អ្នកជំនាញ រកឃើញឡដុតកុលាលភាជន៍ដំណើការក្នុងពាក់កណ្តាលសតវត្សរ៍ទី១២នៅក្នុងតំបន់អង្គរ
សៀមរាប៖ អាជ្ញាធរជាតិអប្សរាដែលសហការជាមួយសាកលវិទ្យាល័យហាវ៉ៃនិងFlinders University ដោយបានប្រើឧបករណ៍វាស់ស្ទង់រករចនាសម្ព័ន្ធឡដុតកុលាលភាជន៍នៅខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ បានរកឃើញថា មានឡដុតកុលាលភាជន៍ជាច្រើននៅជ្រុងពាយព្យនាភូមិនគរក្រៅ សង្កាត់គោកចក នៃក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពអាជ្ញាធរជាតិអប្សរានៅថ្ងៃទី១០ខែកក្កដាបានឱ្យដឹងថា បណ្តុំក្រុមឡដុតកុលាលភាន៍ទាំងនោះ ស្ថិតនៅលើទួលធំវែងមួយកន្លែងដែលលាតសន្ធឹងពីកើតទៅលិចប្រវែង២៣០ម៉ែត្រនិងទទឹងមានប្រវែង៨៤ម៉ែត្រ កម្ពស់ប្រហែល២,៧០ម៉ែត្រ។ ទួលនេះសន្ធឹងស្របគ្នានិងកំពែងនៃកសិន្ធុទឹកភាគខាងជើងផ្នែកខាងលិច របស់ខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ មានចម្ងាយ១២៣ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង។

តាមរយៈអាជ្ញាធរជាតិអប្សរា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក ទិន ទីណា បានបញ្ជាក់ថា ក្រោយពីបានចុះពិនិត្យផ្ទៀងផ្ទាត់និងស្រង់ទិន្នន័យបុរាណវិទ្យា ដោយក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានរកឃើញថាមានទួលឡដុតកុលាលភាន៍មានចំនួន២៥ ដែលពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថាទីនេះជាអ្វីពិតប្រាកដនៅឡើយទេ។

លោកថា ទួលឡដុតកុលាលភាជន៍នេះ មិនទាន់មានការធ្វើកំណាយនោះទេ ដោយគ្រាន់តែអ្នកស្រាវជ្រាវមួយចំនួនបានរើសយកអំបែងភាជន៍យកទៅសិក្សាតែប៉ុណ្ណោះ។
លោក ទិន ទីណា បានបញ្ជាក់ថា ៖ «កាលពីឆ្នាំ២០២០ និងឆ្នាំ២០២២ ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយលើទួលឡនោះចំនួនពីរ ដើម្បីប្រមូលទិន្នន័យដែលអាចឱ្យអ្នកជំនាញបញ្ជាក់ថា ទីតាំងនេះជាអ្វីឱ្យពិតប្រាកដ»។

យោងតាមលទ្ធផល ដែលទទួលបានពីការធ្វើកំណាយទាំងពីរលើកកន្លងមក បានបញ្ជាក់ថាទីតាំងនេះជាឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ ដែលចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២ និងឈប់ដំណើរការនៅដើមសតវត្សរ៍ទី១៥នៃគ្រីស្តសករាជ។ នេះបើតាមការលោក ទិន ទីណា បន្ថែម។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ដែរថា ក្រុមអ្នកស្រាវជ្រាវមានគោលបំណងពង្រីកការស្រាវជ្រាវពីបណ្តុំឡដុតកុលាលភាជន៍នេះឱ្យបានវែងឆ្ងាយទៅទៀត ដោយថ្មីៗនេះ អ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និង Flinders University បានប្រើឧបករណ៍វិទ្យាសាស្ត្រទំនើប។

ការប្រើប្រាស់ឧបករណ៍ទំនើបនេះ ដើម្បីវាស់ស្ទង់រករចនាសម្ព័ន្ធឡដុតកុលាលភាជន៍នៅតំបន់ទ្វារដីឆ្នាំងនៃអង្គរធំនេះ ដោយប្រើឧបករណ៍ Magnetometer ដើម្បីស្វែងរកសញ្ញាណម៉ាញ៉េទិកនៃរចនាសម្ព័ន្ធឡ។
ប្រភពដដែលបាន្តថា ក្រុមអ្នកស្រាវជ្រាវបានចាត់ទុកថា ទិន្នន័យដែលទទួលបានពីការវាស់ស្ទង់នេះ គឺមានសារៈសំខាន់សម្រាប់អ្នកជំនាញយកធ្វើជាមូលដ្ឋានក្នុងការធ្វើកំណាយស្រាវជ្រាវឡដុតកុលាលភាជន៍នៅតំបន់នេះតទៅថ្ងៃមុខទៀត៕ ដោយ៖ គឹម យុត្ថារ៉ូ