គ.ជ.ប ចេញសេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នារសៀលថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើយោបល់ និងអនុសាសន៍ របស់ភាគីពាក់ព័ន្ធលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការវេចខ្ចប់បញ្ជីបោះឆ្នោតដែលប្រើក្នុងការិយាល័យបោះឆ្នោត ព្រមទាំងការបញ្ជូន ការត្រួតពិនិត្យ និងការរៀបចំទិន្នន័យអ្នកដែលបានមកបោះឆ្នោត។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានរាយការណ៍ជូនអង្គប្រជុំថា គ.ជ.ប បានបញ្ជូនសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ទៅឱ្យភាគីពាក់ព័ន្ធផ្តល់យោបល់ រួមមានក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័ននីតិប្បញ្ញត្តិ ស្ថានប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត គណបក្សនយោបាយ ចំនួន១៨គណបក្ស និងអង្គការមិនមែនរដ្ឋាភិបាល សមាគម សរុបចំនួន ៣៨។ ស្ថាប័នមួយចំនួនបានឯកភាពតាមសេចក្តីព្រាងសេចក្តីសម្រេចរបស់ គ.ជ.ប ផ្ញើជូនផ្តល់យោបល់ រីឯស្ថាប័នមួយចំនួនទៀតបានផ្តល់យោបល់កែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចនោះ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើអនុសាសន៍ និងឯកសារម្តងមួយៗ រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១.ឯកភាពលើសេចក្តីសម្រេច ស្តីពីការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
២.ឯកភាពលើសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការវេចខ្ចប់បញ្ជីបោះឆ្នោតដែលប្រើ ក្នុងការិយាល័យបោះឆ្នោត ព្រមទាំងការបញ្ជូន ការត្រួតពិនិត្យ និងការរៀបចំទិន្នន័យអ្នកដែលបាន មកបោះឆ្នោត។

ចំណែកឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ចាត់ចែងការងារជាបន្ទាន់ដើម្បីបណ្តុះបណ្តាលដល់មន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតឱ្យយល់នូវច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការវេចខ្ចប់បញ្ជីបោះឆ្នោតដែលប្រើក្នុងការិយាល័យបោះឆ្នោត ព្រមទាំងការបញ្ជូន ការត្រួតពិនិត្យ និងការរៀបចំទិន្នន័យអ្នកដែលបាន មកបោះឆ្នោត ដែល គ.ជ.ប ទើបសម្រេចថ្មីនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ គ.ជ.ប



