មន្រ្តីជាន់ខ្ពស់អាស៊ានបើកកិច្ចប្រជុំពិភាក្សាបញ្ហាគ្រឿងញៀន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ពីបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ បានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានលើកទី៤៤ស្តីពីបញ្ហាគ្រឿងញៀន (ASOD)ដើម្បីពិនិត្យឡើងវិញនូវរបាយការណ៍វឌ្ឍនភាពពាក់ព័ន្ធនឹងសន្តិសុខសហគមន៍អាស៊ានប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ សំដៅដាក់ចេញវិធានការឱ្យមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះបានធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ (Videoconference) មានរយ:ពេលបីថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៧ ខែកក្កដា ដោយប្រទេសមីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំនេះ។

អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា តាមរបៀបវារៈនៅថ្ងៃទី៥ ខែ
កក្កដា ជាថ្ងៃចាប់ផ្តើមកិច្ចប្រជុំ ដែលក្រុមមន្រ្តីជំនាញនៃបណ្តាប្រជាជាតិអាស៊ាននឹងបើកកិច្ចពិភាក្សាទៅលើប្រធានបទចំនួន៥ ។ ប្រធានបទទាំងនោះរួមមាន ១. ក្រុមការងារអប់រំបង្ការគ្រឿងញៀន ,២. ក្រុមការងារព្យាបាលស្តារនីតិសម្បទា ,៣. ក្រុមការងារមន្រ្តីអនុវត្តច្បាប់, ៤. ក្រុមការងារអភិវឌ្ឍន៍ដំណាំជំនួស និងទី៥ក្រុមការងារស្រាវជ្រាវ។

ប្រភពដដែលនេះបន្ថែមថា កិច្ចប្រជុំរយ:ពេលបីថ្ងៃនេះ ក្រៅពីប្រធានបទខាងលើ គឺនៅមានរបៀបវារៈជាច្រើនទៀត រាប់ទាំងកិច្ចពិភាក្សា ASOD + ប្រទេសដៃគូផងដែរ។

ឯកឧត្តម មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា សម្រាប់កិច្ចប្រជុំនៅពេលនេះ មិនទាន់មានលទ្ធផលនៅឡើយទេ ខណៈកិច្ចប្រជុំកំពុងដំណើរការទៅតាមរបៀបវារៈ និងប្រធានបទដែលបានដាក់ចេញ ដោយក្រុមការងារបច្ចេកទេស ។

ក្រោយបញ្ចប់កិច្ចប្រជុំនៅថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ តាមគម្រោងនៅពេលល្ងាច ក្រុមការងារបច្ចេកទេសនឹងបូកសរុបការងារ ព្រមទាំងធ្វើរបាយការណ៍ ដាក់ជូនបណ្តាថ្នាក់ដឹកនាំប្រទេសដើម្បីពិនិត្យ និងសម្រេច ។

ឯកឧត្តម មាស វីរិទ្ធ បន្តថា កិច្ចប្រជុំនេះ ដើម្បីចែករំលែកព័ត៌មាន ទៅតាមជំនាញ និងវិស័យ ទាំង ៥ ហើយកន្លងមកនេះ ក្រុមការងារបច្ចេកទេស ក្រោយកិច្ចប្រជុំ នឹងស្នើសុំថ្នាក់ដឹកនាំដើម្បីអនុម័ត ។ ក្រោយថា្នក់ដឹកនាំសម្រេចរួចហើយ ទើបដាក់សុំផែនការពិនិត្យពីគណៈរដ្ឋមន្ត្រី ដើម្បីសម្រាប់កិច្ចប្រជុំអាស៊ាន។

ជាមួយគ្នានេះ លោករំពឹងថា បទអន្តរាគមន៍នានា ដែលបានផ្លាស់ប្តូរ និងចែករំលែកក្នុងពេលកិច្ចប្រជុំ ពាក់ព័ន្ធនឹងការអនុវត្តផែនការ សកម្មភាពសហគមន៍ អាស៊ានប្រឆាំងនឹងបទល្មើសគ្រឿងញៀនឆ្នាំ ២០១៦ ដល់ឆ្នាំ២០២៥ និងទស្សនវិស័យជារួមក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលកំពុងមាននិន្នាការកើនឡើងគួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ននេះអាចនឹងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា តាមខ្លឹមសារឯកសារដែលបានឯកភាពគ្នានូវបញ្ហាផ្សេងៗដែលបានលើកឡើងក្នុងកិច្ចប្រជុំ ASOD លើកទី ៤១ និងទី ៤២ បណ្តាប្រទេសអាស៊ានបានពិនិត្យឡើងវិញនូវរបាយការណ៍វឌ្ឍនភាព ពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការការងារអាស៊ាន ស្តីពីសន្តិសុខសហគមន៍អាស៊ានប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឆ្នាំ ២០១៦-២០២៥ (ផែនការការងារអាស៊ាន ២០១៦-២០២៥)។

បន្ថែមពីនេះ បណ្តាប្រទេសអាស៊ានបានពិនិត្យឡើងវិញនូវរបាយការណ៍ពាក់កណ្តាលអាណត្តិនៃផែនការសហប្រតិបត្តិការអាស៊ានក្នុងការទប់ស្កាត់ការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងតំបន់ត្រីកោណមាស ឆ្នាំ ២០២០-២០២២ និងកិច្ចពិភាក្សាលើបញ្ហាផ្សេងៗទាក់ទងនឹងគណៈកម្មការអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន (CND) ផងដែរ៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner