ថ្ងៃទីបួននៃការឃោសនាបោះឆ្នោត ៖ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឱ្យដឹងថាស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើ​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។

គ.ជ.ប បានបន្តថា ថ្ងៃទី៤ ខែកក្កដា នេះ គឺជាថ្ងៃទីបួន នៃយុទ្ធនាការឃោសនាបោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមលទ្ធភាព និងមធ្យោបាយរបស់ខ្លួន។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅថ្ងៃទីបួននេះមានគណបក្ស នយោបាយចំនួន៣បានធ្វើសកម្មភាពហែក្បួនឃោសនា។ក្នុងនោះគណបក្សខ្មែររួបរួមជាតិបានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តពោធិ៍សាត់ និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្ដាល។
រីឯការឃោសនាបោះឆ្នោតតាមរូបភាពផ្សេងៗទៀតដូចជា ការជួបប្រជុំ ការចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការប្រគំតន្ត្រី ការចាក់បញ្ចាំងស្លាយ (Slide) វីដេអូ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងបដានៅទី​សាធារណៈ គឺមានសកម្មភាពជាហូរហែ។
គ.ជ.ប បញ្ជាក់ថា ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕ដោយ៖ពលជ័យ

ads banner