El Nino ទំនងជាបង្កឱ្យមានការកើនឡើងនៃសីតុណ្ហភាពពិភពលោក

ហ្សឺណែវ៖ អង្គការឧតុនិយមពិភពលោក (WMO) បានឲ្យដឹងថា បាតុភូត El Nino ទំនងជាបង្កឱ្យមានការកើនឡើង នៃសីតុណ្ហភាពពិភពលោក។

លោក Wilfran Moufouma-Okia ប្រធានសេវាកម្មព្យាករណ៍អាកាសធាតុប្រចាំតំបន់ នៅអង្គការឧតុនិយមពិភពលោក (WMO) បាននិយាយក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា បាតុភូតអាកាសធាតុ El Nino ទំនងជានឹងកើនឡើងសីតុណ្ហភាពពិភពលោក នៅឆ្នាំនេះ។

បាតុភូត El Nino ត្រូវបានគេដឹងថា ជាគំរូអាកាសធាតុដែលកើតឡើងដោយធម្មជាតិ ដែលជាធម្មតា ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងកំដៅ នៅទូទាំងពិភពលោក ក៏ដូចជា គ្រោះរាំងស្ងួតនៅក្នុងផ្នែកខ្លះនៃពិភពលោក និងភ្លៀងធ្លាក់ខ្លាំងនៅកន្លែងផ្សេងទៀត។

អង្គការឧតុនិយមពិភពលោក បាននិយាយ កាលពីថ្ងៃអង្គារ សប្តាហ៍នេះថា បាតុភូតអាកាសធាតុ El Nino ដែលបង្កឱ្យមានសីតុណ្ហភាពពិភពលោកកាន់តែខ្ពស់ ហើយត្រូវបានព្យាករណ៍ថា នឹងបន្តពេញមួយឆ្នាំ ២០២៣ ហើយនឹងមាន “យ៉ាងហោចណាស់ មានកម្លាំងមធ្យម” ។

រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) របស់សហរដ្ឋអាមេរិកបានប្រកាស កាលពីថ្ងៃទី ៨ ខែមិថុនាថា បាតុភូត El Nino បានមកដល់ហើយ ដោយព្រមានថា វាអាច “អាចនាំឱ្យមានកំណត់ត្រាថ្មីសម្រាប់សីតុណ្ហភាព” ។

ចាប់តាំងពីឆ្នាំ២០២០ មក ពិភពលោកត្រូវបានរងផលប៉ះពាល់ដោយបាតុភូត La Nina ដ៏វែងឆ្ងាយ ពិសេស – ភាពត្រជាក់ផ្ទុយពី El Nino ដែលបានបញ្ចប់ នៅដើមឆ្នាំនេះ។

យ៉ាងណាមិញ អង្គការសហប្រជាជាតិបាននិយាយថា រយៈពេលប្រាំបីឆ្នាំចុងក្រោយនេះ គឺក្តៅបំផុតមិនធ្លាប់មាន ក្នុងការកត់ត្រា បើទោះបីជាឥទ្ធិពលត្រជាក់របស់ La Nina អូសបន្លាយជិតពាក់កណ្តាលរយៈពេលនោះ។ បើគ្មានបាតុភូតអាកាសធាតុ La Nina នោះ កំដៅអាចកាន់តែអាក្រក់ទៅៗ។

លោក Petteri Taalas ប្រធានអង្គការឧតុនិយមពិភពលោក បាននិយាយថា “ការចាប់ផ្តើមនៃ El Nino នឹងបង្កើនលទ្ធភាពនៃការបំបែកកំណត់ត្រាសីតុណ្ហភាព និងបង្កឱ្យមានកំដៅខ្លាំងបន្ថែមទៀតនៅក្នុងតំបន់ជាច្រើននៃពិភពលោក និងនៅក្នុងមហាសមុទ្រ” ។

លោក Taalas បាននិយាយថា «ការប្រកាសអំពី El Nino ដោយ WMO គឺជាសញ្ញាដល់រដ្ឋាភិបាលជុំវិញពិភពលោក ដើម្បីប្រមូលការត្រៀមលក្ខណៈដើម្បីកំណត់ផលប៉ះពាល់លើសុខភាព ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចរបស់យើង»។

លោក Taalas បន្តថា «ការព្រមានជាមុន និងសកម្មភាពប្រមើលមើលជាមុននៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដែលទាក់ទងនឹងបាតុភូតអាកាសធាតុដ៏សំខាន់នេះ គឺមានសារៈសំខាន់ក្នុងការជួយសង្គ្រោះជីវិត និងជីវភាពរស់នៅ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner