ចំបាប់កាច់ដៃ នឹងរៀបចំការប្រកួត “ពានរង្វាន់សហព័ន្ធ” លើកទី២ ឆ្នាំ២០២៣
(ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជាគ្រោងរៀបចំការប្រកួតកីឡាចំបាប់កាច់ដៃ ”ពានរង្វាន់សហព័ន្ធ” លើកទី២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ នៅរង្វង់មូលនាងទេពមច្ឆាខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។ នេះបើតាមសេចក្ដីជូនដណឹងប្រកាសព័ត៌មានរបស់សហព័ន្ធ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-10_11-23-28-1024x576.jpg)
ក្នុងសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា សម្រាប់វិញ្ញាសាដែលសហព័ន្ធដាក់ឲ្យប្រកួតមានដូចជា ៖ វិញ្ញាសាបុរសទម្ងន់ -៧០គីឡូក្រាម -៩៥គីឡូក្រាម +៩៥គីឡូក្រាម Open (ដៃស្តាំ) ២. វិញ្ញាសានារី ទម្ងន់ Open (ដៃស្តាំ) ។ សម្រាប់ការដាក់ពាក្យចូលរួមប្រកួតចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧៖០០នាទីល្ងាច នៅទីស្នាក់ការសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា (ស្ថិតក្នុងអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាន់ទី៣ បន្ទប់លេខ៣)។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-10_11-23-27-1024x576.jpg)
ជាមួយគ្នានោះក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើក៏បានបញ្ជាក់បន្ថែមថា សម្រាប់ជយលាភីនៃការប្រកួត សហព័ន្ធនឹងផ្តល់ជូនចំពោះចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស១គ្រឿង ប្រាក់រង្វាន់អម នឹងប័ណ្ណចំណាត់ថ្នាក់មួយសន្លឹក ជយលាភីលេខ២ ទទួលបានមេដាយប្រាក់១គ្រឿង ប្រាក់រង្វាន់អម នឹងប័ណ្ណចំណាត់ថ្នាក់មួយសន្លឹក ជយលាភីលេខ៣ ទទួលបានមេដាយសំរិទ្ធ១គ្រឿង ប្រាក់រង្វាន់អម នឹងប័ណ្ណចំណាត់ថ្នាក់មួយសន្លឹក និងជយលាភីលេខ៤ ទទួលបានប័ណ្ណចំណាត់ថ្នាក់១សន្លឹក ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-10_11-23-26-2-1024x576.jpg)
សូមញ្ជាក់ថា ការប្រកួតកីឡាចំបាប់កាច់ដៃពានរង្វាន់ ជើងឯក សហព័ន្ធលើកទី២នេះ បានរៀបចំឡើង ដើម្បីស្វែងរកជើងខ្លាំងហ្វឹកហាត់ពង្រឹងសត្ថភាពត្រៀមខ្លួន ប្រកួតតំណាងឲ្យកម្ពុជានៅក្រៅប្រទេស ៕
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-10_11-23-29-722x1024.jpg)
អត្ថបទ៖ ជាវ ចន្ធូ