​គណបក្ស​ចលនា​ឆ្ពោះ​មុខ​ និង​​ភឿថៃ​ ដែល​នាំ​មមុខ​​​​ក្នុង​​ការ​​បោះ​ឆ្នោត​​​ ​​សម្រេច​បាន​​កិច្ច​ព្រម​ព្រៀង​លើតំណែង​​ប្រធាន​សភា​បន្ទាប់​

ថៃ៖ គណបក្ស​ធំ​ៗ​ពីរ​​​ដែល​​នាំ​មុខគេ​​ក្នុង​ការ​បោះ​ឆ្នោត​​ថៃ​ រួម​មាន​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP)​ និង​គណបក្ស​ភឿថៃ​ កាល​ពី​ថ្ងៃ​ទី​៣ ខែកក្កដា​​ បាន​ព្រម​ព្រៀង​គ្នា​លើ​ការ​តែង​តាំង​សមាជិក​​ជាន់​ខ្ពស់​នៃ​ក្រុម​​បក្ស​នយោបាយ​ចម្រុះ​របស់​ខ្លួន​ ជា​​​ប្រធាន​សភា​តំណាង​បន្ទាប់​។​

ការ​សម្រេច​នេះ​ ដែល​ធ្វើ​ឡើង​តាម​រយៈ​ការ​​​បោះឆ្នោត​សភា​ ​ត្រូវ​បាន​ប្រកាស​​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​​ក្រោយ​​ការ​បើក​រដ្ឋ​សភា​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​ CNA ។

បេក្ខជន​នាយករដ្ឋ​មន្រ្តី​នាំ​មុខ​ និង​​មេដឹកនាំនៃ​​​គណបក្ស​ MFP លោក​ ភីតា​ លីមចារ៉នរ៉ាត​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ​៖ «​យើង​នឹងស្នើ​​​​តែង​តាំង​លោក​ Wan Muhamad Noor Matha ​ជា​ប្រធាន​សភា​តំណាង​រាស្រ្ត​ ដោយ​មាន​សមាជិក​សភា​មក​ពី​គណបក្ស​ MFP ​ជា​អនុ​ប្រធាន​ទី​១​ និង​សមាជិក​សភា​មក​ពី​គណបក្ស​ភឿ​ថៃ ​ជា​អនុ​ប្រធាន​ទី​២​»​។ ​

​លោក​ Wan​ Noor វ័យ​ ៧៩ ឆ្នាំ​ ដែល​ធ្លាប់​ដឹក​នាំ​ក្រសួង​ជា​ច្រើន​​ក្នុង​រដ្ឋាភិបាល​មុន​ៗ​​​ និង​ជា​ប្រធាន​សភា​ចន្លោះ​ឆ្នាំ​ ១៩៩៦ និង​ ២០០០  ​បច្ចុប្បន្ន​គឺ​​ជា​មេដឹក​នាំ​នៃ​គណបក្ស​​ប្រាឆាឆាត​ (Prachachat) ​ដែល​បា​ន​ចូល​រួម​​​ក្រុម​សម្ព័ន្ធ​ជាមួយ​គណបក្ស​ MFP ​និង​ភឿថៃ​ ​ដើម្បី​បង្កើត​សម្ព័ន្ធ​ភាព​ចម្រុះ​​ដែល​មាន​សមាជិក​​ចំនួន​ ៨ គណបក្ស​ ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា​។ ​

​យោង​​ទៅ​តាម​លោក​ ភីតា​ កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​សំណើ​តែង​តាំង​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​សម្រេច​បាន​នូវ​ឯកភាព​ក្នុង​ចំណោម​គណបក្ស​ចម្រុះ​ទាំង​​៨​ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​បន្ទាប់​ដែល​មាន​លោក​ជា​នាយក​រដ្ឋ​មន្ត្រី​។ ​

លោក​​បន្ថែម​ថា​ បេក្ខជន​ដែលស្នើ​ឡើង​ទាំង​​៣​នាក់​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជំរុ​ញ​របៀប​វារៈ​ ដែល​នឹង​នាំ​មក​នូវ​តម្លាភាព​ ការ​ត្រួត​ពិនិត្យ​ និង​តុល្យភាព​ និង​ប្រសិទ្ធភាព​ដល់​ប្រព័ន្ធ​សភា​ថៃ​ ខណៈ​​ធានា​ថា​ សភា​​ជា​​របស់​ប្រជាជ​ន​​ថៃ​។

ទោះ​បី​ជា​បែប​នេះ​ក៏ដោយ​ ក៏​គួរ​បញ្ជាក់​ថា​ រហូត​មក​ទល់​ពេល​នេះ​ តំណែង​នាយករដ្ឋ​មន្រ្តី​បន្ទាប់​កំពុង​ស្ថិត​នៅ​​ក្នុង​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ​ ដោយ​ហេតុ​ថា​ ក្រោម​រដ្ឋ​ធម្មនុញ្ញ​​ថៃ​ លោក​ ភីតា​ និង​​សម្ព័ន្ធ​នេះ​ ត្រូវ​ការ​សំឡេង​គាំទ្រ​យ៉ាង​តិច​ ៣៧៦ សំឡេង​ ​ពី​​​​​សភា​ទាំង​២​របស់​ប្រទេស​ ដើម្បី​ក្លាយ​ជា​នាយករដ្ឋ​មន្រ្តី​ និង​បង្កើត​រដ្ឋាភិបាល​ថ្មី​​ ខណៈ​សម្ព័ន្ធ​គណបក្ស​នយោបាយទាំង​៨​ អាច​ផ្ដល់​សំឡេង​គាំទ្រ​ពី​សមាជិក​សភា​ ត្រឹម​​តែ​ ៣១៣ សំឡេង​ប៉ុណ្ណោះ​៕

ប្រែសម្រួល៖ហួន ឌីណា  ប្រភព​៖ ​ Thai election winner and major ally reach agreement on House Speaker

ads banner