ចិនចង់រឹតបន្តឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយយោធារុស្ស៊ី
ប៉េកាំង៖ប្រទេសចិនបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការកសាងទំនាក់ទំនងផ្នែកយោធាកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី។ ការណ៍នេះសបញ្ជាក់ឱ្យឃើញថា ទីក្រុងមូស្គូនៅតែបន្តទទួលបានការគាំទ្រពីទីក្រុងប៉េកាំង បើទោះបីជាខ្លួនទើបតែជួបជាមួយបញ្ហាការបះបោរបរាជ័យរបស់ក្រុមទាហានស៊ីឈ្នួល វ៉ែកណឺ (Wagner) ក៏ដោយ។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វ៊ូ (Li Shangfu) បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយលោក នីកូឡាយ យ៉េវម៉េនូវ (Nikolai Yevmenov) អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ីថា «ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា ទំនាក់ទំនងរវាងយោធារបស់ភាគីទាំងពីរនឹងបន្តកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ធ្វើឱ្យមានវឌ្ឍនភាពថ្មីៗជាបន្តបន្ទាប់ និងឈានដល់កម្រិតថ្មីមួយទៀត»។
លោក លី បានឱ្យដឹងថា លោកសង្ឃឹមថាកងទ័ពជើងទឹកទាំងពីរអាចពង្រឹងទំនាក់ទំនង ធ្វើសមយុទ្ធរួមគ្នាជាទៀងទាត់ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិពីទីក្រុងប៉េកាំង។
នេះបង្ហាញថា ក្រុងប៉េកាំងកំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូ ពោលគឺបន្ទាប់ពីមានការបះបោររបស់ក្រុមទាហានស៊ីឈ្នួល វ៉ែកណឺ នាពេលថ្មីៗនេះ ដែលបានបង្កការគំរាមកំហែងដ៏ធំបំផុតដល់ការដឹកនាំរបស់លោក វ្ល៉ាឌីមៀ ពូទីន ដែលមិនធ្លាប់មានពីមុនមក។
ក្រសួងការបរទេសចិនបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការរក្សាស្ថិរភាពក្នុងស្រុក ហើយរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang) ក៏បានជួបប្រជុំជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាន់ដ្រី រូដេនកូ (Andrey Rudenko) ផងដែរ។
គួរដឹងដែរថា ប្រទេសចិនបានរក្សាទំនាក់ទំនងល្អជាមួយលោក ពូទីន ចាប់តាំងពីមេដឹកនាំរុស្ស៊ីម្នាក់នេះបានបញ្ជាឱ្យមានការឈ្លានពានទឹកដីរបស់ប្រទេសអ៊ុយក្រែនកាលពីដើមឆ្នាំ២០២២ កន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ ចិនក៏បានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកជុំវិញបញ្ហាសង្គ្រាមឈ្លានពានទៀតផង។
ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ហាក់កំពុងរួបរួមគ្នាដើម្បីប្រឈមមុខនឹងការត្រួតត្រារបស់សហរដ្ឋអាមេរិកនៅក្នុងសណ្តាប់ធ្នាប់ពិភពលោក។ ចិន និងរុស្ស៊ីក៏កំពុងប្រឈមមុខនឹងការដែលមានទំនាក់ទំនងកាន់តែអាក្រក់ទៅៗ ជាមួយប្រទេសប្រជាធិបតេយ្យធំៗមួយចំនួនផងដែរ។
គួរបញ្ជាក់ថា លោក លី ត្រូវបានទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មកាលពីឆ្នាំ២០១៨ ជុំវិញការទិញសព្វាវុធពីរុស្ស៊ី។ យ៉ាងណាមិញ ប្រទេសចិនបានបដិសេធមិនបន្តការសន្ទនាកម្រិតខ្ពស់ផ្នែកយោធាជាមួយសហរដ្ឋអាមេរិកនោះទេ ដោយបានដាក់លក្ខខណ្ឌថា លុះត្រាតែអាមេរិកធ្វើការលុបចោលទណ្ឌកម្មទាំងអស់នោះជាមុនសិន៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ The Bloomberg China Says It Wants More Cooperation with Russia’s Military