ជនចំណាកស្រុកពីអាហ្វ្រិក ៣០០ នាក់បានបាត់ខ្លួនក្នុងសមុទ្រ ពេលធ្វើដំណើរទៅកោះ កាណារី របស់អេស្ប៉ាញ
អេស៉្បាញ៖ អង្គការផ្ដល់ជំនួយដល់ជនចំណាកស្រុក( Walking Borders) បានអះអាងកាលពីថ្ងៃទី៩ ខែកក្កដាថា មនុស្ស ៣០០ នាក់ បានបាត់ខ្លួនក្នុងសមុទ្រ នៅពេលធ្វើដំណើរតាមទូកចំណាកស្រុកចំនួន៣ ចេញពីប្រទេសសេណេហ្គាល់ទៅកាន់កោះ កាណារី(Canary) របស់អេស្ប៉ាញ។
ស្ថាបនិក និងជានាយិកានៃអង្គការ Walking Borders លោកស្រី Helena Maleno បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ទូកពីរ ដែលមានមួយដឹកមនុស្សប្រហែល ៦៥ នាក់ និងមួយទៀតដឹកមនុស្សប្រហែលពី ៥០ ទៅ ៦០ នាក់ បានស្រមោលអស់រយៈពេល១៥ថ្ងៃហើយ ចាប់តាំងពីចេញដំណើរពីប្រទេសសេណេហ្គាល់ ដើម្បីព្យាយាមទៅអេស្ប៉ាញ។
លោកស្រី Maleno បានឱ្យដឹងទៀតថា ទូកទី៣បានចាកចេញពីសេណេហ្គាល់នៅថ្ងៃទី ២៧ ខែមិថុនា ដោយដឹកមនុស្សប្រហែល ២០០ នាក់នៅលើនោះ ហើយបានបាត់ដំណឹងដូចគ្នា។
លោកស្រីបន្តថា ក្រុមគ្រួសារសាច់ញាតិរបស់អ្នកតាមទូកទាំងនោះ មិនអាចទាក់ទងពួកគេបានទេមកទល់ពេលនេះ ហើយថា ទូកទាំង៣បានចេញពីកូនក្រុង Kafountine នៅភាគខាងត្បូងនៃប្រទេសសេណេហ្គាល់ ដែលមានចម្ងាយប្រហែល ១ ៧០០ គីឡូម៉ែត្រនៃប្រជុំកោះ Canary ដូចគ្នា។
នាយិកាអង្គការ Walking Borders ដដែល បានឱ្យដឹងទៀតថា ជនចំណាកស្រុកទាំង ៣០០ នាក់ ចេញពីទឹកដីរបស់ខ្លួន ដោយសារតែអស្ថិរភាពនៅក្នុងប្រទេស។
សូមបញ្ជាក់ថា ប្រជុំកោះអេស្ប៉ាញ Canary ដែលស្ថិតនៅភាគនិរតីនៃប្រទេសម៉ារ៉ុក ក្នុងមហាសមុទ្រអាត្លង់ទិក បានក្លាយជាគោលដៅចម្បងសម្រាប់ជនចំណាកស្រុក ខណៈជនចំណាកស្រុកផ្សេងទៀតក៏ព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេ ដើម្បីទៅកាន់អេស្ប៉ាញដីគោកផងដែរ។ រដូវក្តៅ គឺជារយៈពេលដ៏មមាញឹកបំផុត សម្រាប់ការព្យាយាមឆ្លងចំណាកស្រុកបែបនេះ។
ផ្លូវចំណាកស្រុកតាមមហាសមុទ្រអាត្លង់ទិក ដែលជាផ្លូវឆក់យកជីវិតជនចំណាកស្រុកធំបំផុតលើលោក ជាធម្មតា ភាគច្រើនត្រូវបានជនចំណាកស្រុកមកពីអនុតំបន់សាហារ៉ាអាហ្វ្រិកប្រើប្រាស់។ យោងតាមទិន្នន័យពីអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុករបស់អង្គការសហប្រជាជាតិ មនុស្សយ៉ាងហោចណាស់ ៥៥៩ នាក់ រួមទាំងកុមារ ២២ នាក់ បានស្លាប់នៅពេលព្យាយាមធ្វើចំណាកស្រុកឆ្លងកាត់លំហសមុទ្រទៅកាន់កោះ Canary ក្នុងឆ្នាំ ២០២២៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ At least 300 migrants missing at sea near Spanish Canary Islands, aid group says