មុខរបរកសិកម្មដាំបន្លែ ផែ្លឈើបានជួយកសិករមួយគ្រួសារ ដែលធ្លាប់ក្រលំបាកផ្លាស់ប្តូរ មកមានជីវភាពធូរធា
(ខេត្តពោធិ៍សាត់)៖ តាមរយៈការប្រកាន់យកមុខរបរតែមួយមុខគត់ គឺការដាំដំណាំកសិកម្មបានជួយឱ្យ អ្នកស្រី ប៉េន ស៊ីថុល និងស្វាមី ពីបាតដៃទទេផ្លាស់ប្តូរមកមានជីវភាពធូរធា និងពិសេសបានក្លាយជាអ្នកប្រកបរបរកសិកម្មឈានមុខគេនៅសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រទៀតផង។

អ្នកស្រី ប៉េន ស៊ីថុល និង លោក កែវ ពក សត្វថ្ងៃរស់នៅភូមិទំព័រ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងការប្រកាន់យកមុខរបរកសិកម្មដើម្បីចិញ្ចឹមជីវិត និងក៏ដូចជាតាមរយៈការផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកទេសដាំដុះដំណាំកសិកម្មបានជួយឱ្យ អ្នកស្រី និងស្វាមី ហុចផលគួរជាទីគាប់ចិត្តក្នុងនេះអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារឥតជួបការលំបាកដូចមុនទៀតឡើយ។ក្នុងនេះពួកគាត់ទទួលបានជោគជ័យទៅលើការដំណាំស្ពៃក្តោប ការដាំល្ហុងពូជហូឡង់ និងដំណាំកសិកម្មជាច្រើនមុខទៀត។

អ្នកស្រី ប៉េន ស៊ីថុល បានបញ្ជាក់ថា ក្នុងមុខរបរកសិកម្មពុំមានអ្វីជាឧបសគ្គសម្រាប់អ្នកស្រី និងស្វាមីទេ ។ អ្វីដែលសំខាន់យើងត្រូវខិតខំដាំដុះ ផ្គួបផ្សំជាមួយការរៀនបច្ចេកទេសបានច្បាស់លាស់ និងការខិតខំរកទីផ្សារនោះយើងពិតជារឹងមាំក្នុងមុខរបរកសិកមួយនេះហើយ។
ស្រ្តីជាអ្នកដាំដំណាំកសិកម្មលេចធ្លោរូបនេះបានប្រាប់ថា”រយៈពេលជាង៥ឆ្នាំមកនេះខ្ញុំឈរលើការធ្វើកសិកម្មដែលមានទំហំដីជិត២ហិកតាខ្ញុំអាចរកចំណូលមួយខ្ពស់គួរសម។ក្នុងនេះមួយខែអាចរកចំណូលបានប្រមាណ៣លានរៀល និងខែខ្លះលើសពីនេះក្នុងការលក់ដំណាំគ្រប់មុខ”។
លោក កែវ ពក ជាស្វាមីបានបញ្ជាក់ប្រាប់ថា៖ការប្រកាន់មុខរបរកសិកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះធ្វើឱ្យគ្រួសាររបស់លោកកាលពីមុនមកដែលគ្មានប្រាក់កាសអ្វីជាប់ខ្លួនបន្តិចសោះ អាចមានផ្ទះសម្បែងសមរម្យ មានរថយន្ត និងមានអ្វីៗផ្សេងទៀត។

បុរសរូបនេះបានប្រាប់ឱ្យដឹងដែរថា៖ ចាប់ពីចុង ខែមិថុនា ឆ្នាំ២០២៣កន្លងមក លោកបានចាប់ផ្តើមដាំស្ពែក្តោប ដែលបានទទួលការពេញនិយមបរិភោគ ហើយក្នុងនេះទទួលបានការបញ្ជាទិញពីអតិថិជនជាច្រើនក្នុងមូលដ្ឋាន នៅខេត្តបាត់ដំបង ពោធិ៍សាត់ និងនៅរាជធានីភ្នំពេញ។
លោកបានប្រាប់ថាការដាំស្ពៃក្តោបក្នុងទំហំដីប្រមាណ ៤០គុណនឹង៤០ម៉ែត្រ ដែលដាំក្នុងរោង រយៈពេលពី៧០ទៅ១១០ថ្ងៃ អាចរកប្រាក់ចំណូលបានយ៉ាងហោច ១៥លានរៀល ។
លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របានឱ្យដឹងថាប្រជាសហគមន៍របស់លោកបច្ចុប្បន្នភាគច្រើនបានប្រកាន់មុខរបរកសិកម្ម ក្នុងនេះដូចជាដាំស្ពៃក្តោប ល្ហុង ទុរេន ពោត ចេក ខ្នោរជាដើម។ក្រៅពីនេះពួកគាត់ក៏មាន ចិញ្ចឹមសត្វ ដូចជាគោ មាន់ទា ដើម្បីរកចំណូលបន្ថែមផងដែរ។ ចំណែកប្រជាសហគមន៍ខ្លះទៀតក៏បានអាស្រ័យទៅលើសេវ៉ាទេសចរណ៍ និងមួយចំនួន ក៏បានពឹងអាស្រ័យទៅលើអនុផលព្រៃឈើ ដូចជារកផ្សិត រកបន្លែ ទឹកឃ្មុំ ក្នុងព្រៃធម្មជាតិជាដើម៕






ដោយ៖ម៉ាដេប៉ូ