នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ថា សន្តិសុខសណ្តាប់ធ្នាប់អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតមានសភាពល្អ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋានគណ:បញ្ជាការសន្តិសុខអចិន្ត្រៃយ៍ (គ.ស.អ) បានអះអាងថា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានសភាពល្អប្រសើរនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នេះ ចាប់តាំងពីថ្ងៃដំបូង ដែលជាការខិតខំប្រឹងប្រែង និងកិច្ចសហការពីកងកម្លាំងគ្រប់រូប។

ឯកឧត្តមបានថ្លែងដូចនេះ អំឡុងចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយក្រុមទី១ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន គ.ស.អ ផ្ទាល់ សម្រាប់បេសកកម្មគោលដៅការពារសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី៤ ខែកក្កដា។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត សាវឿន បានលើកឡើងថា ៖ «សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ បានដំណើរការទៅដោយល្អប្រសើរ អំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ចាប់តាំងពីថ្ងៃទី១ ខែកក្កដា មកដល់ពេលនេះ»។

នាឱកាសចុះពិនិត្យ និងដឹកនាំវេនប្រចាំបញ្ជានេះដែរឯកឧត្តមក៏បានណែនាំដល់កងកម្លាំងទាំងឡាយឲ្យបន្តខិតខំប្រឹងប្រែងលើកិច្ចការ និងភារកិច្ចនេះឲ្យកាន់តែល្អថែមទៀត ដើម្បីឱ្យដំណើរការនៃយុទ្ធនាឃោសនាការរកសម្លេងឆ្នោតសម្រាប់អាណត្តិនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សាណាមួយកើតឡើង។

ទាក់ទងនឹងយុទ្ធនាការឃោសនាបោះឆ្នោតនេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានៅថ្ងៃទី៤ ខែកក្កដានេះថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។

គ.ជ.ប បានបន្តថា ថ្ងៃទី៤ ខែកក្កដា នេះ គឺជាថ្ងៃទីបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមលទ្ធភាព និងមធ្យោបាយរបស់ខ្លួន។

លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក បានប្រាប់ឱ្យដឹងដែរថា លោកឯកភាពចំពោះការលើកឡើងរបស់គ.ជ.ប និងស្នងការនគរបាលជាតិ ដែលលោកក៏មើលឃើញពីចំណុចល្អនៃការគ្រប់គ្រងសណ្តាប់ធ្នាប់សារធារណៈ និងសន្តិសុខ នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរង្វង់ប៉ុន្មានថ្ងៃនេះដែរ។

លោកថ្លែងថា៖ «គ្មានអ្វីដែលរាំងស្ទះនោះទេ ហើយក៏គ្មាននរណាទៅរារាំង ធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតខាងមុខនេះដែរ ដោយសារតែវិធានការម៉ឺងម៉ាត់របស់សមត្ថកិច្ច គួបផ្សំនឹងវិសោធនកម្មច្បាប់ដែលទើបតែអនុម័តថ្មីៗនេះដែរ ចំពោះជនណាដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនេះ»។

សូមបញ្ជាក់ថា ក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មានភារកិច្ច ក្នុងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធដល់ការបោះឆ្នោត ការអនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន ក្នុងពេល និងក្រោយការបោះឆ្នោត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner