កូរ៉េខាងជើងចោទអាមេរិកថា រំលោភដែនអាកាស ហើយព្រមានបាញ់ទម្លាក់យន្តហោះចារកម្មអាមេរិក
ព្យុយ៉ាង៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទនេះបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្ហោះយន្តហោះចារកម្មរំលោភលើដែនអាកាសរបស់ខ្លួន ហើយព្រមានបាញ់ទម្លាក់វាទម្លាក់ចោល។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសាព័ត៌មានរ៉យទ័រ។
កូរ៉េខាងជើងបានព្រមានយ៉ាងដូច្នេះ ក្នុងសេចក្ដីថ្លែងការណ៍មួយពីអ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេស ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ សេចក្ដីថ្លែងការណ៍នោះបានលើកឡើងថា សកម្មភាពយោធាបង្កហេតុរបស់អាមេរិក កំពុងនាំឧបទ្វីបកូរ៉េខិតទៅកាន់តែជិតជម្លោះនុយក្លេអ៊ែរ។
អ្នកនាំពាក្យដដែលបានបន្តថា អាមេរិកបានប្រើដ្រូន និងយន្តហោះឈ្លបយកការណ៍ក្នុងសកម្មភាពរបស់ខ្លួន ខណៈក្រុងវ៉ាស៊ីនតោនកំពុងបង្កើនភាពតានតឹងក្នុងតំបន់ តាមរយៈការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរនៅជិតឧបទ្វីបកូរ៉េ។
អ្នកនាំពាក្យបាននិយាយថា ៖ «យើងមិនមានការធានាថា ហេតុការណ៍ដូចការធ្លាក់យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក នឹងមិនកើតឡើងនោះទេ»។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យដដែលបានលើកឡើងថែមទៀត នូវចំណាត់ការរបស់កូរ៉េខាងជើងកាលពីលើកមុនៗ ដូចជាការបាញ់ទម្លាក់ ឬស្ទាក់ចាប់យន្តហោះចម្បាំងរបស់អាមេរិកនៅព្រំដែនជាប់កូរ៉េខាងត្បូង និងនៅពីលើដែនសមុទ្រជាដើម។ កន្លងមក កូរ៉េខាងជើងតែងតែត្អូញត្អែរអំពីយន្តហោះចារកម្មរបស់អាមេរិកនៅក្បែរឧបទ្វីបកូរ៉េ។
បើតាមរ៉យទ័រ ភ្លាមៗក្រោយការព្រមាននេះ យោធាអាមេរិកដែលឈរជើងនៅកូរ៉េខាងត្បូង មិនបានចេញប្រតិកម្មយ៉ាងណានោះទេ។ចំណែកយោធាកូរ៉េខាងត្បូងបាននិយាយថា ការអះអាងរបស់កូរ៉េខាងជើងចំពោះការរំលោភដែនអាកាសរបស់ខ្លួន គឺជាការមិនពិត ដោយគូសបញ្ជាក់ថា យានចារកម្មតាមដែនអាកាសរបស់អាមេរិក តែងធ្វើការហោះហើរឃ្លាំមើលជាប្រចាំនៅជុំវិញឧបទ្វីប ខណៈសម្ព័ន្ធមិត្តកូរ៉ខាងត្បូង និងអាមេរិក ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីត្រួតពិនិត្យ និងតានដានកូរ៉េខាងជើង។
ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកចូលក្នុងតំបន់ KCNA បានចុះផ្សាយថា វាជាការគំរាមកំហែងនុយក្លេអ៊ែរចំៗបំផុត ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង និងបណ្តាប្រទេសក្នុងតំបន់ ហើយបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព។ ទីភ្នាក់ងារបន្តថា អាមេរិកនឹងត្រូវទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន។
គួរបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធដែនអាកាស និងកងទ័ពជើងទឹកនៅឆ្នាំនេះ ដែលចូលរួមដោយនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 ជាដើម។
កូរ៉េខាងជើងបានបរិហារការនេះ ប៉ុន្តែអាមេរិក និងកូរ៉េខាងត្បូងអះអាងថា វាជាផ្នែកមួយនៃផែនការជំរុញការដាក់ពង្រាយធនធានយុទ្ធសាស្ត្ររបស់អាមេរិក ក្នុងគោលបំណងឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាង ដែលបង្កើនការសាកល្បងអាវុធទំនើបៗរបស់ខ្លួន និងក្នុងគោលបំណងដើម្បីធ្វើតេស្តអាវុធទុកសម្រាប់ការពារសម្ព័ន្ធមិត្តកូរ៉េខាងត្បូងក្នុងកាលៈទេសៈតានតឹងណាមួយ៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ North Korea warns it may shoot down US spy planes violating its airspace