គ.ជ.ប ទទួលស្គាល់ផ្លូវការនូវភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតការណ៍បោះឆ្នោត ដែលមានជិតប្រាំមួយម៉ឺននាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដែលមានចំនួនសរុបចំនួន ៥៧, ០១២នាក់ ក្នុងនោះស្រ្តីមានចំនួន ១៦,៦២៤ នាក់ សម្រាប់សង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី ៣ ខែកក្កដា ឱ្យដឹងថា គណបក្សនយោបាយទាំង ១៨ ដែលចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នេះ មានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ បានដាក់ភ្នាក់ងារគ្រប់ការិល័យបោះឆ្នោតទាំងអស់ ហើយគណបក្សហ៊ុនស៊ិនប៉ិចស្ថិតនៅលើចំណាត់បន្ទាប់ ខណៈគណបក្ស ១៦ ផ្សេងទៀតមិនបានដាក់ភ្នាក់ងារគ្រប់ការិយាល័យនោះទេ ដោយអាស្រ័យលើលទ្ធភាពរបស់គណបក្សនោះ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី៤ ខែកក្កដា បានប្រាប់ឱ្យដឹងថា តាមប្រតិទិនរបស់គ.ជ.ប បានទទួលចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងនោះ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការនូវភ្នាក់ងារបស់គណបក្សនយោបាយសរុបទាំងពេញសិទ្ធិ និងបម្រុងចំនួន ៥៧, ០១២នាក់។

ឯកឧត្តមបានថ្លែងឱ្យដឹងថា ៖ «តួនាទីរបស់ភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតការណ៍បោះឆ្នោតនេះ ខុសពីភ្នាក់ងារអ្នកសង្កេតការណ៍។ អ្នកសង្កេតការណ៍មានតួនាទីប្រើប្រាស់ភ្នែកសម្លឹងមើល ត្រចៀកសម្រាប់ស្តាប់ និងដៃសម្រាប់កត់ត្រានូវរាល់សកម្មភាពនានា និងមិនមានយោបល់ក្នុងការិយាល័យបោះឆ្នោតនោះទេ។ រីឯភ្នាក់ងារអ្នកសង្កេតការណ៍គណបក្សនយោបាយមានសិទ្ធិដូចអ្នកសង្កេតការណ៍ដែរ ប៉ុន្តែថែមសិទ្ធិតែមួយទៀត គឺការនិយាយស្តី និងការប្តឹងតវ៉ាជំទាស់ទៅនឹងការសម្រេចរបស់ប្រធានការិយាល័យបោះឆ្នោត»។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ទៀតថា ចំពោះគណបក្សនយោបាយមួយចំនួនដែលមិនបានដាក់ភ្នាក់ងាររបស់ខ្លួននៅគ្រប់ការិយាល័យបោះឆ្នោត មិនមែនជាបញ្ហានោះទេ ព្រោះបើពិនិត្យទៅលើទិដ្ឋភាពច្បាប់ គឺគណបក្សនយោបាយដែលបានចូលរួមការបោះឆ្នោតនេះ អាច ឬមិនអាច ដាក់ភ្នាក់ងាររបស់ខ្លួនដើម្បីសង្កេតមើលក្នុងដំណើការបោះឆ្នោតបាន។ ដូច្នេះ ពាក្យថា អាចនេះ មានន័យថា ដាក់ក៏បាន និងមិនដាក់ក៏បាន ពីព្រោះនៅក្នុងកាបោះឆ្នោត មានមន្ត្រីជំនាញទទួលបន្ទុករបស់គ.ជ.ប រហូតដល់ ៦ នាក់ក្នុងមួយការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

ឯកឧត្តមបានថ្លែងថា ៖ «នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ មានគណបក្សមួយ បានអះអាងថា មិនដាក់ភ្នាក់ងារគណបក្សរបស់ខ្លួនទេ ដោយទុកចិត្តលើ គ.ជ.ប។ អីចឹង! ការដាក់ ឬមិនដាក់អាស្រ័យលើការសម្រេចចិត្តផ្ទាល់របស់គណបក្សនោះប៉ុណ្ណោះ។ ប៉ុន្តែការដាក់ភ្នាក់ងារហ្នឹងទៀតសោត លុះត្រាតែគណបក្សនយោបាយនោះ ត្រូវបានទទួលស្គាល់ជាផ្លូវការថា ជាគណបក្សក្នុងមណ្ឌលដែលមានការប្រកួតប្រជែង ទើបអាចដាក់ភ្នាក់ងារបាន ព្រោះភ្នាក់ងារជាតំណាងឱ្យគណបក្ស»៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner