បុរសម្នាក់នៅស្រុកបន្ទាយស្រីកែច្នៃដើមឫស្សីធ្វើទៅជាអង្រឹងសម្រាប់លក់
ខេត្តសៀមរាប៖ ដើមឫស្សីគឺជារុក្ខជាតិម្យ៉ាង ដែលបានផ្ដល់អត្ថប្រយោជន៍ សម្បូរបែបបម្រើដល់តម្រូវការរបស់ប្រជាកសិករខ្មែរ នៅតាមស្រុកស្រែចម្ការ។ដើមឫស្សី តែងត្រូវបានប្រជាកសិករកែច្នៃទៅ ជាបង្អោង ធ្វើជាបំពង់ ធ្វើជាបង្អោង ធ្វើជាទ្រូ ធ្វើជាលប ធ្វើជាលាយ លាន់ដាក់អន្ទង់ អង្រុត ឈ្នាង និងធ្វើជាទ្រុងដាក់ត្រីជាដើម។បច្ចុប្បន្ននេះ ឫស្សីត្រូវបានគេពង្រីកការកែច្នៃទៅជាសម្ភារប្រើប្រាស់ ថ្មីៗ ជាបន្តបន្ទាប់។
នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បុរសម្នាក់បានយកដើមឫស្សីមកកែច្នៃធ្វើជាអង្រឹងបានយ៉ាងល្អប្រណិតសម្រាប់លក់រកប្រាក់ចំណូលដើម្បីផ្តត់ផ្គង់គ្រួសារដែលមានភរិយានិងកូនបីនាក់។
លោក ឈិញ ស្រឹប ជាអ្នកកែច្នៃឫស្សីទាំងនោះបានឱ្យដឹងថាលោកបានចាប់ផ្តើមរបរកែច្នៃដើមឫស្សី នេះតាំងពីឆ្នាំ២០០៣ មកម្ល៉េះ ដោយសារឃើញអ្នកដទៃមិនសូវឱ្យតម្លៃរុក្ខជាតិមួយប្រភេទនេះ។
លោករៀបរាប់ឱ្យដឹងថា៖ «ខ្ញុំតែងឃើញ បងប្អូនយើងមិនសូវឱ្យតម្លៃឫស្សី កាប់ ឬដុតចោលនៅពេលខ្លះ ទើបខ្ញុំមានគំនិតយកមកច្នៃធ្វើទ្រ ធ្វើខ្លុយកាលដំបូងឡើយដើម្បីលក់ឱ្យទេសចរបរទេស។ បន្តមកទៀតខ្ញុំក៏បែរគំនិតកែច្នៃរបស់បន្ថែមទៀតដូចជា តុ ទូ បង្អួច តែដល់ពេលលក់មិនដាច់ ក៏បន្តមកដល់ច្នៃអង្រឹងនេះ»។
លោក ឈិញ ស្រឹប បន្តថា «ខ្ញុំបានចាប់ផ្តើមធ្វើតាំងពីឆ្នាំ ២០០៣មក ចេះតែធ្វើទុកៗ ដោយសារយើងមិនចេះផ្សព្វផ្សាយ មិនដឹងថាធ្វើយ៉ាងណាឱ្យបងប្អូនដឹង និងស្គាល់ ។ប៉ុន្តែនៅតែចិញ្ចឹមចិត្តដោយសង្ឃឹមថា ថ្ងៃណាមួយបងប្អូនខ្មែរយើងងាកមកគាំទ្រ ផលិតផលកែច្នៃនេះ»។
មុនចាប់ផ្តើមរបរកែច្នៃអង្រឹងគួរឱ្យចាប់អារម្មណ៍នេះ លោក ឈិញ ស្រឹប និយាយថា លោកគ្រាន់តែជាកម្មករដើរស៊ីឈ្នួលគេ ដូចជាដកដំឡូង លើកឥវ៉ាន់ ស្ទូង លក់អង្ករ លក់ស្រូវឱ្យគេ ពោលគឺធ្វើការងារអ្វីក៏ដោយដែលគេជួល។ រហូតមកដល់ពេលមួយលោកគិតថាខ្លួនមានអាយុច្រើនដែរហើយ មិនមានវិជ្ជាជាប់ខ្លួនខ្លាចពេលចាស់កាន់តែខ្លាំងមិនមានកម្លាំង គ្មានអ្វីជាទីពឹង ទើបលោកងាកមកចាប់ផ្តើមរបរមួយដោយដៃខ្លួនឯងវិញ។
ទាន់ទិនទៅនឹងការកែច្នៃវិញបុរសដែលរស់នៅភូមិព្រះដាក់នេះ បានឱ្យដឹងដែរថា វាមានផលវិបាកគួរសម និងទាមទារភាពអត់ធ្មត់ ដ្បិតអីឫស្សីពិបាកក្នុងការជញ្ជូនផង និងពិបាកក្នុងការលក់ផងដែរ។
លោកបញ្ជាក់ថា៖ «ការធ្វើអង្រឹងនេះគឺពិបាកព្រោះថាដើមឫស្សីវារមាស់ស្កៀប ប្រសិនជាអ្នកធ្វើមិនមានចិត្តអំណត់ អត់ធ្មត់ទេគឺធ្វើអត់បានទេ ដោយសារតែកម្ទេចឫស្សីវាជាប់ពេញខ្លួន ហើយការកែច្នៃនេះគឺដូចជាការផ្សងព្រេងអញ្ចឹង ដាច់មិនដាច់ចេះតែធ្វើទុកទៅ»។
បន្ថែមពីនេះ ការច្នៃអង្រឹងមួយ អាចប្រើពេលចន្លោះពី ៣ ទៅ ៦ថ្ងៃ។ ២០ នៃការចាប់យករបរកែច្នៃ ដែលកម្រមានអ្នកធ្វើ លោក ឈិញ ស្រឹប ថាលោកប្រឈមបញ្ហាខ្លាំងទៅលើការលក់ ដោយកាលកែច្នៃដំបូងៗ ទម្រាំលក់ដាច់មួយ ត្រូវប្រើពេល១ឆ្នាំបានក៏មាន ។
ទោះយ៉ាងណាបច្ចុប្បន្ននេះ ផលិតផលរបស់លោកអាចលក់ដាច់ជាងមុនគ្រាន់បើ ដោយសារតែការប្រាប់តៗគ្នាពីសំណាក់បងប្អូននៅក្បែរៗតំបន់របស់លោក។ លោកបញ្ជាក់ថា៖ «ឥឡូវប្រហែលកន្លះខែ អាចលក់បានប្រមាណ១០ដែរ។ សម្រាប់ខ្ញុំនេះគឺជាចំនួនច្រើនបំផុតហើយ ព្រោះកាលពីប៉ុន្មានឆ្នាំមុន មួយខែអាចលក់បានត្រឹមមួយអង្រឹងប៉ុណ្ណោះ»។
ជាមួយគ្នានេះ លោក ឈិញ ស្រឹប បានរៀបរាប់ឱ្យដឹងពីលក្ខណៈពិសេសនៃអង្រឹងឫស្សីរបសើខ្លួនដូច្នេះថា៖ «ទី១ គឺវាមិនមានក្លិនដូចជាអង្រឹងក្រណាត់ ទី២ ពេលយើងគេងនៅលើអង្រឹងបំពង់ឫស្សីនេះ វាប្រៀបដូចជាម៉ាស្សាខ្នង នៅពេលដែលយោលចុះឡើង ។មួយវិញទៀតវាត្រជាក់ស្រួលខ្នង មិនចេះក្តៅ និងស្អុះស្អាប់ទេ»។
លើសពីនេះ លោកបានសង្កត់ធ្ងន់ទៅលើគុណភាពថា អង្រឹងឫស្សីនេះអាចប្រើបានមិនក្រោម ២០ឆ្នាំនោះទេ បើសិនជាចងវានៅក្រោមម្លប់ ដោយសារតែប្រភេទឫស្សីដែលលោកយកមកច្នៃគឺជាឫស្សីអាយុកាលយូរឆ្នាំ។
អង្រឹង របស់បុរសនៅទឹកដីអង្គរនេះ ជាការច្នៃចេញពីដើមឫស្សីពីងពង់ គល់ឫស្សី និងចុងឫស្សីសុទ្ធ
សាធ។ អង្រឹងដែលច្នៃចេញពីពាក់កណ្ដាលឫស្សី ឬដើមឫស្សីគឺជាអង្រឹងលេខ ១ ដែលមានតម្លៃថ្លៃជាងគេ ហើយសម្រាប់ចំណែកចុងឫស្សីគឺតម្លៃទាប។
ក្នុងនាមជាអ្នកកែច្នៃដើមឫស្សី មួយរូប លោកចង់ឃើញ ពលរដ្ឋដែលមានដើមឫស្សីជួយថែឫស្សី កុំកាប់ ឬបំផ្លាញវាចោល ព្រោះលោកជឿថាឫស្សីមានប្រយោជន៍ជាច្រើន រហូតដល់មនុស្សមិនអាចនឹកស្មាន ដល់នៅពេលខ្លះ។ មួយទៀតលោកលើកទឹកចិត្តឱ្យពលរដ្ឋដែលមានដីដែលមិនអាចដាំដុះអ្វីបាន សាកល្បងដាំដើមឫស្សីទុកចោលសម្រាប់ទទួលផលនៅពេលអនាគត។
ជាចុងក្រោយ លោក ឈិញ ស្រឹប សំណូមពរទៅកាន់ពលរដ្ឋខ្មែរថា៖ សូមជួយគាំទ្រផលិតផលរបស់ខ្មែរ ស្នាដៃខ្មែរទាំងអស់គ្នាមិនថា ជារបស់របរប្រើប្រាស់កែច្នៃ ឬក៏អ្វីនោះទេ សូមជួយលើកស្ទួយ និងជួយទិញ ទៅដល់សិប្បករដែលខំកែច្នៃ ដើម្បីឱ្យពួកគេមានទឹកចិត្តបន្តធ្វើ និងរក្សាប្រពៃណីខ្មែរយើងដែរ និងកុំឱ្យមានអ្នកចំណាកស្រុកទៅធ្វើការឱ្យគេ ស៊ីឈ្នួលឃ្លាតឆ្ងាយពីគ្រួសារ ផ្ទះសំបែង គឺមិនស្រួលនោះទេ៕
ដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ