រុស្ស៊ីហៅការបញ្ជូនគ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែនថា ជាទង្វើនៃការអស់សង្ឃឹម និងបង្ហាញពីភាពទន់ខ្សោយ

មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងគ្រាប់បែកចង្កោម គឺជា “ទង្វើនៃការអស់សង្ឃឹម” ដែលនឹងមិនមានឥទ្ធិពលលើយុទ្ធនាការរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា សម្រេចចិត្តនេះ គឺជាទង្វើនៃការអស់សង្ឃឹម និងបង្ហាញពីភាពទន់ខ្សោយ នៅពីក្រោយការបរាជ័យនៃការវាយបករបស់អ៊ុយក្រែន។

លោកស្រីថា ការផ្គត់ផ្គង់អាវុធចុងក្រោយ ដែលសហរដ្ឋអាមេរិក និងអ៊ុយក្រែនកំពុងភ្នាល់ក្នុងល្បែងសង្គ្រាម ដែលមិនខ្វះខ្វាយពីផលវិបាកធ្ងន់ធ្ងរនោះ នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនោះទេ។

លោកស្រី ហ្សាខារ៉ូវ៉ា បន្ថែមថា ការសម្រេចចិត្តបែបនេះបានបង្ហាញពីការឈ្លានពានរបស់អាមេរិកប្រឆាំងនឹងរុស្ស៊ី ដែលមានបំណងអូសបន្លាយជម្លោះនៅអ៊ុយក្រែន តាមដែលអាចធ្វើទៅបាន និងថា ការសន្យារបស់អ៊ុយក្រែនក្នុងការប្រើប្រាស់គ្រាប់បែកចង្កោមដោយការទទួលខុសត្រូវ គឺគ្មានន័យនោះទេ។

ទន្ទឹមគ្នា ក្រុមការងារផ្នែកមនុស្សធម៌បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលសម្រាប់ពេលអនាគត។ យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទទួលស្គាល់ថា ការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន គឺជា “ការសម្រេចចិត្តដ៏លំបាកមួយ”៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ads banner