លោកជំទាវ តឹករ៉េត កំរង បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាបអញ្ជើញជួបម្ចាស់ឆ្នោតនៅឃុំកន្រ្ទាំង
សៀមរាប៖លោកជំទាវ តឹករ៉េត កំរង បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាបនៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាបកាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៤នៃយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

ក្នុងឱកាសនេះប្រជាពលរដ្ឋបានសម្ដែងនូវការគាំទ្រយ៉ាងកក់ក្តៅចំពោះគណបក្សប្រជាជនកម្ពុជាដែលជានិច្ចកាលរួមរស់ជាមួយប្រជាជន ធ្វើអ្វីៗដើម្បីភាពសុខសាន្តរបស់ប្រជាជន ការលើកកម្ពស់ជីវភាពប្រជាជន ពិសេសការនាំមកនូវសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យដូចសមិទ្ធផលនានាជាភស្តុតាងស្រាប់។
វត្តមានរបស់លោកជំទាវ តឹករ៉េត កំរង ក្នុងឱកាសនេះលោកជំទាវបានរំលឹកដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតសូមត្រៀមទុកជាស្រេចនូវឯកសារចំាបាច់តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ១៨ និងគូសឱ្យចំកន្លែង។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា។
គ.ជ.ប កាលពីថ្ងៃទី៤ខែកក្កដាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងរយៈពេលបួនថ្ងៃនៃយុទ្ធនាកាឃោសនាការបោះឆ្នោតជារួមស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបួននេះបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា៕
ដោយ៖ពល ជ័យ




