គ.ជ.ប៖ ថ្ងៃទីបួននៃការឃោសនារកសំឡេងឆ្នោត ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីបួន នៃយុទ្ធនាការឃោសនា បោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដា គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនា បោះឆ្នោត តាមលទ្ធភាព និងមធ្យោបាយរបស់ខ្លួន។
 
ប្រភពដដែលបន្តថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅថ្ងៃទីបួននេះ មាន គណបក្ស នយោបាយ ចំនួន ៣ បានធ្វើសកម្មភាពហែក្បួនឃោសនា។ ក្នុងនោះ គណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តពោធិ៍សាត់ និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌល ខេត្ត កណ្ដាល។
រីឯការឃោសនាបោះឆ្នោតតាមរូបភាពផ្សេងៗទៀតដូចជា ការជួបប្រជុំ ការចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការប្រគំតន្ត្រី ការចាក់បញ្ចាំងស្លាយ (Slide) វីដេអូ ការចែកខិត្តបណ្ណតាម ខ្នងផ្ទះ ការបិទខិត្តបណ្ណ និងបដានៅទីសាធារណៈ គឺមានសកម្មភាព ជាហូរហែ។
 
 គ.ជ.ប បញ្ជាក់ថា ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនា បោះឆ្នោត របស់គណបក្សនយោបាយក្នុងថ្ងៃទីបួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner