រយៈពេលប្រាំមួយខែឆ្នាំនេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមជាង ៤ ៦០០ករណី និងស្លាប់១០ករណី
ភ្នំពេញ៖ ក្នុងរយៈពេលប្រាំមួយខែនៃឆ្នាំ២០២៣នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមជាង ៤ ៦០០ ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះ ១០ករណី ។ចំនួននេះមានការកើនឡើងជិតពីរដង បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។
ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលលោក លាង ឬទ្ធា បានប្រាប់ឱ្យដឹងថា គិតត្រឹមរយៈពេលប្រាំមួយខែចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួន ៤ ៦៦៨ ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ១០ ករណី ដែលចំនួននេះមានការកើនឡើងជិតពីរដង ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន។
លោកបានឱ្យដឹងថា ការរកឃើញថ្មីនេះមានការកើនឡើង ១ ៧៩៩ ករណី ខណៈឆ្នាំមុនមានត្រឹម ២ ៨៦៩ ករណី និងមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ៧ ករណីប៉ុណ្ណោះ។
លោកបានឱ្យដឹងថា រាជធានី-ខេត្ត ដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តសៀមរាប។
លោក លាង ឬទ្ធា បានបញ្ជាក់ថា ហេតុផលមួយក្នុងចំណោមហេតុផលនៃការកើនឡើងនេះដោយសារ ជំងឺនេះជាទូទៅកតនឡើងជារង្វង់រៀងរាល់ប្រាំទៅប្រាំមួយឆ្នាំម្តង នៃជំងឺគ្រុនឈាម។ គួបផ្សំជាមួយកត្តារួមចំណែកសំខាន់មួយទៀត គឺការគ្រប់គ្រងកាកសំណល់មិនល្អនៅកម្រិតគ្រួសារក្នុងសហគមន៍។
លោកបន្តថា កត្តាកើនឡើងនេះក៏ដោយសារ មានការទុកចោលនូវរបស់ដែលអាចដក់ទឹកបានដូចជា សំបកដូង សម្បកកង់ឡាន សម្បកកង់ ការទុកដាក់ចំណីសត្វមិនបានត្រឹមត្រូវ ឬទុកវាចោល ដែលធ្វើឱ្យទឹកភ្លៀងដក់ បង្កឱ្យកកើតជាដង្កូវទឹកដែលវិវត្តន៍ទៅជាមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
បន្ថែមពីលើការប្រុងប្រយ័ត្នដែលបានលើកឡើងខាងលើ លោក លាង ឬទ្ធា ឱ្យដឹងដែរថា ឥរិយាបថសំខាន់មួយទៀតដែលរួមចំណែកដល់ការកើនឡើងនៃការចម្លងជំងឺគ្រុនឈាម គឺការមិនសម្អាត ឬផ្លាស់ប្តូរប្រភពទឹកដែលនៅទ្រឹងយ៉ាងហោចណាស់ត្រូវប្តូរម្តងក្នុងមួយសប្តាហ៍។
លោកបានប្រាប់ថា ទឹកដែលនៅទ្រឹងដើរតួនាទីជាកន្លែងបង្កាត់ពូជរបស់មូសដែលជាអ្នកចម្លងមេរោគគ្រុនឈាម។ តាមរយៈការធ្វេសប្រហែសមិនបានសម្អាត ឬផ្លាស់ប្តូរទឹក គឺជាកន្លែងផ្តល់បរិយាកាសដ៏ល្អសម្រាប់មូសក្នុងការបន្តពូជ ដែលនាំឱ្យហានិភ័យខ្ពស់នៃការចម្លងជំងឺគ្រុនឈាម។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាក្នុងការសម្អាតបរិស្ថាននៅជុំវិញផ្ទះសម្បែង និងយករាល់វត្ថុទាំងឡាយណាដែលអាចដក់ទឹកបាន ទៅកប់ចោល។
លោកថា ៖ «ក្នុងករណី ប្រជាពលរដ្ឋគ្រប់រូប មានអាការៈក្តៅខ្លួនខ្លាំង ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះក្នុងរយៈពេល៤៨ម៉ោង ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា»។
បើតាមលោក លាង ឬទ្ធា ការផ្ទុះឡើងដ៏ធំនៃជំងឺគ្រុនឈាមចុងក្រោយ គឺនៅឆ្នាំ ២០១៩ ដែលមានករណីគ្រុនឈាមជាងប្រាំមួយម៉ឺនករណី ក្នុងនោះមានអ្នកជំងឺគ្រុនឈាមជាង ៤០ នាក់បានស្លាប់ ហើយក្នុងឆ្នាំ ២០២៣ ឈានចូលឆ្នាំទី៤បន្ទាប់ពីឆ្នាំនៃការផ្ទុះឡើងចុងក្រោយនេះ ដូច្នេះលទ្ធភាពនៃការផ្ទុះជំងឺគ្រុនឈាមគឺខ្ពស់ណាស់នៅឆ្នាំនេះ និងនៅពីរឆ្នាំខាងមុខបន្ទាប់ទៀត។
លោកបន្តថា ដូច្នេះការចូលរួមពីគ្រប់វិស័យមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺគ្រុនឈាមនៅកម្ពុជា។
ទាក់ទងនឹងករណីគ្រុនឈាមនេះដែរ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោក ប្រាក់ វ៉ុន ប្រាប់ឱ្យដឹងនៅថ្ងៃទី ៩ខែកក្កដាថា ជាការកត់សម្គាល់ខេត្តលោកមិនទាន់មានការឆ្លងជំងឺគ្រុនឈាមច្រើននោះទេ ។ ពោលរយៈពេល៦ខែឆ្នាំនេះមានអ្នកជំងឺគ្រុនឈាមចំនួន ៤៨ ករណី ដែលចំនួននេះប្រហាក់ប្រែហែលទៅនឹងឆ្នាំមុនដែរ។
សូមរម្លឹកថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ចូលរួមទាំងអស់គ្នាទប់ស្កាត់ជំងឺគ្រុនឈាម ខណៈជំងឺនេះមានការកើនឡើងគួរឱ្យព្រួយបារម្ភ។
ក្រសួងថា កំណើននៃករណីជំងឺគ្រុនឈាមនាពេលនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ក្នុងការពង្រឹងអនុវត្តវិធានការការពារសុខភាពឱ្យបានល្អ ចៀសផុតពីការឆ្លងជំងឺគ្រុនឈាមដោយសារសត្វមូសខ្លាញីខាំដែលបានកើតឡើងដោយសារពពួកដង្កូវទឹក។
ក្រសួងសុខាភិបាលបន្តថា ៖ «ដើម្បីចូលរួមទប់ស្កាត់នៃការកើនឡើងជំងឺនេះ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ ជាប្រជាជនគំរូ ១ រូប ស្របនឹងពាក្យស្លោកថា ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»៕
ដោយ៖សុខ រក្សា