គណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងអាស៊ាន-G7
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឯកឧត្តម កើត រិទ្ធ បានដឹកនាំគណៈប្រតិភូនៃក្រសួងយុត្តិធម៌ ទៅចូលរួមកិច្ចប្រជុំពិ សេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-G7 នៅប្រទេសជប៉ុន ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ ពាក់ព័ន្ធការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការដោះស្រាយវិវាទពាណិជ្ជកម្មឆ្លងដែនជាដើម។
គណៈប្រតិភូនៃក្រសួងយុត្តិធម៌កម្ពុជាបានចេញដំណើរទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែកក្កដា ដើម្បីចូលរួមកិច្ចប្រជុំខាងលើ ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន ដែលចូលរួមអមដំណើរនោះ បានប្រាប់ឱ្យដឹងតាមរយៈតេឡេក្រាម ពីប្រទេសជប៉ុននៅថ្ងៃទី៥ ខែកក្កដា ថា កិច្ចប្រជុំដែលធ្វើឡើងនៅប្រទេសជប៉ុនមានពីរសំខាន់ៗ ដែលប្រទេសជប៉ុនរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។
លោកបានបន្តថា ក្នុងនោះកិច្ចប្រជុំទី១ ធ្វើឡើងនៅថ្ងៃទី ៦ ខែកក្កដា ដែលជាកិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន និងរដ្ឋមន្រ្តីយុត្តិធម៌នៃបណ្តាប្រទេសដែលជាសមាជិកអាស៊ាន ក្នុងគោលបំណង គឺដើម្បីរំឮកខួប ៥០ឆ្នាំ នៃទំនាក់ទំនងរវាងជប៉ុន និងអាស៊ាន។

ឯកឧត្តម ជិន ម៉ាលីន បានប្រាប់ថា ៖ «ក្រៅពីនេះ គឺការពង្រឹងនូវកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសជប៉ុន និងបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងនោះផ្តោតទៅលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ការពង្រឹងសមត្ថភាព ការប្លាស់ប្តូរព័ត៌មាន និងឯកសារគ្នាពាក់ព័ន្ធនឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់បទល្មើស បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការដោះស្រាយវិវាទពាណិជ្ជកម្មឆ្លងដែនជាដើម»។
ចំណែកឯកិច្ចប្រជុំមួយទៀត ក៏ជាកិច្ចប្រជុំលើកដំបូងដែលរៀបចំដោយប្រទេសជប៉ុនដូចគ្នា នៅថ្ងៃទី ៧ខែកក្កដា ដែលជាកិច្ចប្រជុំរវាងរដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន-អាស៊ាន និងប្រទេសមហាអំណាច G7 ដែលជាកិច្ចប្រជុំក្រៅតំបន់ក្នុងគោលបំណងស្រដៀងគ្នាទៅនឹងកិច្ចប្រជុំខាងលើដែរ។
អ្នកនាំពាក្យដដែល បានបន្តថា ៖ «ក្នុងនោះ ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ មានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ ការផ្លាស់ប្តូរនូវព័ត៌មានឯកសារពាក់ព័ន្ធដល់ការអនុវត្តច្បាប់ ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការដោះស្រាយវិវាទពាណិជ្ជកម្មឆ្លងដែន»។
ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ ដែលហៅកាត់ថា G7 រួមមាន សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង ចក្រភពអង់គ្លេស។
សូមជម្រាបថា ការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌កម្ពុជា គឺតបតាមសំណើ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក KADA Hiroyuki ដែលបានជួបជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឯកឧត្តម កើត រិទ្ធ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ក្នុងវិស័យច្បាប់ និងយុត្តិធម៌។
យោងតាមក្រសួងយុត្តិធម៌ ខ្លឹមសារនៅក្នុងជំនួបនោះភាគីកម្ពុជា បានសម្តែងនូវអំណរគុណចំពោះ អង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស (UNAFEI) ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់កម្ពុជាតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងវិស័យព្រហ្មទណ្ឌដល់មន្ត្រីអនុវត្តច្បាប់កម្ពុជា។
បន្ថែមពីនេះ ឯកឧត្តម កើត រិទ្ធ បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានឯកភាពតាមសំណើរបស់កម្ពុជា ក្នុងការបន្តផ្តល់ជំនួយក្នុងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្សតាមរយៈការពង្រឹងប្រព័ន្ធនឹងការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងបានផ្តល់អាហារូបករណ៍ដល់មន្ត្រីនៃក្រសួងយុត្តិធម៌ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន។
តាមរយៈជំនួបនោះដែរ ឯកឧត្តម កើត រិទ្ធ បានសំណូមពរដល់ភាគីជប៉ុន បន្តផ្តល់ការគាំទ្រដល់កម្ពុជាលើការពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌ ពិសេស ការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាក្នុងវិស័យយុត្តិធម៌បន្ថែមទៀ៕ ដោយ៖សុខ រក្សា
