភាពរបស់មនុស្សផងដែរ៕

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ Channel NewsAsia China’s top diplomat urges greater cooperation with Japan, South Korea

ads banner