ក្រសួងការងារប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ឆ្នាំ២០២៣-២០២៧
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ដែលគ្របដណ្ដប់លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ដែលជាការងារក្នុងប្រព័ន្ធ ព្រមទាំងការងារក្រៅប្រព័ន្ធដទៃទៀត ដូចជា ការងារក្នុងវិស័យកសិកម្ម សំណង់ជាដើម ។
គួរបញ្ជាក់ថាការប្រកាសផ្សព្វផ្សាយនេះធ្វើឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទាក់ទិនក្នុងរឿងនេះ លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានឱ្យដឹងថា ការបញ្ជ្រាបចំណេះដឹងស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅក្នុងការអប់រំទូទៅ និងផ្ទៃក្នុងនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺអាចកសាងអនាគតកម្មករជំនាញជំនាន់ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពការងារល្អជាងមុន។ ក្នុងនាមអង្គការសហជីព ប្រធានក្រុមប្រឹក្សាជាតិសហជីពរូបនេះបានប្ដេជ្ញាចូលរួមជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ អង្គការនិយោជក និងដៃគូផ្សេងទៀត ដើម្បីអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ឱ្យប្រកបដោយផ្លែផ្កា ។
លោក ទេព សុភ័ណ្ឌ នាយកគ្រប់គ្រងទូទៅនៃសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានបង្ហាញក្ដីរំពឹងថា ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ នឹងក្លាយជាយន្តការនៃការដោះស្រាយគោលនយោបាយអាទិភាព និងវិធានការចាំបាច់នានាក្នុងការបន្តការធានាសុវត្ថិភាព និងសុខភាពការងារជូនកម្មករនិយោជិត។
លោក ទុន សោភ័ណ មន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO ប្រចាំកម្ពុជា បានវាយតម្លៃថា ការអនុវត្តបានល្អប្រសើរនូវសុវត្ថិភាព និងសុខភាពការងារកាលពីពេលកន្លងទៅ គឺបានកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ នាំឱ្យបង្កើនផលិតភាពការងារក្នុងរោងចក្រ សហគ្រាស។ លោកថា បញ្ហាសុវត្ថិភាព និងសុខភាពការងារនេះ គឺអង្គការ ILO មានការយកចិត្តទុកដាក់ខ្លាំងណាស់ ដោយមានការចែងបទប្បញ្ញត្តិជាបន្តបន្ទាប់ និងតម្រូវឱ្យរដ្ឋជាសមាជិកចូលរួមអនុវត្តឱ្យបាន។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានលើកឡើងថា ផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារ បានកំណត់យុទ្ធសាស្ត្រចំនួន៦ និងផែនការសកម្មភាពលម្អិតជាមួយនឹងយន្តការត្រួតពិនិត្យ និងវាយតម្លៃដែលជាក់លាក់អាចវាស់វែងបានអាចអនុវត្តបានប្រាកដនិយម និងតាមពេលកំណត់ (SMART) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពក្នុងផ្នែកសុវត្ថិភាព និងសុខភាពការងារ ដែលជាប្រយោជន៍ដល់និយោជក និងកម្មករនិយោជិតគ្រប់វិស័យទាំងអស់ ដោយមិនផ្អែកទៅតាមវិស័យសេដ្ឋកិច្ចទំហំនៃសហគ្រាស គ្រឹះស្ថាន ឬកន្លែងធ្វើការបែបណានោះទេ ។
សូមបញ្ជាក់ថាក្នុងការដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ឆ្នាំ២០២៣-២០២៧នេះ ក្រសួងជឿជាក់ថានឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ហើយកាន់តែងាយស្រួលសម្រាប់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការប្រើប្រាស់ផែនការសកម្មភាពលម្អិតរបស់ខ្លួន សម្រាប់ការលើកកម្ពស់ និងកែលម្អការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវកន្លែងធ្វើការ ដែលមានបរិយាកាសការងារល្អ រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ ដែលអាចជួយជំរុញផលិតភាព និងកសាងវប្បធម៌សុវត្ថិភាព និងសុខភាពការងារនៅគ្រប់កន្លែងធ្វើការនាពេលអនាគត ៕
ដោយ ៖ ម៉ាដេប៉ូ




