កូរ៉េខាងជើង ថ្កោលទោស IAEA ចំពោះការអនុម័តយល់ព្រមឱ្យជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលក្នុងសមុទ្រ

ព្យុងយ៉ាង នៅថ្ងៃ​ទី៩ ខែកក្កដា ឆ្នាំ២០២៣ ប្រទេសកូរ៉េខាងជើងបានថ្កោលទោសអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិចំពោះការអនុញ្ញាតឱ្យប្រទេសជប៉ុនបង្ហូរទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា (Fukushima) ចូលទៅក្នុងទឹកសមុទ្រ។​

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ឬហៅកាត់ថា IAEA បានអនុម័តយល់ព្រមទៅលើសំណើរបស់ទីក្រុងតូក្យូដែលបានស្នើសុំបង្ហូរទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរដែលរងគ្រោះដោយសាររលកយក្សស៊ូណាមិកចូលទៅក្នុងសមុ​ទ្រ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។​

ផែនការនេះបានធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងពីសំណាក់បណ្ដាប្រទេសជិតខាង។ ជាក់ស្ដែងប្រទេសចិនបានហាមឃា​ត់ការនាំចូលអាហារពីប្រទេសជប៉ុនមួយចំនួន ជាពិសេសការតវ៉ាប្រឆាំងនឹងគម្រោងនេះ ក៏កើតមានឡើងផងដែរនៅ​ក្នុងប្រទេសកូរ៉េខាងត្បូង។​

មន្ត្រីម្នាក់មកពីក្រសួងការពារបរិស្ថានរបស់ទីក្រុងព្យុងយ៉ាង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា ៖ «ការបង្ហូរទឹកសំណល់នេះ នឹងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងសន្តិសុខ ក៏ដូចជាបរិស្ថានជារួមផងដែរ»។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ៖ «អ្វីដែលជាបញ្ហានោះគឺថា ការឆ្លើយតបរបស់ IAEA ពិតជារឿងដែលមិនសមហេ​តុផល ដោយបានគាំទ្រយ៉ាងសកម្ម និងបានជួយសម្រួលដល់ការបង្ហូរទឹកដែលបំពុលដោយរោងចក្រនុយក្លេអ៊ែររ​បស់ជប៉ុន។ វាគឺជារឿងដែលមិនអាចនឹកស្មានដល់»។​

គួរដឹងដែរថា ទឹកក្រោមដី ទឹកភ្លៀង និងទឹកដែលប្រើសម្រាប់ធ្វើឱ្យត្រជាក់មានចំនួនសរុបទាំងអស់ប្រមាណជា ១,៣៣ លានម៉ែត្រគូប។ ទំហំទឹកនេះត្រូវបានប្រមូលផ្ដុំនៅតំបន់រោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា ជាកន្លែងដែលម៉ាស៊ីនរ៉េអាក់ទ័រ​ជា​​ច្រើនបានរលាយ បន្ទាប់ពីរលកយក្សស៊ូណាមិកឆ្នាំ២០១១។​

យ៉ាងណាក៏ដោយ ក្រុមហ៊ុនប្រតិបត្តិកររោងចក្រនេះបានធ្វើការសម្អាតទឹកដោយចម្រាញ់ធាតុវិទ្យុសកម្មភាគច្រើនចេញ លើកលែងតែទ្រីទីយ៉ូម។ ពួកគេ​គ្រោងនឹងទំលាយ​ទឹកទាំងនោះ ហើយ​បញ្ចេញ​វា​ទៅក្នុង​សមុទ្រ​បន្តិចម្តងៗ​ក្នុង​រយៈពេ​ល​ជាច្រើន​ឆ្នាំខាងមុខ។ ក្នុងថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ប្រធាន IAEA លោក រ៉ាហ្វាអែល ហ្គ្រោស៊ី (Rafael Grossi) ទៅកាន់ទីក្រុងសេអ៊ូល លោកបានជួបប្រជុំជាមួយសមាជិកសភាគណបក្សប្រឆាំង ដែលបានសម្តែ​ងការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ។​

កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ហ្គ្រោស៊ី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក ផាក ជីន (Park Jin) ដើម្បីពន្យល់ប្រាប់អំពីការរកឃើញរបស់ទីភ្នាក់ងាររបស់លោកជុំវិញការអនុញ្ញាតឱ្យបង្ហូរទឹកសំណល់នេះ។

យ៉ាងណាមិញ លោក ផាក បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងសកម្មពី IAEA ដើម្បីធ្វើការផ្ទៀងផ្ទាត់សុវត្ថិភាព និងការធានាជាសាធារណៈ។ បន្ទាប់ពីកិច្ចប្រជុំនោះ លោក ហ្គ្រោស៊ី បាននិយាយថា IAEA នឹងបន្តធ្វើការនៅឯរោងចក្រហ្វ៊ូគូស៊ីម៉ា ដើម្បីធានាសុវត្ថិភាពនៅគ្រប់ជំហាននៃដំណើរការទាំងមូល៕​

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ Channel NewsAsia

North Korea slams IAEA for Fukushima water approval

https://www.channelnewsasia.com/asia/north-korea-slam-iaea-fukushima-treated-wastewater-release-nuclear-plant-3616531

ads banner