ជប៉ុនព្រមានពីភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន

តូក្យូ៖ មនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍រអិលបាក់ដី ហើយមនុស្សរាប់សែននាក់ផ្សេងទៀតត្រូវបានជំរុញឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅភាគនិរតីនៃប្រទេសជប៉ុន ខណៈដែលអ្នកព្យាករណ៍ឧតុនិយមនៅថ្ងៃចន្ទនេះ បានព្រមានអំពីការធ្លាក់ភ្លៀងខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងតំបន់។

គិតត្រឹមព្រឹកថ្ងៃចន្ទនេះ មនុស្សជាង ៤២០,០០០នាក់នៅក្នុងខេត្តហ៊្វូគូអូកា និងអូអ៊ីតា ដែលនៅជិតខាងគ្នា បានស្ថិតនៅក្រោមការព្រមានអំពីការភៀសខ្លួនក្នុងកម្រិតកំពូល ដោយជូនដំណឹងដល់ប្រជាជនថា អាយុជីវិតរបស់អ្នកស្ថិតក្នុងគ្រោះថ្នាក់… អ្នកត្រូវមានវិធានការជាបន្ទាន់។ ជាមួយគ្នានេះ មនុស្សជាង ២លាននាក់នៅទូទាំងខេត្តហ៊្វូគូអូកា, ហ៊ីរ៉ូស៊ីម៉ា, សាហ្គា, យ៉ាម៉ាគូឈី និងអូអ៊ីតា បានស្ថិតនៅក្រោមការព្រមានកម្រិតទាប ដោយជំរុញឱ្យពួកគេជម្លៀសខ្លួន ប្រសិនបើពួកគេស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់។

ប្រទេសជប៉ុនមានបទបញ្ជាជម្លៀសខ្លួនចំនួន ៥កម្រិត ប៉ុន្តែប្រជាជនមិនអាចត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេឡើយ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានអះអាងថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅទូទាំងតំបន់នៃខេត្តហ៊្វូគូអូកា និងអូអ៊ីតា។ ដោយឡែកការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា ក្រុមការងារមួយត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលការឆ្លើយតបទៅនឹងករណីមានភ្លៀងធ្លាក់ខ្លាំង។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៊ីរ៉ូកាហ្ស៊ូ ម៉ាត់ស៊ូណុ បានប្រាប់អ្នកយកព័ត៌មានថា យើងបានទទួលរបាយការណ៍ថា ទឹកទន្លេជាច្រើនបានជន់លិច… ហើយការរអិលបាក់ដីបានកើតឡើងនៅផ្នែកផ្សេងៗនៃប្រទេសជប៉ុន។ លោកថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានរបាយការណ៍ពេញលេញពីទំហំនៃការខូចខាត និងចាត់វិធានការក្រោមគោលនយោបាយគិតគូរពីអាយុជីវិតរបស់ប្រជាជនជាអាទិភាព។

បច្ចុប្បន្នប្រទេសជប៉ុនកំពុងស្ថិតក្នុងរដូវវស្សាប្រចាំឆ្នាំរបស់ខ្លួន ដែលតែងតែនាំមកនូវភ្លៀងធ្លាក់ខ្លាំង ហើយជួនកាលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ក៏ដូចជាមានជនរងគ្រោះផងដែរ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀត៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner