អង្គការមេត្តាធម្មជាតិ បានបើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្ម ទៅដល់សហគមន៍អារ៉ែង

អត្ថបទដោយ៖
CPA

កោះកុង៖​ អង្គការមេត្តាធម្មជាតិ ក្រោមការគាំទ្រពីក្រសួងបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្ម និងការចិញ្ចឹមសត្វ ទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍អារ៉ែង ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ និ ងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាសហគមន៍។

លោក ម៉ូត គឹមរី អនុប្រធានអង្គការមេត្តាធម្មជាតិ បានប្រាប់​ឱ្យដឹងនៅថ្ងៃទី​៥ ខែកក្កដាថា​ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថានក្រុមការងាររបស់អង្គការលោក​បានរៀបចំ​សិក្ខាសាលាផ្សព្វផ្សាយ​ពីគម្រោង «សហគមន៍រ៉ុងរឿង» ដែលគម្រោងនេះនឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញកសិកម្ម និងការចិ​ញ្ចឹមសត្វទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍អារ៉ែង ខណៈដែលគម្រោងនេះ ​ចាប់អនុវត្តចាប់ពីដើមខែក ក្កដានេះ​ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៣។

លោកបាន​លើកឡើងថា មូលហេតុដែលអង្គការអនុវត្តគម្រោង «សហគមន៍រ៉ុងរឿង»​ ដោយជ្រើសរើសយ​កសហគមន៍អារ៉ែងនៅក្នុងភូមិច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុងនេះ ​ដោយសារនៅក្នុងសហគ​មន៍អារ៉ែង ជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ រួមទាំងស្ថានភាពដីនៅតំបន់នោះ ក៏មានជីវជាតិល្អ ទាំងការធ្វើកសិកម្ម និងទាំងការចិញ្ចឹមសត្វ។

ស្របពេលដែលប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ គឺមិនទាន់មានបច្ចេកទេសត្រឹមត្រូវល្អ ដើម្បីចិញ្ចឹមសត្វ និងធ្វើកសិកម្មឱ្យបានផលសម្រាប់ទ្រទ្រង់សហគមន៍របស់ពួកគាត់ និងសម្រាប់ទ្រទ្រង់ក្នុងវិស័យទេសចរណ៍ផងដែរ។ នេះបើតាមការបន្ថែមពីលោក ម៉ូត គឹមរី។

លោក​បាន​បន្ត​ថា របៀបនៃការដាំដំណាំ និងការចិញ្ចឹមសត្វរបស់ពួកគាត់បែបប្រពៃណី គឺវាមិនអាចបម្រើដល់ការផ្គត់ផ្គង់អាហារ ត្រី សាច់ បន្លែ នៅក្នុងសហគមន៍របស់ពួកគាត់បានទេ។ ដូច្នេះប្រជាសហគមន៍នៅតែបន្តចូលព្រៃ រកអនុផលព្រៃឈើ ក៏ដូចជាមានការបរបាញ់សត្វព្រៃ និងរួមទាំងការកាប់ព្រៃឈើ ដើម្បីយ​កដីធ្វើចម្ការវិលជុំ ឫយកឈើទៅលក់ជាដើម។

លោក ម៉ូត គឹមរី បាន​ថ្លែងថា  យើងក៏បានទទួលគំនិត និងការផ្ដួចផ្ដើមពីខាងក្រសួងបរិស្ថានដែរ សម្រាប់គម្រោង សហគមន៍រុងរឿងហ្នឹង យើងបានផ្ដល់ការបណ្ដុះបណ្ដាលសហគមន៍ឱ្យគាត់ចេះរបៀបធ្វើកសិកម្មតាមបែបបច្ចេកទេសត្រឹមត្រូវ ទាំងការដាំបន្លែ និងការចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋានគាត់ ដើម្បីផ្គត់ផ្គង់ទាំងតម្រូវការសហគមន៍ផ្ទាល់ ហើយក៏និងដើម្បីផ្គត់ផ្គង់ទៅលើទេសចរណ៍ដែលមកតំបន់អារ៉ែង ឱ្យមានអាហារហូបចុកគ្រប់គ្រាន់។

លោកបន្តថា ក្រៅពីការផ្គត់ផ្គង់តម្រូវការក្នុងសហគមន៍របស់ពួកគាត់ និងការផ្គត់ផ្គង់ភ្ញៀវទេសចរបានគ្រប់គ្រាន់ហើយ ផលដំណាំកសិកម្ម និងការចិញ្ចឹមសត្វរបស់ពួកគាត់ ក៏អាចមានលទ្ធភាពយកមកលក់នៅលើទីផ្សារខាងក្រៅបានផងដែរ។

សូមបញ្ជាក់ថា គម្រោង «សហគមន៍រ៉ុងរឿង» នេះ នឹងធ្វើការបណ្ដុះបណ្ដាលឱ្យប្រជាសហគមន៍ ​មានការកែប្រែឥរិយាបថនៃការធ្វើកសិកម្ម និងការចិញ្ចឹមសត្វនៅក្នុងគ្រួសាររបស់ពួកគាត់ ហើយ​គម្រោងនេះ ក៏នឹងកបង្កើតនូវកសិដ្ឋានគំរូមួយ ដើម្បីឱ្យពួកគាត់បានធ្វើការរួមគ្នា ក្នុងការផ្គត់ផ្គង់ឱ្យមានលក្ខណៈទ្រង់ទ្រាយធំជាងមុន។

ទាក់ទងនឹង​បង្កើតកសិដ្ឋាននេះ លោក ម៉ូត គឹមរី បាន​ប្រាប់ដែរថា​​ប្រសិនជាគម្រោង «សហគមន៍រុងរឿង»​បញ្ចប់ដោយជោគជ័យ លោក​នឹងធ្វើការ​ជជែកជាមួយក្រសួងបរិស្ថានបន្តទៅទៀត ដើម្បីស្នើសុំឱ្យមានការអ​នុវត្តគម្រោងនេះ នៅក្នុងសហគមន៍ផ្សេងៗទៀតក្នុងទូទាំងខេត្តកោះកុង​។

លោកបញ្ជាក់ថា ៖ «ប្រសិនជាសហគមន៍គាត់ជោគជ័យក្នុងការធ្វើកសិកម្ម និង​ការចិញ្ចឹមសត្វ នោះ​ការដា​ក់អន្ទាក់សត្វព្រៃ ការកាប់ព្រៃឈើ នឹងមានការថយចុះ ហើយធនធានធម្មជាតិ និងជីវៈចម្រុះ នឹងមិនរងស​ម្ពាធទៀតនោះទេ»៕

ដោយ៖ជា សុខនី

ads banner