ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ រួមគ្នាដុតបំផ្លាញគ្រឿងញៀន ថ្នាំញៀន ដែលខេត្តទាំង២ បង្ក្រាបបានជិត ៤០គីឡូ

(ខេត្តបាត់ដំបង)៖ ការដុតបំផ្លាញគ្រឿងញៀន ទម្ងន់ប្រមាណជិត៤០គីឡូក្រាម រួមទាំងឧបករណ៍ និងសម្ភារៈសម្រាប់ផលិត ការជួញដូរ និងការប្រើប្រាស់ ដែលកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបបាននៅខេត្តបាត់ដំបង និងនៅខេត្តពោធិ៍សាត់ ត្រូវបានយកមកដុតបំផ្លាញចោល នៅឯព្រលានយន្តហោះ វាលបែកចាន ក្រុង-ខេត្តបាត់ដំបង ដើម្បីប្រារព្វអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ អ្វីៗ!ដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើងនិងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ ។

ពិធីដុតបំផ្លាញគ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំរបស់ខេត្តទាំង២ ។

បើយោងតាមដីកាសម្រេចរបស់ខេត្តទាំង២ បានឱ្យដឹងថា៖គ្រឿងញៀន ដែលត្រូវបានដុតបំផ្លាញចោលនេះមានទម្ងន់ប្រមាណជិត៤០គីឡូក្រាម។ នេះបើយោងតាមដីកាសម្រេចនូវក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន២៨៦សំណុំរឿង ដែលមានគ្រឿងញៀនជាច្រើនប្រភេទដូចជា៖ ប្រភេទមេតំហ្វេតាមីនម្ស៉ៅក្រាមស មេតំហ្វេតាម៉ឺនគ្រាប់ និងអ៊ិចស្រ្តាស៊ីជាដើម ។ល។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងនូវការកោតសរសើរដល់គ្រប់សមាសភាពអាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានសហការគ្នាល្អ ក្នុងការបង្រ្កាបនូវករណីជួញដូរ ការចែកចាយនិងការប្រើប្រាស់គ្រឿងញៀន ដោយទទួលបានលទ្ធផលល្អប្រសើរ ជាបន្តបន្ទាប់។

ឯកឧត្តម សុខ លូ ក៏បានធ្វើការវាយតម្លៃ និងកត់សម្គាល់ពីអត្រានៃអ្នកដែលកំពុងតែជាប់ពន្ធនាគារខេត្ត ដែលភាគច្រើនគឺដោយសារគ្រឿងញៀន។ ក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានកត់សម្គាល់ផងដែរថា៖នៅបាត់ដំបងមានការថយចុះជាបន្តបន្ទាប់…ដែលនេះក៏វាបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងការបង្រ្កាបពីអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងផងដែរ។

ឯកឧត្តម សុខ លូ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ក្មួយៗយុវជន សិស្ស និស្សិត ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀនគឺវាបានបំផ្លាញអនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារនិងសង្គមជាតិ ៕

អ៊ុក សំអាន បប

ads banner