គ.ជ.ប មានវិធានការគ្រប់គ្រាន់ចំពោះជនដែលឃោសនាមិនពិតអំពីទឹកខ្មៅជ្រលក់ដៃ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ គ.ជ.ប មានវិធានការគ្រប់គ្រាន់ចំពោះជនដែលឃោសនាមិនពិតអំពីទឹកខ្មៅជ្រលក់ដៃនេះ។ វិធានការបង្ការមិនឱ្យបោះឆ្នោតលើសពីមួយដង មិនមែនមានតែការប្រើទឹកខ្មៅលុបមិនជ្រះប៉ុណ្ណោះទេ គ.ជ.ប មានវិធានការជាច្រើនទៀតដូចជា ការតម្រូវឱ្យលេខាធិការយកចិត្តផ្ទៀងផ្ទាត់អត្តសញ្ញាណ គូសសញ្ញាធីកត្រង់ឈ្មោះអ្នកបោះឆ្នោតដែលបានអញ្ជើញមកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ដើម្បីសម្គាល់ថា អ្នកបោះឆ្នោតនោះបានបោះឆ្នោតរួច កិច្ចដំណើរការទាំងអស់ត្រូវបានដាក់ឱ្យស្ថិតក្រោមការតាមដានត្រួតពិនិត្យពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កាតការណ៍នៅក្នុងការិយាល័យបោះឆ្នោត។ល។ ការបញ្ជាក់នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។

គ.ជ.ប បានបន្តថា គ.ជ.ប បានប្រើប្រាស់ទឹកខ្មៅជ្រលក់ដៃសម្រាប់រៀបចំការបោះឆ្នោត ជាសកលនេះ ៦លើករួចមកហើយ ពុំទាន់មានជនណាម្នាក់បន្លំខ្លួនមកបោះឆ្នោត ២ ដងនោះទេ។ ករណីនេះប្រសិនបើមាន នោះ គ.ជ.ប នឹងចាត់វិធានការតាមច្បាប់។ បន្ទាប់ពីឆ្លើយនឹងសំណួរចប់សព្វគ្រប់ គ.ជ.ប បានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់សាកល្បង ជ្រលក់កូនដៃទៅនឹងទឹកខ្មៅលុបមិនជ្រះ។ បន្ទាប់ពីជ្រលក់ម្រាមដៃឆ្វេងរួចមក អ្នកដែលបានសាកល្បងនោះ មានចំនួន២៥នាក់ ហើយបានបញ្ចេញចំណាប់អារម្មណ៍ទទួលស្គាល់ថា ទឹកខ្មៅ ដែលប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ គឺនៅតែមានគុណភាព ល្អដូចការប្រើប្រាស់សម្រាប់ការបោះឆ្នោតកន្លងមកដែរ ហើយសរសើរដល់ គ.ជ.ប ដែលបានរៀបចំចាត់ចែងការបោះឆ្នោតនេះប្រកបដោយតម្លាភាព ក្នុងពិធីបង្ហាញទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនេះ។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតនេះ មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការនគរបាលជាតិ ស្ថានទូតឥណ្ឌា គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ចំនួនប្រមាណ១០០នាក់៕
ដោយ៖ពលជ័យ

ads banner