កម្ពុជា នឹងបញ្ជ្របជំនាញបច្ចេកវិទ្យាកាន់តែខ្លាំង ទៅលើវិស័យកាត់ដេរ ដើម្បីបង្កើនផលិតភាព
(ភ្នំពេញ)៖ នៅពេលបច្ចេកវិទ្យាកាន់តែជឿនលឿនគេចាំបាច់ណាស់ត្រូវតែមានការបញ្ជ្រាបចូលក្នុងការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប… ដើម្បីបង្កើនផលិតភាពកាន់តែខ្លាំងក្លានៅថ្ងៃខាងមុខ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងវេទិការធុរកិច្ចប្រកបដោយនិរន្តរភាព”រួមគ្នាភាពរីកចម្រើនរបស់សហគ្រាសធុនមីក្រូតូច និង មធ្យមនៅកម្ពុជា” ដែលបានរៀបចំឡើងនៅសណ្ឋានគារ អូកវូដ ព្រីមៀ ភ្នំពេញ នាពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្មបានឱ្យដឹងថា៖ ការចង់បានការរីកចម្រើនណាមួយគេចាំបាច់ត្រូវពឹងផ្អែកលើវិស័យបច្ចេកវិទ្យា ហើយពិតណាស់វិស័យកាត់ដេររបស់កម្ពុជាមិនអាចខ្វះបានចំណុចមួយនេះឡើយ ។
ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថា៖ ចាប់ពីរាជរដ្ឋាភិបាលអាណត្តិថ្មីនេះតទៅកម្ពុជានឹងជំរុញក្នុងការបណ្តុះបណ្តាលដល់យុវជនយើងឱ្យមានជំនាញយ៉ាងតិច១លាន៥សែននាក់។ ជំនាញនេះនឹងផ្តោតទៅលើបច្ចេកវិទ្យា ផ្នែកយានយន្ត ការបណ្តុះបណ្តាលផ្នែកឌីជីថល ដោយក្នុងនេះយ៉ាងហោចណាស់ឱ្យគាត់ចេះជួសជុលវិទ្យុ ម៉ាញ៉េ ទូរទស្សន៍ ទូរស័ព្ទដៃ ជាដើម។ទាំងនេះហើយគឺជាការបង្កើតជំនាញដល់យុវជននិងពលរដ្ឋកម្ពុជា។ នៅពេលពួកគាត់ចេះជំនាញនោះរោងចក្រនីមួយៗនឹងត្រូវការគាត់ហើយ ។
ឯកឧត្តមបានថ្លែងថា”នេះគឺជាចក្ខុវិស័យមួយវែងឆ្ងាយរបស់សម្តេចតេជោ គឺនៅពេលយើងត្រូវការជំនាញនៅពេលនោះក្រុមហ៊ុនបច្ចេកវិទ្យានឹងចូលមកាន់តែច្រើន។ ក្នុងនេះដូចជាបើយើងជួបក្រុមហ៊ុន ពិសេសក្រុមហ៊ុនជប៉ុនគេតែងសួរសំណួរ ២ គឺ ទីមួយតម្លៃអគ្គិសនី និងទីពីរធនធានមនុស្សជំនាញរបស់យើងហ្នឹង។ទាំងអស់នេះហើយគឺជាជំហ៊ានដែលកម្ពុជាយើងកំពុងដើរលើផ្លូវត្រូវ ទើបអាចសម្រេចចក្ខុវិស័យរបស់យើង ។
ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងដោយបញ្ជាក់បន្ថែមថា នៅថ្ងៃខាងមុខវិស័យបច្ចេកវិទ្យាកម្ពុជា នឹងបញ្រ្ជាប់ទៅកាន់លើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង។ ទាំងនេះដោយសារថា កាលណាយើងប្រើបច្ចេកវិទ្យាលើវិស័យនេះ វានឹងជួយដល់កំណើនផលិតភាពរបស់យើង។ យើងត្រូវការរោងចក្រទាំងអស់សហការគ្នា ហើយយើងនឹងបញ្ជ្រាបនូវមុខវិជ្ជាបច្ចេកវិទ្យាដល់រោងចក្រទាំងអស់បន្ថែមទៀតនៅថ្ងៃខាងមុខ។
ឯកឧត្តមមានប្រសាសន៍ដែរថា៖កម្ពុជាមានផែនការនិងសកម្មភាពយ៉ាងច្បាស់លាស់ ដោយបានកំណត់ទស្សនវិស័យក្នុងការជំរុញវិស័យបច្ចេកវិទ្យានៅកម្ពុជារបស់យើង។ជាមួយគ្នាយើងបានរៀបចំជាគោលនយោបាយសម្រាប់អភវិឌ្ឍន៍វិស័យបច្ចេកវិទ្យាចាប់ពីឆ្នាំ ២០២០-២០៣០ យើងមានផែនទីបង្ហាញផ្លូវសម្រាប់វិស័យបច្ចេកវិទ្យា និងគោលនយោបាយផ្សេងៗទៀតលើវិសឌីជីថលកម្ពុជា ។ ទាំងអស់នេះហើយដែលជាចំណុចទាក់ទាញដល់បណ្តាវិនិយោគគិនឱ្យមើលលក្ខណៈពិសេសកម្ពុជារបស់យើង ៕
អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក ងីម ឆៃហួត