បន្ទាប់ពីមានកុបកម្ម បារាំងបានហាមប្រាមការលក់កាំជ្រួចនៅថ្ងៃទី១៤ ខែកក្កដា
ប៉ារីស៖ រដ្ឋាភិបាលបារាំងបានប្រកាសកាលពីថ្ងៃទី៩ ខែកក្កដា ឱ្យដឹងថា ប្រទេសបារាំងបានហាមឃាត់ការលក់ ការកាន់កាប់ និងការដឹកជញ្ជូនកាំជ្រួចក្នុងអំឡុងពេលបុណ្យជាតិ ដែលត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ ដោយសារតែបារាំងត្រូវប្រឈមមុខនឹងកុបកម្មប្រឆាំងនឹងប៉ូលិសដែលបានសម្លាប់ក្មេងវ័យជំទង់ម្នាក់។
គួរដឹងដែរថា កាំជ្រួចគឺជាប្រភេទអាវុធមួយ ក្នុងចំណោមអាវុធជាច្រើនទៀត ដែលបាតុករបានប្រើប្រាស់ក្នុងអំឡុងពេលធ្វើបាតុកម្មដែលឈានដល់ថ្នាក់កុបកម្ម។ កុបកម្មនេះផងដែរ បានផ្ទុះឡើងនៅក្នុងប្រទេសបារាំង បន្ទាប់ពីមន្ត្រីប៉ូលិសម្នាក់ បានបាញ់សម្លាប់ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ ក្នុងអំឡុងពេលក្មេងប្រុសនោះបានឈប់រថយន្តកាលពីថ្ងៃទី២៧ ខែមិថុនា នៅក្បែរទីក្រុងប៉ារីស។ ករណីនេះបានធ្វើឱ្យមានការខកចិត្ត និងការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់មហាជន និងប្រៀបបានដូចជាបញ្ឆះកំហឹងចាស់កាលពីករណីរើសអើងជាតិសាសន៍នៅក្នុងជួរកងកម្លាំងសន្តិសុខបារាំង។
កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបារាំងបានចុះផ្សាយក្រិត្យមួយនៅក្នុងព្រឹត្តិបត្រផ្លូវការថា ៖ «ដើម្បីការពារហានិភ័យនៃការរំខានធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងអំឡុងពិធីបុណ្យជាតិនៅថ្ងៃទី១៤ ខែកក្កដា ការលក់ ការកាន់កាប់ និងការដឹកជញ្ជូនកាំជ្រួចត្រូវបានហាមឃាត់ចាប់ពីថ្ងៃប្រកាសនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា»។
យ៉ាងណាក៏ដោយ ការហាមប្រាមនេះមិនអនុវត្តចំពោះអ្នកជំនាញ ឬសាលាក្រុងដែលកំពុងរៀបចំកាំជ្រួចដើម្បីដុតអបអរជាប្រពៃណីជាតិ ក្នុងការប្រារព្ធពិធីបុណ្យជាតិដែលមានឈ្មោះថា ថ្ងៃបាស្ទីល (Bastille Day) នោះទេ។ ដោយព្រួយបារម្ភថាកុបកម្មអាចនឹងកើតមានឡើង នាយករដ្ឋមន្ត្រី អេលីហ្សាបេត បូន (Elisabeth Borne) បានប្រាប់ទៅកាន់កាសែត Le Parisien កាលពីថ្ងៃសៅរ៍ថា ៖ «រដ្ឋាភិបាលនឹងចាត់វិធានការ ឬមធ្យោបាយគ្រប់បែបយ៉ាងដើម្បីការពារជនជាតិបារាំងក្នុងអំឡុងពេលបុណ្យជាតិ»។
គួរកត់សម្គាល់ថា ការដាក់តាំងបង្ហាញកាំជ្រួចត្រូវបានគេធ្វើជាប្រចាំឆ្នាំ ពោលគឺរៀងរាល់ការប្រារព្ធទិវាបាស្ទីល។ កាំជ្រួចក៏ត្រូវបានគេប្រើប្រាស់ជាញឹកញាប់ផងដែរក្នុងអំឡុងពេលបាតុកម្មនៅក្នុងប្រទេសកន្លងមក។
ដោយឡែក ការសម្លាប់ក្មេងប្រុសដោយប៉ូលិសនៅតំបន់ជាយនៃទីក្រុងណាន់តេរ៉េ (Nanterre) ដែលក្មេងជនរងគ្រោះនោះមានដើមកំណើតអាល់ហ្សេរី បានបង្កឱ្យមានអំពើហិង្សាក្នុងទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសបារាំងមិនធ្លាប់មាន រាប់ចាប់តាំងពីឆ្នាំ២០០៥ មក។
យោងតាមតួលេខផ្លូវការ មនុស្សជាង ៣៧០០ នាក់ត្រូវបានចាប់ខ្លួន និងស្ថិតនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស។ ពួកគេភាគច្រើនសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងការបាតុកម្មតវ៉ា ក្នុងនោះរួមមានទាំងអនីតិជនយ៉ាងហោចណាស់ ១១៦០ នាក់ផងដែរ៕
ប្រែសម្រួល៖ធា សុណា
ប្រភព៖ Channel NewsAsia
After riots, France bans July 14 fireworks sales
https://www.channelnewsasia.com/world/after-riots-france-bans-july-14-fireworks-sales-3616541