អាមេរិក សម្លាប់មេដឹកនាំរដ្ឋអ៊ីស្លាម Usamah al-Muhajir ក្នុងប្រទេសស៊ីរី ដោយយន្តហោះដ្រូន

អាមេរិក៖ កាលពីថ្ងៃទី៩ ខែកក្កដា យោធាអាមេរិកបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមរយៈយន្តហោះគ្មានមនុស្សបើកឬដ្រូន ដោយបានសម្លាប់លោក Usamah al-Muhajir ដែលជាមេដឹកនាំក្រុមរដ្ឋអ៊ីស្លាមនៅភាគខាងកើតប្រទេសស៊ីរី។

បើតាមសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការកណ្តាលអាមេរិកបានឱ្យដឹងថា ការវាយប្រហារបានធ្វើឡើងកាលពីថ្ងៃសុក្រដោយយន្តហោះដ្រូនម៉ាក MQ-9s។ ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នា នៃការប្រតិបត្តិការនេះ មន្ត្រីអាមេរិកបានត្អូញត្អែរថា យន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីនៅក្នុងតំបន់នោះ បានហោះរារាំងនិងរំខានដល់យន្តហោះគ្មានមនុស្សបើករបស់ខ្លួន។

រុស្ស៊ី គឺជាសម្ព័ន្ធមិត្តដ៏សំខាន់នៃរបបស៊ីរី ដែលដឹកនាំដោយប្រធានាធិបតី Bashar al-Assad ហើយយោធានៃប្រទេសទាំងពីរក៏កំពុងហ្វឹកហ្វឺនរួមគ្នារយៈពេលប្រាំមួយថ្ងៃដែលបញ្ចប់នៅថ្ងៃចន្ទនេះផងដែរ។

គួរជម្រាបថា ដោយមានការគាំទ្រពីទីក្រុងមូស្គូ ក៏ដូចជាប្រទេសអ៊ីរ៉ង់ លោក Assad បានក្រសោបដណ្តើមយកទឹកដីភាគច្រើនដែលបានបាត់បង់នៅក្នុងដំណាក់កាលដំបូងនៃជម្លោះស៊ីរីកាលពីឆ្នាំ ២០១១ ហើយបច្ចុប្បន្នរដ្ឋាភិបាលរបស់លោក តែងតែគាបសង្កត់លើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យផងដែរ។

សេចក្តីថ្លែងការណ៍ទីបញ្ជាការកណ្តាលអាមេរិកដដែលនេះបានឱ្យដឹងដែរថា ពុំមានជនស៊ីវិលណាម្នាក់ត្រូវរងគ្រោះដល់ជីវិត ពីការវាយប្រហារនេះនោះទេ ហើយបច្ចុប្បន្ន កងកម្លាំងយោធាកំពុងវាយតម្លៃលើរបាយការណ៍ ថាតើអាចមានជនស៊ីវិលម្នាក់អាចរងរបួស ឬទេ។

លោកឧត្តមសេនីយ៍ Erik Kurilla មេបញ្ជាការនៃបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផងដែរថា ៖ «យើងចង់បញ្ជាក់យ៉ាងច្បាស់ថា យើងនៅតែប្តេជ្ញាចិត្តក្នុងការកម្ចាត់ពួក ISISនៅទូទាំងតំបន់»។

លោកបានបន្ថែមថា ក្រុមរដ្ឋអ៊ីស្លាម នៅតែជាការគំរាមកំហែង មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែជាការគំរាមកំហែងធំលើសលុបមិនអាចគណនា ឬជាការគំរាមកំហែងដល់ពិភពលោកទាំងមូល។

ជាក់ស្តែងក្នុងឆ្នាំ ២០១៤ ក្រុមរដ្ឋអ៊ីស្លាម ឬគេហៅថា IS បានគ្រប់គ្រងមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ បើទោះបីជាទឹកដីនោះ ត្រូវបានវាយដណ្តើមមកវិញនៅក្នុងប្រទេសទាំងពីរក៏ដោយ ក៏ពួកសកម្មប្រយុទ្ធជ្រុលនិយមទាំងនោះនៅតែបន្តការវាយប្រហារបះបោរជានិច្ចជាកាលផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនៅបន្តដាក់ទាហានប្រហែល ១ពាន់នាក់ ពង្រាយក្នុងប្រទេសស៊ីរី ដើម្បីជាផ្នែកមួយនៃកិច្ចប្រឹងប្រែងលក្ខណៈអន្តរជាតិ ប្រយុទ្ធប្រឆាំងក្រុម IS ដែលបាក់ទ័ពនៅប្រទេសស៊ីរីក្នុងឆ្នាំ២០១៩។ ទាហានអាមេរិក នៅលាក់ខ្លួនក្នុងតំបន់វាលខ្សាច់ដាច់ស្រយាល និងតែងធ្វើការវាយប្រហារជាញឹកញាប់ផងដែរ៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner