ប្រធានផ្នែកអាកាសធាតុរបស់សហភាពអឺរ៉ុប ជំរុញឱ្យមានការសហការជាមួយប្រទេសចិន ដោះស្រាយវិបត្តិអាកាសធាតុ

ប៉េកាំង៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ប្រធានផ្នែកអាកាសធាតុរបស់សហភាពអឺរ៉ុប លោក ហ្វ្រង់ ធីមមឺម៉ាន (Frans Timmermans) បានអំពាវនាវឱ្យបណ្ដាប្រទេសធ្វើការសហការជាមួយប្រទេសចិន ដើម្បីដោះស្រាយវិបត្តិអាកាសធាតុឱ្យបានឆាប់រហ័ស ខណៈដែលប្រទេសចិនកំពុងត្រៀមលក្ខណៈដើម្បីធានាការផ្គត់ផ្គង់ថាមពលបានគ្រប់គ្រាន់នៅអំឡុងរដូវក្ដៅខ្លាំងនេះ។​

​លោក ធីមមឺម៉ាន ដែលស្ថិតនៅក្នុងទីក្រុងប៉េកាំងដើម្បីចូលរួមកិច្ចពិភាក្សាអំពីអាកាសធាតុ កាលពីថ្ងៃទី​៤ បានជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក ទីង សៀស៊ាង (Ding Xuexiang) នៅឯផ្ទះទទួលភ្ញៀវតាវយូថាយ (Diaoyutai) ជាកន្លែងដែលមេដឹកនាំរបស់ប្រទេសចិនតែងតែប្រើប្រាស់ជាទីតាំងទទួលភ្ញៀវបរទេសជាន់ខ្ពស់កន្លងមក។​

លោក ធីមមឺម៉ា​ន បានលើកឡើងថា ៖ «មនុស្សជាតិកំពុងប្រឈមមុខនឹងវិបត្តិចំនួនបីធំៗ ពោលគឺការឡើងកំដៅផែនដី​ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិយាកាស»។ លោក ធីមមឺម៉ាន បានប្រាប់លោក ទីង បន្ថែមថា ការសហការគ្នារ​វាងចិន និងសហភាពអឺរ៉ុប អាចនឹងជួយជំរុញឱ្យមានសកម្មភាពជាសកលកាន់តែឆាប់រហ័ស។​

បន្ថែមលើនេះ លោក ទីង បានថ្លែងថា បរិស្ថាននិងអាកាសធាតុតែងតែជាចំណុចផ្តោតសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការរវាងចិន និងសហភាពអឺរ៉ុប។ លោកក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការតាមរយៈការសន្ទនា មានភាពប្រសើរឡើង។​

គួរដឹងដែរថា កាលពីថ្ងៃចន្ទ លោក ធីមមឺម៉ាន បាននិយាយថា ​ប្រទេសចិនគួរតែកាត់បន្ថយការបញ្ចេញកាបូនឱ្យបានលឿនជាងមុន ខណៈដែលថវិកាចំណាយទៅគម្រោងកាត់បន្ថយកាបូនរបស់ពិភពលោក កំពុងធ្លាក់ចុះ។​

យោងតាមសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបបានឱ្យដឹងថា លោក ធីមមឺម៉ាន បានថ្លែងនៅក្នុងសុន្ទរកថានៅសាកលវិទ្យាល័យ ស៊ីងហួ (Tsinghua) នៅទីក្រុងប៉េកាំង ថា ៖ «ប្រទេសចិននៅតែបន្តបង្កើនការប្រើប្រាស់ថាមពលធ្យូងថ្មបន្ថែម។ វាគឺជាកត្តាដ៏សំខាន់ដែលរួមចំណែកដល់ការឡើងកម្ដៅជាសកល។ ខ្ញុំគិតថាយើងទាំងអស់គ្នាគួរតែទទួលស្គាល់ចំណុចនេះទាំងអស់គ្នា ដែលថាវាជាវិធីដ៏កខ្វក់ក្នុងការផលិតថាមពលអគ្គិសនី»។​

គួរបញ្ជាក់ថា ប្រទេសចិនបានសន្យាកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មរបស់ខ្លួន ប៉ុន្តែនឹងចាប់ផ្ដើមកាត់បន្ថយនៅឆ្នាំ២០២៦ ឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃចន្ទ មន្ត្រីចិនបានស្នើឱ្យរោងចក្រថាមពល និងអ្នកផ្គត់ផ្គង់ធ្យូងថ្មទាំងអស់ ធ្វើយ៉ាងណា ធានាការផ្គត់ផ្គង់អគ្គិសនីនៅរដូវក្តៅនេះឱ្យបានគ្រប់គ្រាន់ ខណៈដែលទីក្រុងកាន់តែច្រើនកំពុងឡើងកំដៅខ្លាំង៕

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia EU climate chief urges ‘decisive’ joint action with China on climate crisis

ads banner