កម្ពុជា និងចិន នឹងអាចទូទាត់ប្រាក់ឆ្លងដែនតាម QR-Code នៅចុងឆ្នាំនេះ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជានិងក្រុមហ៊ុនUnionPay Internationalនៅថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៣នេះបានអនុស្សារណៈយោគយល់គ្នាស្តីពី«កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមQR-Code»ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល របស់កម្ពុជា និងប្រាក់យ័នរបស់ ឱ្យមានលក្ខណៈទូលំទូលាយបន្ថែមទៀតនៅក្នុងប្រទេសទាំងពីរ។
លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា (NBC) បានថ្លែងនាឱកាសនោះថា ការចុះអនុស្សរណៈនេះ នឹងផ្តល់នូវក្របខណ្ឌសហប្រតិបត្តិរវាងUnionPay និងប្រព័ន្ធបាគង KH QR។
លោកជំទាវមានប្រសាសន៍បញ្ជាក់ថា ៖«កាលណាយើងបានចុះកិច្ចសហប្រតិបត្តិការនេះហើយ នៅពេលដែលយើងរៀបចំការតភ្ជាប់ហ្នឹងបាន យើងនឹងឃើញថា ពលរដ្ឋយើងទៅចិន អាចស្កេនទូទាត់តាមQR code នៅចិនបាន ទាំងQR របស់ UnionPay, Ali pay និង We chat ផងដែរ។ ដូច្នេះប្រជាជនខ្មែរយើងជាង១០លាននាក់ ដែលមានE-Wallet ដែលអាចទូទាត់តាម QR គឺអាចទូទាត់បាននៅស្រុកចិន តាមប្រព័ន្ធនេះបានដោយងាយស្រួល»។
លោកជំទាវ ជា សិរី បានបន្ថែមថា ភ្ញៀវទេសចរចិនដែលមកកម្ពុជាអាចទូទាត់ពីWallet របស់ខ្លួនដែលហៅថា UnionPay & able Wallet ហើយស្កេន KH QR ហើយទូទាត់បាន ។ចំណុចនេះ វាល្អជាងអ្វីដែលមាននាពេលបច្ចុប្បន្ន ព្រោះថាទេសចរចិនដែលមកកម្ពុជា គាត់ស្កេនបានតែហាងទំនិញណាដែលមានភ្ជាប់ជាមួយ UnionPay, Ali pay និង We chat តែប៉ុណ្ណោះ។ ដូច្នេះនៅពេលដែលយើងតភ្ជាប់គ្នាហើយ ទេសចរ ឬវិនិយោគិនចិន អាចស្កេនទូទាត់តាម KH QRរបស់យើងបានហើយ។ អ៊ីចឹងវាសម្រួលទាំងសងខាង ។មានន័យថា សម្រួលទាំងទេសចរខ្មែរពេលទៅចិន និងទេសចរចិនពេលមកខ្មែរផងដែរ»។
ចំណុចសំខាន់មួយទៀតក្នុងកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងទៀត លោកជំទាវបានបញ្ជាក់ថា យើងធ្វើជាមួយប្រទេសជិតខាងយើង គឺជំរុញការប្រើប្រាស់ប្រាក់រៀល។ ដូចដែលលោកជំទាវបានលើករួចមកហើយ ទាល់តែប្រជាជនកម្ពុជាយើងទៅស្រុកគេមានគណនីជាលុយរៀល ទើបអាចទូទាត់តាម KH QR នៅចិន ឬថៃបាន។ ងាកមកកម្ពុជាយើងវិញ អាជីវកម្មយើង ភាគច្រើនដាក់តែលុយដុល្លារប៉ុណ្ណោះ ដូច្នេះនៅពេលគាត់ចង់បានអតិថិជនជាទេសចរចិនច្រើនទាល់តែគាត់ដាក់ KH QR ជាលុយរៀលទៀតទើបបាន។ ចំណែកចិនវិញក៏ដូចគ្នា។ គាត់ជំរុញប្រើប្រាស់ប្រាក់យ័នរបស់គាត់ដូចគ្នា។
លោកជំទាវ ជា សិរី បានបង្ហាញពីការរំពឹងទុកថា នៅពេលដែលកិច្ចសហប្រតិបត្តិការនេះជោគជ័យ នឹងជួយមួយផ្នែកទៀតទៅលើវិស័យទេសចររបស់ប្រទេសទាំងពីរ ព្រោះនៅពេលដែលទេសចរចិនមក នឹងងាយស្រួលចាយវាយទូទាត់ ដែលវាក៏អាចទាក់ទាញទេសចរមកបន្ថែមទៀតដែរ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានប្រាប់ឱ្យដឹងដែរថា Crossing Border Payment នេះមានសារៈសំខាន់ណា ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀកនៅលើឆាកអន្តរជាតិ ជាពិសេសMOUថ្មីរបស់ធនាគារជាតិ និង UnionPay International នេះ គឺជាមធ្យោយបាយថ្មីមួយទៀត ក្នុងការបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋនៃប្រទេសទាំងពីរ។
លោកបានប្រាប់ថា ៖ «វាមានសារៈសំខាន់ណាស់ក្នុងការនាំរូបិយបណ្ណរៀលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ ។ សម្រាប់ធនាគារ អេស៊ីលីដា នាពេលកន្លងមកបានមានកិច្ចសហប្រតិបត្តិការជាមួយ UnionPay យូរហើយ គ្រាន់តែថា ការទូទាត់ត្រូវឆ្លងកាត់រូបិយបណ្ណអន្តរជាតិ»។
លោកបន្តថា ៖ «នៅពេលដែលធនាគារជាតិ និង UnionPay មានការទូទាត់តាម KH QRដោយផ្ទាល់នាពេលខាងមុខនេះ នឹងកាន់តែងាយស្រួលនឹងចំណេញច្រើនដោយមិនចាំបាច់ឆ្លងកាត់រូបិយបណ្ណអន្តរជាតិផ្សេងទៀត ដែលមានអត្រាការប្រាក់ឡើងចុះ»។
លោក អ៊ិន ចាន់នី បានបន្ថែមថា Crossing Border Payment នេះវាមានភាពចាំបាច់ណាស់ ។ខាងធនាគារជាតិ កំពុងតែមានការពង្រីកបន្ថែមទៅវៀតណាម និងបណ្តាប្រទេសមួយចំនួនទៀត នាពេលខាងមុខទៀត ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ពាណិជ្ជករ និងធុរជន ក្នុងការទូទាត់ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព។
បើតាមលោកជំទាវ ជា សិរី បច្ចុប្បន្ននេះ កម្ពុជាបានដាក់ឱ្យដំណើរការការទូទាត់តាមប្រព័ន្ធ QR-Codeជាមួយវៀតណាម និងថៃ ខណៈដែល ចិន ឥណ្ឌានិងឡាវ ធនាគារជាតិបាននិងកំពុងរៀបចំប្រព័ន្ធទូទាត់នៅឡើយ៕ ដោយ៖ វណ្ណ សុជាតា