អាជីវកម្មមេត្រីបរិស្ថានមួយនៅខេត្តសៀមរាប កែច្នៃកាកអំពៅ និងសំណល់ឈើទៅជាអុសបរិស្ថាន
សៀមរាប៖ អំពៅ គឺជាដំណាំមួយប្រភេទសម្បូរទៅអត្ថប្រយោជន៍ជាច្រើនដែលគេអាចកែច្នៃទៅជាភេសជ្ជៈផង ឬចម្រាញ់ធ្វើជាស្ករផង។ បន្ទាប់ពីគាបសម្រិតយកទឹកខ្សោះអស់ទឹកហើយ កាករបស់វាត្រូវបានគេច្នៃទៅជារបស់ប្រើប្រាស់បរិស្ថានដូចជា ចានបរិស្ថាន ជាដើម។ លើសពីនេះបច្ចុប្បន្នសំណល់កាកអំពៅទាំងនោះ គេថែមទាំងអាចច្នៃទៅជាអុសបរិស្ថានថែមទៀតផង។
ស្ថិតនៅភូមិជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប អាជីវកម្មមេត្រីបរិស្ថានមួយដែលមានឈ្មោះថា «ACE» តែងប្រមូលយកកាកអំពៅ និងសំណល់ឈើដែលគេបោះបង់ចោលមកកែច្នៃទៅជាអុសបរិស្ថានដែលមានតម្លៃសមរម្យនិងកំពុងទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋ។
លោក សេង ចាន់វាសនា ប្រធានផ្នែកលក់ប្រចាំស្ថាប័នមេត្រីបរិស្ថានខាងលើនេះ បានរៀបរាប់ឱ្យដឹងថា ស្ថាប័នរបស់ខ្លួនចាប់ផ្ដើមដំណើរការក្នុងឆ្នាំ២០២០ ពោលគឺមានរយៈពេលជិត ៣ឆ្នាំមកហើយ។ បច្ចុប្បន្នអាជីវកម្មមេត្រីបរិស្ថាននេះថែមទាំងមានរោងចក្រដំឡើង និងកែច្នៃផ្ទាល់ដោយស្នាដៃកូនខ្មែរទៀតផង។
អាជីវកម្មបែបបរិស្ថានមួយនេះគឺមានផលិតនូវផលិតផល ដូចជាចង្ក្រានបរិស្ថាន អុសបរិស្ថានដែលផលិតចេញពីកាកអំពៅ និងកម្ទេចឈើ។
លោក ចាន់វាសនា បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានការផលិតអុសបរិស្ថាននេះឡើងគឺដោយសារតែការសង្កេតឃើញថានៅក្នុងក្រុងសៀមរាបយើងនេះមានសំណល់កាកអំពៅនិងសំណល់មែកឈើរប៉ាត់រប៉ាយច្រើនខ្លាំងពេក។ដោយសង្កេតឃើញថាវាអាចនឹងប៉ះពាល់ដល់បរិស្ថាន និងសណ្ដាប់ធ្នាប់ក្នុងក្រុង យើងនឹកឃើញថាបើសិនជាយើងយកកាកអំពៅ និងសំណល់ឈើទាំងនោះមកកែច្នៃទៅជាអុសមួយប្រភេទដែលល្អ ហើយវាអាចប្រើប្រាស់ជាមួយចង្ក្រានបរិស្ថានដែលយើងកំពុងផលិតបាននោះវាពិតជាល្អទាំងសម្រាប់អាជីវកម្មរបស់យើង និងបរិស្ថាន។
ក្នុងដំណើរការនៃការកែច្នៃអុសបរិស្ថានពីរប្រភេទនេះ លោក វាសនា បានឱ្យដឹងថា អង្គភាពរបស់លោកបានចំណាយពេលរហូតដល់ទៅពីរឆ្នាំក្នុងការស្រាវជ្រាវទម្រាំអាចចេញជាផលិតផលសម្រេចបាន។
លោក សេង ចាន់វាសនា រៀបរាប់ដូច្នេះថា ៖ «ចំណុចចាប់ផ្ដើម គឺយើងផ្ដើមពីការផលិតដោយដៃសុទ្ធសាតគ្រានោះគឺអាចផលិតបានត្រឹម ៣០-៤៥គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃបន្ទាប់មកទៀតយើងបានងាកទៅស្វែងរកម៉ាស៊ីនជំនួយដោយការទិញម៉ាស៊ីនមួយគ្រឿងពីសាធារណរដ្ឋឆែក ដើម្បីជំរុញការផលិតរបស់យើងក្នុងបរិមាណច្រើន»។
បច្ចុប្បន្នអាជីវកម្មមួយនេះអាចផលិតអុសបរិស្ថានបានចន្លោះ ពី ៤០០-៤៥០គីឡូក្រាមក្នុងមួយថ្ងៃ បើគិតជាម៉ោងគឺអាចផលិតបាន៣០-៤០គីឡូក្រាមក្នុងមួយម៉ោង។ អុសបរិស្ថាននេះអាចប្រើជំនួសធ្យូងបានបើសិនជាអ្នកប្រើប្រាស់ប្រើជាមួយចង្ក្រាន តែបើសិនជាប្រើជាមួយនឹងចង្ក្រានធម្មតាវានឹងមិនអស់ពីលទ្ធភាពនោះទេ ពោលវាមិនអាចបំប្លែងទៅជាចំហេះភ្លើង១០០ភាគរយ។
ប្រធានផ្នែកលក់រូបនេះ បានថ្លែងឱ្យដឹងទៀតថា អុសកាកអំពៅ គឺមានភាពងាយស្រួល និងចំណេញជាងអុសធម្មតា។ ក្នុងការចម្អិនអាហារមួយពេល ឬដាំបាយ គឺប្រើអស់អុសនេះត្រឹម៣ដុំប៉ុណ្ណោះ។លើសពីនេះគឺចំណេញពេលវេលា វាមិនប៉ះពាល់ធម្មជាតិ។
ជាមួយគ្នានេះ លោកចង់ជំរុញឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់អុសបរិស្ថាន និងចង្ក្រានបរិស្ថានដោយហេតុថា អ្នកប្រើប្រាស់មិនចាំបាច់ចំណាយពេលក្នុងការកាប់ឈើ ឬប្រើជីវម៉ាសដែលមានផ្សែងប៉ះពាល់ដល់សុខភាពអ្នកប្រើផង និងប៉ះពាល់បរិស្ថានផង។
លោក សេង ចាន់វាសនា បន្តថា អុសបរិស្ថាននេះវានឹងបង្កលក្ខណៈងាយស្រួលខ្លាំងដល់អាជីវករ និងពលរដ្ឋដែលរស់នៅទីប្រជុំជន និងទីក្រុង។ សម្រាប់តម្លៃនៃអុសបរិស្ថានដែលច្នៃចេញពី កាកអំពៅ និងសំណល់មែកឈើនេះ លោកនិយាយថា វាមានតម្លៃ ៨ពាន់រៀល ក្នុង១៥គីឡូក្រាមឬស្មើនឹង ១គីឡូ ៥០០រៀល។
ដោយឡែកសម្រាប់ចង្ក្រានបរិស្ថានវិញ លោក សេង ចាន់វាសនាថា ចង្ក្រានបរិស្ថាននេះគឺជាចង្ក្រានឆ្លាតវ៉ៃដែលអាចជួយសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋទូទៅ អាជីវករ ហើយអាចជួយទៅដល់បរិស្ថានតាមរយៈការកាត់បន្ថយផ្សែងរហូតទៅដល់៩៥ភាគរយឯណោះ។
ជាមួយគ្នានេះវាអាចជួយការបញ្ចេញផ្សែងទៅកាន់បរិយាកាសហើយវារួមចំណែកកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។ សេង ចាន់វាសនា បានឱ្យដឹងដែរថា វាអាចប្រើប្រាស់បានសម្រាប់គ្រប់កាកសំណល់លើកលែងតែប្លាស្ទិក។ អ្នកប្រើប្រាស់អាចប្រើជាអុសធម្មតា ធ្យូង គ្រាប់ត្នោត ធាងត្នោត ត្រឡោកដូង ឬ ស្រកីដូងជាដើម។
បច្ចុប្បន្ននេះអាជីវកម្មកែច្នៃនៅខេត្តសៀមរាបនេះអាចផលិតចង្ក្រានបានជាងមួយម៉ឺនចង្ក្រានហើយសម្រាប់ចែកចាយក្នុងស្រុក។
លោក សេង ចាន់វាសនា ក៏បានបញ្ជាក់ឱ្យដឹងដែរថាផលិតផលបរិស្ថានរបស់ខ្លួនកំពុងទទួលបានការគាំទ្រនិងសាទរខ្លាំងគួរសមរហូតលក់អស់ៗពីស្តុក។
ទាក់ទិនទៅនឹងការលក់លោក សេង ចាន់វាសនា បានឱ្យដឹងថា ៖ «ចំពោះអុសបរិស្ថានវិញជាមធ្យមក្នុងមួយខែយើងអាចលក់បានចន្លោះពី ៣តោន-៥តោនក្នុងមួយខែ ចំណែកឯចង្ក្រានជាមធ្យមយើងអាចលក់បានចន្លោះ ពី ២៥០គ្រឿង ទៅដល់ ជាង៣០០គ្រឿងក្នុងមួយខែ»៕
ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-10_10-57-28-1024x461.jpg)
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-10_10-57-29-1024x461.jpg)
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-10_10-57-31-1024x768.jpg)
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-10_10-57-32-1024x768.jpg)