សិស្សនិស្សិតអាហារូប ១០៤នាក់ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះជំនាញមកពីក្រៅប្រទេស ដើម្បីបម្រើប្រទេសជាតិប្រជាជន
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការទទួលបន្ទុកអាហារូបករណ៍ នៃក្រសួងព័ត៌មានតំណាង ឯកឧត្តមបណ្ឌិត ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជួបសំណេះសំណាលជាមួយអាណាព្យាបាលនិងនិស្សិតអាហារូបករណ៍ក្រសួងព័ត៌មាន ដែលត្រូវចេញដំណើរទៅសិក្សាសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នៃព្រះរាណាចក្រថៃ នៅទីស្តីក្រសួងព័ត៌មានកាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ។
លោក សាន សុភា ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការទទួលបន្ទុកអាហារូបករណ៍ក្រសួងព័ត៌មានបានបញ្ជាក់ថាក្នុងឆ្នាំ២០២៣ ក្រោមការដឹកនាំ និងការយកទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គណៈកម្មការទទួលបន្ទុកអាហារូបករណ៍នៃក្រសួងព័ត៌មាន ដែលមានឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាប្រធាន បានបន្តកិច្ចសហប្រតិបត្តិការ ជាមួយសម្ពន្ធយុវជនអាហារូបករណ៍ (ស២) និងសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នៃព្រះរាជាណាចក្រថៃ ដែលជាដៃគូបានរៀបចំជ្រើសរើស និស្សិតអាហារូបករណ៍សម្រាប់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ជាលទ្ធផលជ្រើសរើសនិស្សិតបានចំនួន ១០៤ នាក់ ដែលសិក្សាលើជំនាញឯកទេសសំខាន់ៗជាច្រើនកន្លែង ។
ឯកឧត្តម សុខ ប្រសិទ្ធិ បានមានប្រសាសន៍ជំរុញលើកទឹកចិត្តដលនិស្សិតដែលចេញទៅសិក្សានៅក្រៅប្រទេសសូមចូលរួមអនុវត្តគោរពនូវវិធានការច្បាប់និង សេចក្តីណែនាំនិងបទបញ្ញាតិទាំងឡាយណាពាក់ព័ន្ធដល់និស្សតថ្នាក់ជាតិ ។
ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានីព្រះរាជាណាចក្រថៃ ដែលបានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាជាច្រើន ។
ឯកឧត្តម សុខ ប្រសិទ្ធិ បានបញ្ជាក់អំពីគោលដៅនិងបំណងព្រមទាំងពន្យល់អំពីគោលជំហ៊រអាហារូបករណ៍ក្រសួងព័ត៌មានក្នុងនាមជានិស្សិតចេញទៅសិក្សានៅក្រៅប្រទេស គឺស្របតាមស្មារតីរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយនេះក៍ស្របតាមស្មារតីយុវជនដើម្បីអភិវឌ្ឍន៍យុវជនក៍ដូចជាផែនការសកម្មភាពនិងគោលនយោបាយរបស់ថ្នាក់ដឹកនាំដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតជាបេក្ខជនបន្តវេន ទើបសិស្សនិស្សិតមានថ្ងៃនេះ ឯកឧត្តម សង្ឃឹមថានិស្សិតទទូលបានអាហារូបករណ៍រហូតបានបញ្ចប់ការសិក្សាត្រឡប់មកមាតុភូមិវិញនាំយកចំណេះដឹងនិងជំនាញបំរើប្រទេសជាតិប្រជាជន ៕
ដោយ-រ៉ាវុធ