មនុស្សប្រាំមួយនាក់ស្លាប់ និងម្នាក់រងរបួស ក្នុងហេតុការណ៍ចាក់សម្លាប់ក្នុងសាលាមតេ្តយ្យនៅចិន

ប៉េកាំង៖ ប៉ូលិសមូលដ្ឋានចិនបានប្រាប់បណ្ដាញព័ត៌មាន BBC នៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ប្រាំមួយនាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ចាក់សម្លាប់ក្នុងសាលាមតេ្តយ្យមួយកន្លែងក្នុងទីក្រុងលានជាំង (Lianjiang) ខេត្តក្វាងទុង នាភាគអាគ្នេយ៍នៃប្រទេសចិន។

បើតាមអ្នកនាំពាក្យទីក្រុងរបស់រដ្ឋាភិបាលចិនក្នុងចំណោមអ្នកស្លាប់ទាំងប្រាំមួយនាក់មានម្នាក់ជាគ្រូបង្រៀនពីរនាក់ជាអាណាព្យាបាលសិស្ស និងបីនាក់ជាសិស្ស។

ការវាយប្រហារនេះបានកើតឡើងនៅម៉ោង៧:៤០នាទីព្រឹកថ្ងៃចន្ទ ហើយក្រោយមក ប៉ូលិសបានឃាត់ និងឃុំខ្លួន ជនសង្ស័យជាបុរសវ័យ ២៥ ឆ្នាំម្នាក់។ ខណៈចេតនាពិតប្រាកដរបស់ជនដៃដល់ និងព័ត៌មានលម្អិតមិនទាន់បានលាតត្រដាងនោះទេ ហើយការស៊ើបអង្កេតក៏កំពុងបន្តធ្វើផងដែរ ដោយប៉ូលិសបានហៅការវាយប្រហារនេះថាធ្វើឡើងដោយចេតនា។

គួរគូសបញ្ជាក់ថា ឧក្រិដ្ឋកម្មហិង្សាកម្រកើតមានណាស់នៅចិន ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានជួបប្រទះនឹងការវាយប្រហារដោយប្រើកាំបិតជាច្រើនករណី រួមទាំងនៅសាលារៀនផងដែរ។

កាលពីខែសីហាឆ្នាំមុន ខ្មាន់កាំបិតបានចូលទៅវាយប្រហារក្នុងសាលាមត្តេយ្យមួយក្នុងខេត្ត ជាំងស៊ី(Jiangxi ) ដោយបានសម្លាប់មនុស្សបី នាក់ និងរបួសប្រាំមួយនាក់ផ្សេងទៀត។ ក្នុងខែមេសា ឆ្នាំ ២០២១ កុមារពីរនាក់បានស្លាប់ និង ១៦ នាក់ផ្សេងទៀត បានរងរបួស ក្នុងកំលុងព្រឹត្តិការណ៍ចាក់សម្លាប់ដ៏ធំនៅទីក្រុង Beiliu ក្នុងតំបន់ស្វយ័ត Guangxi Zhuang ។

ហេតុការណ៍វាយប្រហារដោយកាំបិតក្នុងសាលាមតេ្តយ្យ ក៏កើតឡើងនៅទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន កាលពីខែតុលា ឆ្នាំ ២០១៨ ផងដែរ ដោយធ្វើឱ្យសិស្សតូចៗ១៤នាក់រងរបួស៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner